ចំណុចសំខាន់ៗ៤យ៉ាង ដែលអ្នកគួរយល់ដឹងពីសហភាពអឺរ៉ុប
ក្រោយពីសោកនាដកម្មដែលបំផ្លាញដល់មនុស្សជាតិនៅទូទាំងពិភពលោកទាំងជីវិតមនុស្ស និងសេដ្ឋកិច្ចយ៉ាងសាហាវព្រៃផ្សៃ ក៏មានការផ្ដួចផ្ដើមបង្កើតសហភាពអឺរ៉ុប European Union (EU) ក្នុងគោលបំណងទប់ស្កាត់ការផ្ទុះឡើងនូវសង្គ្រាមដ៏ឃោរឃៅបែបនោះម្ដងទៀត និងបង្រួបបង្រួមភាពជាមិត្តឡើងវិញក្នុងចំណោមប្រទេសជាសមាជិកអឺរ៉ុបទាំងឡាយ ជាពិសេសប្រទេសបារាំង និងអាល្លឺម៉ង់។ ទោះជាយ៉ាងណា មានចំណុចដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនអំពីសហគមន៍អឺរ៉ុបដែលមានសមាជិកចំនួន២៨ប្រទេសមួយនេះ ដែលអ្នកប្រហែលជាមិនធ្លាប់បានដឹងនៅឡើយ។ តើចំណុចអ្វីខ្លះដែលចាំបាច់ឲ្យអ្នកយល់ដឹងពីសហគមន៍មួយនេះ ?
១) តើអ្វីជាសហគមន៍អឺរ៉ុប ? ៖ សហភាពអឺរ៉ុបមានដើមកំណើតចេញពីសហគមន៍សេដ្ឋកិច្ចអឺរ៉ុប The European Economic Community (EEC) នៅក្នុងឆ្នាំ១៩៥៧ ដោយប្រទេសជាស្ថាបនិកចំនួន៦មាន បែលហ្សិក បារាំង អ៊ីតាលី លុចហ្សំបួរ ហូឡង់ និងអាល្លឺម៉ង់ខាងលិច ក្នុងគោលបំណងដកចេញនូវរបាំងពាណិជ្ជកម្ម និងបង្កើតនូវទីផ្សារសេដ្ឋកិច្ចតែមួយរវាងប្រទេសជាសមាជិកទាំងអស់។ រហូតដល់ក្នុងទសវត្សឆ្នាំ១៩៩០ ទើបការផ្លាស់ប្ដូរជាឈ្មោះសហភពអឺរ៉ុបបានចាប់ផ្ដើមមានឡើង និងមានការចូលរួមជាបន្តបន្ទាប់ពីប្រទេសជាច្រើននៃប៉ែកអឺរ៉ុប ដែលបច្ចុប្បន្នមានប្រទេសចំនួន២៨ជាសមាជិក រួមបញ្ចូលទាំងចក្រភពអង់គ្លេសដែលបានបោះឆ្នោតស្នើសុំចាកចេញពីសហគមន៍កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំទៅមិញនេះ។
២) ឫសគល់នៃការបង្កើតសហភាពអឺរ៉ុបកើតឡើងមកពីការប្ដេជ្ញាចិត្តចំពោះភាពចុះសម្រុងគ្នា៖ ក្រោយពីការបញ្ចប់ទៅនៃសង្គ្រាមលោកលើកទី២ភ្លាម នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៥០ ប្រទេសដែលជាអ្នកផ្ដួចផ្ដើមទាំង៦ បានចុះកិច្ចព្រមព្រៀងជាសេចក្ដីប្រកាសមួយដែលមានឈ្មោះថា Schuman Declaration ជាការតំណាងឲ្យការរួមបញ្ចូលប្រយោជន៍តែមួយនូវសេដ្ឋកិច្ចរបស់សមាជិកសហគមន៍អឺរ៉ុបទាំងមូល។ គួរបញ្ជាក់ផងដែរថា ផ្នែកនៃរាងកាយដ៏សំខាន់ទាំង៥ដែលដំណើរការណ៍សហភាពអឺរ៉ុបមាន សភារបស់អឺរ៉ុប ក្រុមប្រឹក្សានៃសហគមន៍ គណៈកម្មាធិការរបស់អឺរ៉ុប តុលាការយុត្តិធម៌ និងតុលាការសវនករ។
៣) សហភាពអឺរ៉ុបធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាព៖ សហគមន៍មួយដែលមិនត្រឹមតែបានបំពេញតួនាទីរបស់ខ្លួនបានល្អស្របតាមចក្ខុវិស័យរបស់ខ្លួនដូចជា ការសាងឡើងនូវភាពជាប្រជាពលរដ្ឋរបស់អឺរ៉ុប ការធានានូវសេរីភាព ភាពយុត្តិធម៌ និងសន្តិសុខ ការជំរុញនូវដំណើរការណ៍សេដ្ឋកិច្ចនិងសង្គម និងការបង្ហាញពីអំណាចនៃតួនាទីរបស់អឺរ៉ុបទៅកាន់ពិភពលោកនោះទេ ប៉ុន្តែនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ សហភាពមួយនេះ ថែមទាំងបានទទួលពានរង្វាន់ណូបែលសន្តិភាព សម្រាប់ការរួមចំណែកជំរុញនូវសន្តិភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងអឺរ៉ុបផងដែរ។ រីឯការផ្ដួចផ្ដើមបង្កើតរូបិយប័ណ្ណរួមនៃប្រាក់អឺរ៉ូរបស់ប្រទេសជាសមាជិកសហគមន៍អឺរ៉ុបទាំងឡាយ ក៏បានកើតមាននាពេលនោះដែរ។
៤) ប្រទេសបារាំងធ្លាប់បានជំទាស់ចំពោះការស្នើសុំចូលជាសមាជិករបស់ចក្រភពអង់គ្លេសចំនួនពីរលើក៖ ចក្រភពអង់គ្លេសបានដាក់ស្នើសុំចូលជាសមាជិក តាំងពីសហភាពនៅជាឈ្មោះសហគមន៍សេដ្ឋកិច្ចអឺរ៉ុបនៅឡើយ។ ប្រទេសបារាំងដែលនៅពេលនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ឆាល ដឺហ្គោល ការស្នើសុំរបស់ចក្រភពអង់គ្លេសត្រូវបានបដិសេធពីរដងពីបារាំង ម្ដងក្នុងឆ្នាំ១៩៦៣ និងម្ដងទៀតនៅឆ្នាំ១៩៦៧ ជាមួយនឹងមូលហេតុថាការចូលរួមរបស់ពួកគេនឹងរំខានដល់សហគមន៍ទាំងមូល បើទោះជាគ្រប់សមាជិកជាប្រទេសផ្សេងទៀតបានអនុញ្ញាតក៏ដោយ។ ទាល់តែការដួលរលំនូវអំណាចរបស់អ្នកដឹកនាំរបស់បារាំងនេះ ទើបពួកគេបានចូលជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៧៣៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.edition.cnn.com & www.pbs.org