មេរៀនដ៏មានតម្លៃ៤យ៉ាងអំពីភាពជោគជ័យពីអ្នកនិពន្ធដ៏ល្បីឈ្មោះ លោក Paulo Coelho
តើនរណាជាPaulo Coelho ? បើអ្នកធ្លាប់អានសៀវភៅមួយក្បាលដែលបានជាប់ឈ្មោះជាសៀវភៅមួយនៅក្នុងចំណោមសៀវភៅដែលលក់ដាច់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ព្រមទាំងបានបំបែកកំណត់ត្រាពិភពលោកGuinnessជាសៀវភៅដែលត្រូវបានគេបកប្រែជាភាសាផ្សេងទៀតបានច្រើនជាងគេ ដែលមានចំណងជើងថា «The Alchemist» នោះអ្នកនឹងស្គាល់ថាអ្នកនិពន្ធសញ្ជាតិប្រេស៊ីលដ៏ល្បីឈ្មោះម្នាក់នេះជានរណាហើយ។ ក្រៅពីមានកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺជុំវិញពិភពលោកហើយ តើមេរៀនអំពីភាពជោគជ័យអ្វីខ្លះដែលពួកយើងអាចរៀនសូត្រពីគាត់បាន ?
១) ត្រូវចងចាំពីក្ដីសុបិនរបស់អ្នក និងតស៊ូដើម្បីវា៖ Peter F. Drucker បាននិយាយថា "នៅរាល់រឿងរ៉ាវនៃភាពជោគជ័យទាំងឡាយ អ្នកនឹងរកឃើញថាបុគ្គលម្នាក់នោះបានធ្វើការសម្រេចចិត្តរបស់ខ្លួនប្រកបដោយភាពក្លាហាន"។ អ្នកចង់សម្រេចនូវក្ដីសុបិនរបស់ខ្លួន ប៉ុន្តែភាពភ័យខ្លាចហាក់បីដូចជាតាមលងបន្លាចអ្នក រាំងស្ទះអ្នកមិនឲ្យចេញទៅធ្វើអ្វីដែលបេះដូងរបស់អ្នកចង់បានយ៉ាងពិតប្រាកដ។ ដូច្នេះអ្នកសាកសួរខ្លួនឯងទៅមើល៍ថា តើភាពភ័យខ្លាចរបស់អ្នកសំខាន់ជាងការដេញតាមក្ដីសុបិនរបស់អ្នកឬ ? តាមពិតអ្នកនិពន្ធPaulo Coelhoក៏បានផ្ដល់គំនិតដែលថា "ចូរប្រាប់បេះដូងរបស់អ្នកទៅថា ភាពភ័យខ្លាចនូវការរងទុក្ខលំបាកវេទនា អាក្រក់ជាងទុក្ខលំបាកវេទនាជាក់ស្ដែងទៅទៀត។ ហើយក៏គ្មានបេះដូងណា ដែលរងទុក្ខលំបាកវេទនានៅពេលដេញតាមក្ដីសុបិនរបស់ខ្លួនដែរ"។
២) អ្នកលង់ទឹកមិនមែនដោយសារធ្លាក់ចូលទៅនោះទេ តែដោយសារអ្នកនៅឲ្យខ្លួនឯងលិចលង់នៅក្នុងនោះ៖ ចូរស្មោះត្រង់ជាមួយខ្លួនឯង ហើយឆ្លើយនឹងសំណួរថា តើអ្នកធ្លាប់បានអ្វីមកវិញ ឬកែប្រែអ្វីឲ្យល្អប្រសើរបានទេ នៅពេលអ្នកខ្វាយខ្វល់ ឬសោកស្ដាយចំពោះរឿងអតីតកាលដែលបានកន្លងហួសទៅហើយនោះ ? តាមពិតបើអ្នកនៅតែមានអារម្មណ៍មិនល្អចំពោះអតីតកាលរបស់ខ្លួន វាបញ្ជាក់ថាអ្នកមិនទាន់បានរៀនសូត្រអ្វីពីកំហុសឆ្គងរបស់ខ្លួនឯងនៅឡើយទេ ពុំនោះទេអ្នកនឹងស្ងប់សុខក្នុងចិត្ត ដោយទទួលបាននូវមេរៀនដ៏មានតម្លៃពីអតីតកាលខុសឆ្គងទាំងនោះ និងរង់ចាំប្រើប្រាស់វាដើម្បីកែប្រែបច្ចុប្បន្នកាល និងអនាគតកាលរបស់អ្នកឲ្យប្រសើរវិញ។
៣) មិនត្រូវភិតភ័យដោយសារការយល់ឃើញរបស់អ្នកដទៃចំពោះអ្នកនោះឡើយ៖ ពិតណាស់ថាជោគជ័យនឹងមិនក្លាយជារបស់អ្នកបានដោយងាយស្រួលនោះឡើយ ដែលមិនត្រឹមតែអ្នកត្រូវលះបង់ចោលភាពភ័យខ្លាចហើយដេញតាមក្ដីសុបិនរបស់ខ្លួនវិញប៉ុណ្ណោះទេ តែទាល់តែអ្នកត្រូវមានភាពក្លាហានប្រឈមមុខនឹងការរិះគន់ និងការមិនទទួលស្គាល់ពីមនុស្សជុំវិញខ្លួន បើទោះជាពួកគេជាមនុស្សសំខាន់របស់អ្នកក៏ដោយ។ បើមិនដូច្នោះទេ ដូចអតីតប្រធានាធិបតីប្រទេសអង់គ្លេស Winston Churchillពោលថា "អ្នកនឹងមិនទៅដល់គោលដៅរបស់អ្នកឡើយ បើអ្នករវល់តែរើសដុំថ្មគប់ដាក់ឆ្កែដែលព្រុសដាក់អ្នកនោះ"។
៤) ត្រូវមានភាពក្លាហាន ប្រឈមមុខនឹងគ្រោះថ្នាក់ ព្រោះគ្មានអ្វីដែលអាចជំនួសបទពិសោធន៍ជាក់ស្ដែងបានឡើយ៖ មនុស្សបរាជ័យភាគច្រើនមិនមែនមកពីពួកគេអសមត្ថភាព ខ្វះឱកាស ឬមិនមានចំណេះដឹងគ្រប់គ្រាន់នោះឡើយ តែដោយសារពួកគេមិនទាន់ព្យាយាមឡើងឲ្យផុតទៅដល់កំពូលភ្នំផង ពួកគេក៏បោះបង់មុនបាត់ទៅហើយ។ ជីវិតរបស់បុគ្គលប្រភេទនេះ គ្មានអ្វីក្រៅពីការរស់នៅមិនពេញលេញ ហើយក៏ស្លាប់ទៅវិញទាំងមិនអស់ចិត្ត ព្រោះតែមិនបានបំផុសភាពក្លាហានរបស់ខ្លួន ដើម្បីប្រឈមមុខនឹងគ្រោះថ្នាក់ទាំងឡាយ និងក្រេបរសជាតិបទពិសោធន៍ជីវិត មិនថារសជាតិផ្អែម ឬល្វីងនោះឡើយ។ ឯភាពអស្ចារ្យទាំងឡាយ គឺនៅលើកំពូលភ្នំនោះឯង៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ addicted2success