​​​លក្ខណៈ​ពិសេស​៤​យ៉ាង​របស់​ប្រទេស​ស៊ុយអែត ដែល​​អ្នក​គួរ​រៀន​សូត្រ​តាម​



ប្រទេស​ស៊ុយអែត គឺ​ជា​ប្រទេស​មួយ​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​នៃ​អឺរ៉ុប ជាមួយ​នឹង​ផ្ទៃដី​សរុប​ចំនួន​៤៥០,២៩៥​គីឡូម៉ែត្រ​ការ៉េ និង​មាន​ចំនួន​ប្រជាជន​សរុប​គិត​ត្រឹម​ចុង​ខែ​មករា​ឆ្នាំ​២០១៧ ចំនួន​១០,០០៥,៦០០​នាក់។ តើ​ប្រទេស​ស៊ុយអែត​មាន​ភាព​អស្ចារ្យ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​មាន​មោទនភាព​ចំពោះ​ប្រទេស​របស់​ខ្លួន ?

១) វា​ជា​តំបន់​មួយ​ដែល​អំណោយផល​ដល់​ការ​ធ្វើ​ជំនួញ៖ យោង​តាម​តារាង​ប្រចាំ​ឆ្នាំ​នៃ​ប្រទេស​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ធ្វើ​ជំនួញ​របស់Forbes (Forbes’ annual list of the Best Countries for Business) ប្រទេស​ស៊ុយអែត​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​លំដាប់​កំពូល​ក្នុង​ចំណោម​១៣៩​ប្រទេស បើ​ប្រៀប​ទៅ​នឹង​មហាអំណាច​ពិភពលោក​អាមេរិក ស្ថិត​នៅ​ត្រឹម​លំដាប់​ទី​២៣​ប៉ុណ្ណោះ។ កាល​ពី​១០​ឆ្នាំ​មុន ប្រទេស​ដ៏​ល្អ​បំផុត​នាំ​មុខ​ទី​១​សម្រាប់​ការ​ធ្វើ​ជំនួញ​មួយ​នេះ ស្ថិត​នៅ​ត្រឹម​លំដាប់​ទី​១៧​ឯណោះ។ កន្លង​ពីរ​ទសវត្ស​មុន ពួកគេ​ក៏​បាន​ឆ្លងកាត់​នូវ​ការ​ផ្លាស់ប្ដូរ​ដោយ​ដក​ថយ​នូវ​អំណាច​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ទៅលើ​មុខ​ជំនួញ​ក្រុមហ៊ុន និង​កាត់បន្ថយ​នូវ​ប្រាក់​រដ្ឋ​មួយ​ចំនួន​ដែល​ត្រូវ​ចំណាយ​លើ​សុខុមាលភាព​របស់​ប្រជារាស្ត្រ។ ស៊ុយអែត​ក៏​ជា​ប្រទេស​មួយ​នាំ​មុខ​ឲ្យ​បច្ចេកវិទ្យា​ច្នៃប្រឌិត ដូច​មាន​ជា​តឹកតាង​នូវ​ក្រុមហ៊ុន​ល្បី​ឈ្មោះ​ជា​ច្រើន​ដូចជា Volvo, Electrolux, Ericsson, IKEA និង H&Mជា​ដើម។

២) ការ​ប្រកួតប្រជែង​ជា​សកល៖ តាម​ការ​ចេញ​ផ្សាយ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (The World Economic Forum) ទៅលើ​សន្ទស្សន៍​នៃ​ការ​ប្រកួតប្រជែង​ជា​សកល (Global Competitiveness Index) ដែល​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ ប្រទេស​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ដោយ​ស្ថិត​ក្នុង​លំដាប់​ទី​៦​ដែរ ជាមួយ​នឹង​សន្ទុះ​នៃ​ការ​កើន​ឡើង​មាន​ដល់​ទៅ​៣.៧%​នា​ឆ្នាំ​២០១៦។ ម្យ៉ាងទៀត​ក៏​ជា​ភាព​អស្ចារ្យ​របស់​ប្រទេស​ដែរ ដែល​បាន​ប្រឹងប្រែង​ទៅលើ​ការ​កាត់​បន្ថយ​ឱនភាព​រហូត​ធ្លាក់​ចុះ​អស់​៣០​លេខ​មក​នៅ​ត្រឹម​លំដាប់​ទី​២២​ក្នុង​ឆ្នាំ​២០១៥។ រីឯ​ទីផ្សារ​កម្លាំង​ពលកម្ម​របស់​ស៊ុយអែត​បាន​បំពេញ​ដំណើរការណ៍​ទៅ​យ៉ាង​មាន​ប្រសិទ្ធភាព រហូត​អាច​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​អត្រា​អ្នក​មាន​ការងារ​ធ្វើ​ខ្ពស់ ព្រម​ទាំង​កម្រិត​នៃ​ការ​ចូលរួម​ពី​ស្ត្រី​ក្នុង​កម្លាំង​ពលកម្ម​ក៏​ខ្ពស់​ផង​ដែរ។

៣) មាន​កម្រិត​នៃ​អំពើ​ពុករលួយ​ទាប៖ ជា​កិត្តិសព្ទ​ដ៏​គួរ​ឲ្យ​ស្ងើច​សរសើរ​របស់​ប្រទេស ស៊ុយអែត​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ពុករលួយ​រហូត​អាច​ស្ថិត​ក្នុង​លំដាប់​ទី​៤​ក្នុង​សន្ទស្សន៍​អំពើ​ពុករលួយ​នៃ​តម្លាភាព​អន្តរជាតិ​នា​ពេល​ថ្មីៗ​នេះ (Transparency International's latest Corruption Perceptions Index) ក្នុង​ចំណោម​ការ​វាស់​ស្ទង់​ទៅលើ​១៨៦​ប្រទេស​ក្នុង​សកល​លោក។

៤) មាន​លិខិត​ឆ្លងដែន​ដែល​មាន​អំណាច៖ អំណាច​នៃ​លិខិត​ឆ្លងដែន​ត្រូវ​បាន​កំណត់​ដោយ​ផ្អែក​ទៅលើ​ថា​តើ​ប្រទេស​មួយ​អាច​ចូល​ទៅ​កាន់​ប្រទេស​ដទៃៗ​ទៀត​ដោយ​មិន​ស្ថិត​នៅ​ក្រោម​ការ​កំណត់​របស់​ច្បាប់​បាន​ប៉ុន្មាន​ប្រទេស ឬ​និយាយ​យ៉ាង​សាមញ្ញ​គឺ​ជា​ការ​ចូល​ទៅ​កាន់​ប្រទេស​ដទៃ​ដោយ​មិន​ទាមទារ​នូវ​ការ​សុំ​បែបបទ​ទិដ្ឋាការ (visa)។ តាម​ការ​ចាត់​លំដាប់​ថ្នាក់​របស់Henley & Partners បាន​បង្ហាញ​ថា ប្រទេស​ស៊ុយអែត​គឺ​ជា​ប្រទេស​ដែល​មាន​លិខិត​ឆ្លងដែន​មាន​អំណាច​បំផុត​ស្ថិត​ក្នុង​លំដាប់​ទី​២ ជា​ចំណាត់ថ្នាក់​ដែល​នៅ​ចាញ់​ប្រទេស​អាល្លឺម៉ង់​មួយ​លំដាប់។ ទោះ​ជា​ប្រជាជន​អាល្លឺម៉ង់​អាច​ចូល​ទៅ​កាន់​១៧៧​ប្រទេស​ដោយ​មិន​ចាំបាច់​សុំ​បែបបទ​ទិដ្ឋាការ ប្រជាជន​ស៊ុយអែត​ចាញ់​អាល្លឺម៉ង់​ត្រឹម​តែ​១​ប្រទេស​តែ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រទេស​ដែល​អាច​ទៅ​រួច​ចំនួន​២១៨​ប្រទេស៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ worldeconomicforum

X
5s