មហាសេដ្ឋី George Soros បាត់លុយអស់ ១ពាន់លានដុល្លារ បន្ទាប់ពី Trump ឈ្នះឆ្នោត
មហាសេដ្ឋី និងជាអ្នកវិនិយោគដ៏ល្បីឈ្មោះលោក George Soros បានខាតបង់ទឹកប្រាក់អស់ប្រមាណ ១ពាន់លានដុល្លារបន្ទាប់ពីលោក Trump ឈ្នះឆ្នោតមក។ នេះបើយោងតាមសេចក្ដីរាយការណ៍ The Wall Street Journal។
លោក George Soros ត្រូវបានគេដឹងថា ជាអ្នកជួយគាំទ្រដល់យុទ្ធនាការនៃការបោះឆ្នោតរបស់លោកស្រី Hillary Clinton ហើយលោកក៏ជាអ្នករិះគន់ Trump ឥតសំចៃមាត់ផងដែរ។ លោកធ្លាប់លើកឡើងថា បើថ្ងៃណាមួយ Trump ឡើងកាន់អំណាច នឹងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យមានបញ្ហា។
លោក George Soros គឺជាមហាសេដ្ឋីពាណិជ្ជកម្មអាមេរិក សញ្ជាតិដើមហុងគ្រី លោកគឺជាស្ថាបនិក និង ជាប្រធានក្រុមហ៊ុនវិនិយោគហិរញ្ញវត្ថុ Soros Fund Management។ បច្ចុប្បន្នលោកមានសញ្ជាតិ ពីរ គឺ អាមេរិក និង ហុងគ្រី។ ឆ្នាំ ១៩៩២ លោកគឺជាមនុស្សម្នាក់គត់ដែលមានឈ្មោះថា បុគ្គលមានជាងគេបំផុតនៅលើផែនដី។ ប៉ុន្តែមកដល់ជិតពាក់កណ្តាលឆ្នាំ ២០១៦ នេះវិញលោកត្រូវបានគេហទំព័រ Forbes ចុះផ្សាយថាជាអ្នកមានជាងគេនៅលើពិភពលោកក្នុងចំណាត់ថ្នាក់លេខ ២៣ វិញជាមួយទ្រព្យសម្បត្តិ ២៤,៩ ពាន់លានដុល្លារ។
ក្នុងយុទ្ធនាការនៃការបោះឆ្នោតនោះ លោកបានចំណាយលុយរាប់រយលានដុល្លារក្នុងជួយគាំទ្រដល់លោកស្រី Hillary Clinton។ ដោយលោក និងក្រុមការងារគិតថា ទីផ្សារភាគហ៊ុននឹងធ្លាក់ចុះបន្ទាប់ពីលោក Trump ឈ្នះឆ្នោតលោកមានអារម្មណ៍ភ័យខ្លាច ប៉ុន្តែអ្វីៗបែរជាផ្ទុយស្រឡះទៅវិញ ពោលគឺទីផ្សារភាគហ៊ុនមានការកើនឡើងបន្ទាប់ពីការបោះឆ្នោត៕