ប្រធានប្រតិបត្តិការ Goldman Sachs លាឈប់ដើម្បីក្លាយជាទីប្រឹក្សាសេដ្ឋកិច្ច Trump តែបានយ៉ាងតិច ១០០លានដុល្លារ
អតីតប្រធានប្រតិបត្តិការ (COO) របស់ក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំមួយនៅអាមេរិកគឺ Goldman Sachs លោក Gary Cohnនឹងទទួលបានកញ្ចប់ថវិកាលាឈប់រួមទាំងប្រាក់រង្វាន់និងប្រាក់ពីការវិនិយោគពីក្រុមហ៊ុនយ៉ាងហោចណាស់ ១០០លានដុល្លារ ដោយលោកសម្រេចចិត្តមកជួយការងារប្រធានាធិបតីថ្មី លោកត្រាំ។
លោក Cohn បានថ្លែងឱ្យសារព័ត៌មានអន្តរជាតិដឹងថា លោកសម្រេចចិត្តចាកចេញពីក្រុមហ៊ុនដើម្បីក្លាយជាទីប្រឹក្សា សេដ្ឋកិច្ចរបស់សេតវិមាន ហើយលោកត្រូវបង្ខំចិត្តដើម្បីយកភាគហ៊ុននៅក្រុមហ៊ុន Goldman ជៀសវាងមានបញ្ហាទំនាស់ផលប្រយោជន៍ណាមួយកើតឡើងក្រោយពីកាន់តំណែងថ្មី។
សូមបញ្ជាក់ថា លោក Cohn បានបំពេញការងាររយៈពេល ២៦ឆ្នាំនៅ Goldman Sachs ហើយលោកមានតួនាទីធំលំដាប់ទីពីរបន្ទាប់ពីនាយកប្រតិបត្តិលោក Lloyd Blankfein។ លោកនឹងក្លាយជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិដែលមានតួនាទីប្រឹក្សាដល់លោកត្រាំ លើបញ្ហាសេដ្ឋកិច្ចនៅអាមេរិក និងគោលនយោបាយសេដ្ឋកិច្ចសកល៕