សួរ​ខ្លួន​ឯង​នូវ​សំនួរ​ទាំងនេះ​ ​​នឹង​ជួយ​ឲ្យ​អ្នក​អាច​រក​កន្លែង​ដ៏​ល្អ​សម្រាប់​រៀន ​រៀន​អ្វី​​ក៏​ចេះ​!​



ទីកន្លែង​សិក្សា​ល្អ គឺ​ជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ការ​កំណត់​ទៅលើ​ប្រសិទ្ធភាព​ការ​សិក្សា​របស់​អ្នក។ ដំណើរការណ៍​នៃ​ការ​ស្រូប​យក​ចំណេះដឹង ចាំបាច់​ទាមទារ​ការ​ផ្ចង់​អារម្មណ៍ ប្រមូល​អារម្មណ៍​ឲ្យ​មូល ដើម្បី​ឲ្យ​គំនិត​របស់​អ្នក​ហូរ​មក​ជា​ខ្សែ មាន​របៀបរៀបរយ​តាម​ដំណាក់ៗ មិន​រញ៉េរញ៉ៃ មាន​ភាព​ច្របូកច្របល់​វិលវល់ ប្រាសចាក​ពី​ប្រធានបទ​ដែល​កំពុង​ផ្ដោត​លើ​នោះ​ឡើយ។

ដើម្បី​អាច​ទទួល​លទ្ធផល​បែប​នេះ​បាន ពិត​ណាស់​ថា​អ្នក​ចាំបាច់​ត្រូវ​ការ​បរិយាកាស​ស្ងប់ស្ងាត់ ដែល​ផ្ដល់​អារម្មណ៍​ធូរស្រាល និង​បើក​ឱកាស​ឲ្យ​គំនិត​ល្អៗ​ទាំងឡាយ​ហូរ​មក​ប្រៀប​បាន​នឹង​ខ្សែ​ទឹក ព្រម​ទាំង​យល់​បាន​យ៉ាង​សីុជម្រៅ​ពី​អ្វី​ដែល​អ្នក​កំពុង​សិក្សា។ ដោយសារ​ទីកន្លែង​សិក្សា​មាន​សារៈសំខាន់​សម្រាប់​ប្រសិទ្ធភាព​នៃ​ការ​សិក្សា​របស់​អ្នក​បែប​នេះ ដូច្នេះ​ថា​តើ​ទីកន្លែង​សិក្សា​របស់​អ្នក​អាច​ធ្វើ​ឲ្យ​អ្នក​ឆ្លើយ​យល់​ស្រប​ចំពោះ​សំណួរ​ដូច​ដែល​បាន​សួរ​ខាងក្រោម​នេះ​ទេ ?

១) «តើ​ទីកន្លែង​សិក្សា​របស់​អ្នក​បញ្ចៀស​អ្នក​ពី​ការ​រំខាន​ដែរ​ទេ» ? និង​«តើ​ការ​ហាមប្រាម​មិន​ឲ្យ​និយាយ​ទូរស័ព្ទ និង​ជជែក​គ្នា​លឺៗ​ត្រូវ​បាន​អនុវត្ត​ចេញ​ពី​ស្មារតី​ភ្ញាក់​រលឹក​របស់​បុគ្គល​ម្នាក់ៗ​នៅ​ទីកន្លែង​សិក្សា​នោះ​ដែរ​ទេ» ?

២) «តើ​ទីកន្លែង​សិក្សា​នោះ​ផ្ដល់​សម្ភារៈ​សម្រាប់​ជា​ជំនួយ​ដល់​ការ​សិក្សា ក៏​ដូចជា​ការ​ស្រាវជ្រាវ​បន្ថែម​របស់​អ្នក​ដែរ​ឬ​ទេ» ? «តើ​អ្នក​តែង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ឯកសារ​ជំនួយ​សម្រាប់​ប្រើ​ការ​ក្នុង​គោលដៅ​កិច្ចការ​សំខាន់ៗ​របស់​អ្នក​ដែរ​ទេ» ?

៣) «តើ​ទីកន្លែង​សិក្សា​នោះ​មាន​ទីធ្លា​ទូលំទូលាយ​គ្រប់គ្រាន់​សម្រាប់​អ្នក​ទុក​ដាក់​អីវ៉ាន់​ដែល​ត្រូវ​ប្រើប្រាស់​នៅ​លើ​តុ ព្រម​ទាំង​សរសេរ​អត្ថបទ​កិច្ចការ​ផ្សេងៗ​បាន​សមរម្យ​ដែរ​ទេ» ?

៤) «តើ​ពន្លឺ​មាន​គ្រប់គ្រាន់​សម្រាប់​ឲ្យ​អ្នក​មើល​អក្សរ​បាន​ងាយស្រួល ដោយ​មិន​ចាំបាច់​ត្រូវ​ខំ​ប្រឹង​សម្លឹង​មើល​ទេ» ?

៥) តាម​ធម្មតា អាកាសធាតុ​ក្ដៅ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ងងុយ​គេង ចំណែក​ឯ​អាកាសធាតុ​ត្រជាក់​ពេក​នឹង​ធ្វើ​ឲ្យ​ការ​គិត​របស់​អ្នក​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ដំណើរការណ៍​យឺត និង​មិន​ច្បាស់លាស់។ ដូច្នេះ «តើ​អាកាសធាតុ​នៅ​ទីនោះ​ផ្ដល់​អារម្មណ៍​ស្រស់ថ្លា​ដល់​អារម្មណ៍​អ្នក ក្នុង​ការ​ប្រមូល​អារម្មណ៍​ផ្ដោត​លើ​កិច្ចការ​របស់​អ្នក​ដែរ​ទេ» ?

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖howtostudy

X
5s