មហាសេដ្ឋីចិនលោក Jack Ma៖ «គោលការណ៍ពីរយ៉ាង ដែលធ្វើឲ្យមនុស្សជោគជ័យ»
មហាសេដ្ឋីលំដាប់កំពូលរបស់ចិនលោក Jack Maបាននិយាយថា លោកជឿជាក់លើគោលការណ៍សំខាន់ពីរយ៉ាងដែលធ្វើឲ្យមនុស្សជោគជ័យពោលគឺ«ទី១ឥរិយាបថរបស់អ្នកគឺសំខាន់ជាងសមត្ថភាពរបស់អ្នក ហើយការសម្រេចចិត្តរបស់អ្នកគឺក៏សំខាន់ជាងសមត្ថភាពរបស់អ្នកផងដែរ»។
លោក Jack Maបានលើកឡើងថា មនុស្សដែលលោកជួលមកធ្វើការដែលដំបូងគិតថា មិនសូវមានសមត្ថភាពនោះ គឺបច្ចុប្បន្នសុទ្ធតែមានតួនាទីជាន់ខ្ពស់នៅក្នុងក្រុមហ៊ុន ប៉ុន្តែបុគ្គលិកដែលលោកផ្ទាល់មើលឃើញពីសមត្ថភាពដ៏អស្ចារ្យនោះគឺសុទ្ធតែរត់ចោលនៅពេលមានបញ្ហាស្មុគស្មាញកើតឡើង។
ដូច្នេះហើយ សមត្ថភាពតែម្យ៉ាងគឺមិនគ្រប់គ្រាន់នោះទេ គឺអ្នកត្រូវមានឥរិយាបថល្អក្នុងការធ្វើការ មានការតស៊ូ និង មានភាពអំណត់មិនថា មានបញ្ហាអ្វីកើតឡើងនោះទេគឺត្រូវតែជម្នះឲ្យបាន។ ចំពោះការសម្រេចចិត្តវិញ គឺសំខាន់មិនចាញ់ឥរិយាបថនោះឡើយ ពោលគឺសំខាន់ជាង សមត្ថភាពទៅទៀត ព្រោះថា បើមានសមត្ថភាពល្អក៏ដោយតែបើខ្សោយខាងការសម្រេចនោះ មិនអាចធ្វើការធំបានឡើយ ព្រោះមិនហ៊ានអារកាត់៕
ដោយ៖ រតនា វិចិត្រ