រឿង​ទាំង ៦ដែល​ការសិក្សា​នៅក្រៅ​ប្រទេស​ នឹង​ជះឥទ្ធិពល​មកលើ​ជីវិត​អ្នក​​



​ ​លោក Nelson Mandela លើក​ឡើង​ថា​ ការសិក្សារ​គឺជា​អាវុធ​ដ៏​មាន​អានុភាព​ដែល​អាច​ប្រើប្រាស់​ដើម្បី​ផ្លាស់ប្តូរ ពិភពលោក​បាន​។ ដើម្បី​អាច​ផ្លាស់ប្តូរ​ពិភពលោក​បាន ជាដំបូង​យើង​ត្រូវ​ផ្លាស់ប្តូរ​ខ្លួនឯង​ជាមុនសិន​។ ជា​ពិតណាស់ ការសិក្សា​ក្នុងប្រទេស​គឺជា​ការសំខាន់​មួយ​ក្នុងការ​ផ្លាស់ប្តូរ​ផ្នត់គំនិត និងកសាង​សមត្ថភាព​។ ក៏ប៉ុន្តែ​យើង​នឹង មានការ​ផ្លាស់ប្តូរ​កាន់​តែ​ប្រសើរ​នៅពេលដែល​យើង​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​។

ខាងក្រោម​នេះ​គឺជា​រឿង​ទាំង ៦ ដែល​ការសិក្សា​នៅក្រៅ​ប្រទេស ​នឹង​ជះឥទ្ធិពល​មកលើ​ជីវិត​អ្នក​៖

១) ទស្សនវិស័យ​របស់​អ្នក​នឹងមាន​លក្ខណៈ​ជាស​កល​ ​ជាការ​ពិតណាស់ ពាក់ព័ន្ធ​នឹង​ការសិក្សា​នៅក្រៅ​ប្រទេស យើង​មិន​ត្រឹមតែ​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ​ពី​សាស្ត្រាចារ្យ​បរទេស​នោះទេ ប៉ុន្តែ​យើង​ថែមទាំង​បាន​ជួប​នូវ​មិត្តភក្តិ​ថ្មីៗ​ដែល​មកពី​គ្រប់​ទីកន្លែង​នៃ​ពិភពលោក​។ ការណ៍​នេះហើយ ​ដែលនាំឱ្យ​យើង​បាន​ស្វែងយល់​ពី​វប្បធម៌​-​អរិយធម៌​នៃ​បណ្តា​ប្រទេស​នានា ព្រមទាំង​ទស្សនទាន​ផ្សេងៗ​គ្នា​របស់​មិត្តភក្តិ​ទាំងនោះ​។

២. ឥរិយាបថ​របស់​អ្នកនឹង​ស្ថិតក្នុង​កម្រិតស្តង់ដារ​អន្តរជាតិ​ ​ទម្រង់​នៃ​ឥរិយាបថ​របស់​មនុស្ស​ម្នាក់ៗ​ គឺ​អាស្រ័យទៅលើ​ទំនៀម​​ទម្លាប់​ និង បរិយាកាស​ជុំវិញខ្លួន​។ តួយ៉ាង ឥរិយាបថ​នៃ​ជនជាតិខ្មែរ​យើង​ គឺមាន​លក្ខណៈ​ទន់ភ្លន់ តែ​រឹងមាំ​។ ចំណែកឯ​ឥរិយាបថ​របស់​ជនជាតិ ជប៉ុន​គឺ​ម៉ឺងម៉ាត់ ហើយ​ឥរិយាបថ​របស់​ជនជាតិ​នៃ​សហគមន៍​អឺរ៉ុប​គឺ​សេរី តែ​ច្បាស់លាស់​។ ដូច្នេះហើយ នៅពេល យើង​សិក្សា​នៅក្រៅ​ប្រទេស នោះ​យើង​នឹង​រៀនសូត្រ​ពី​ឥរិយាបថ​ផ្សេងៗ​គ្នា​ទាំងនោះ ដែលនាំឱ្យ​យើង​អាច សម្រប​ខ្លួន​បាន​ក្នុង​បរិបទ​អន្តរជាតិ​។

៣. ក្នុង​ករណីខ្លះ ជំនាញ​ភាសា​របស់​អ្នកនឹង​ឈានដល់​កម្រិត​ខ្ពស់​ ​ដូចដែល​យើង​បានដឹង​ស្រាប់​ហើយ​ថា ភាសា​គឺជា​យាន​ក្នុងការ​សិក្សា​នៅក្រៅ​ប្រទេស​។ កម្មវិធីសិក្សា នីមួយៗ ទាមទារ​ឱ្យ​អ្នកមានចំណេះដឹង​ផ្នែក​ភាសា​កម្រិត​បង្គួរ ទៅ​ខ្ពស់ ដូចជា​ភាសា​អង់គ្លេស បារាំង អាឡឺម៉ង់ ចិន កូរ៉េ ជប៉ុន​។​ល​។ ការសិក្សា​ជំនាញ​ឯកទេស ដែល​តម្រូវឱ្យ​ប្រើប្រាស់​ភា​សា​ណាមួយ​ជា​គោល​នោះ នឹង​នាំឱ្យ​អ្នក​អាចមាន​ឱកាស​ពង្រឹង​ភាសា​មួយ​នោះ​ជា​រៀងរាល់ថ្ងៃ​។ ជា​លទ្ធផល អ្នកនឹង​មាន​ភាព​ស្ទាត់ជំនាញ នៅក្នុង​ភាសា​នោះ ហើយ​អ្នកនឹង​អាច​ប្រើប្រាស់​វា​ក្នុង​កម្រិត​ខ្ពស់​បាន​។

៤. ពាក្យសុំ​ធ្វើការ​របស់​អ្នកនឹង​មាន​ភាព​ទាក់ទាញ​ ​ជាការ​ពិតណាស់ សញ្ញាបត្រ​ដែល​ទទួលបាន​ពី​ក្រៅប្រទេស មិន​ត្រឹមតែ​បង្ហាញ​អំពី​ការអប់រំ​ដែលមាន ស្តង់ដារ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​បង្ហាញឱ្យឃើញថា​អ្នក​កាន់​សញ្ញាបត្រ​នេះ​គឺ​ធនធាន​មួយ​ដែល​បាន យល់ដឹង​ពី​បរិបទ​សង្គម និង វប្បធម៌​នានា​នៃ​បណ្តា​ប្រទេស​ទាំងឡាយ​នៅលើ​ពិភពលោក​។ ហើយ​បច្ចុប្បន្ន ពិភពលោក​គឺ​បាននិងកំពុង​ស្ថិតក្នុង​បរិបទ​នៃ​សកលភាវូបនីយកម្ម ដែល​ធនធានមនុស្ស​នៃ​ប្រទេសមួយ​ចាំបាច់ ត្រូវ​យល់ដឹង​ពី​សង្គម និង វប្បធម៌​នៃ​ប្រទេស​ផ្សេងៗ ដើម្បី​អាច​ជំរុញឱ្យមាន​សកម្មភាព​ពាណិជ្ជកម្ម​ជា​អន្តរជាតិ និង ចូលរួម​អភិ​វ​ឌ្ឃ​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ពិភពលោក​។ ដូច្នេះហើយ សញ្ញាបត្រ​ក្រៅប្រទេស​របស់​អ្នកនឹង​ទាញ ចំណាប់អារម្មណ៍​ពី​សំណាក់​ក្រុមហ៊ុន ក៏ដូចជា​ស្ថាប័ន​នានា​។

៥. អ្នក​នឹងមាន​មិត្តភក្តិ​ថ្មីៗ​ដែល​អាចមាន​ទំនាក់ទំនង​យូរអង្វែង​ ​ដូចដែល​បាន​រៀបរាប់​ពី​ខាងដើម អ្នកនឹង​បាន​ជួប​នូវ​មិត្តភក្តិ​ថ្មីៗ​ជាច្រើន​ដែល​មកពី​បណ្តា​ប្រទេស​នៅលើ ពិភពលោក​។ គ្រានោះ​ហើយ អ្នកនឹង​បាន​ស្គាល់​ពួកគេ​យ៉ាង​ជិតស្និត​។ ហើយ​ថា​មិនបាន មិត្តភក្តិ​ណាមួយ​ក្នុង ចំណោម​ពួកគេ​ទាំងនោះ​អាច​នឹង​ក្លាយជា​មិត្តភក្តិ​ជិតស្និត ដៃគូរ​ពាណិជ្ជកម្ម ឬក៏​ដៃគូរ​ជីវិត​របស់​អ្នក​ដែល​នឹង មាន​ទំនាក់ទំនង​យូរអង្វែង​ផងដែរ​។​

៦. អ្នកនឹង​បង្កើត​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន​ ​យើង​ម្នាក់ៗ​តែងតែមាន​អនុស្សាវរីយ៍​ជាមួយ​មិត្តភក្តិ​របស់ខ្លួន​កាលពី​នៅ​ជា​សិស្ស ឬ​និស្សិត​មហាវិទ្យាល័យ ដែល​អនុស្សាវរីយ៍​ខ្លះ​ដិតដាម​ជាប់​ក្នុងការ​ចងចាំ​របស់​យើង​ជា​រៀងរហូត​។ មិន​ខុសគ្នា​ឡើយ នៅពេលដែល​អ្នក កំពុង​សិក្សា​ក្រៅប្រទេស អ្នកនឹង​បង្កើត​នូវ​អនុស្សាវរីយ៍​ជាច្រើន​ជាមួយ​មិត្តភក្តិ​ថ្មីៗ ដែល​មកពី​ប្រទេស​នានា​។ អ្នកនឹង​ចងចាំ​អនុស្សាវរីយ៍​ទាំងនោះ​ជា​រៀងរហូត​៕ ​

X
5s