ស្របពេលដែលកាហ្វេបង្កើនប្រសិទ្ធភាពការងាររបស់អ្នក តើវាលួចបំផ្លាញអ្នកស្ងាត់ៗយ៉ាងដូចម្ដេច ?
សព្វវត្ថុទាំងឡាយនៅលើលោកនេះ សុទ្ធតែមានផ្នែកល្អ និងផ្នែកអាក្រក់របស់វារៀងៗខ្លួន ដូច្នេះដោយគ្រាន់តែប្រើប្រាស់ការយល់ឃើញរបស់អ្នក មកកំណត់ថាអ្វីមួយល្អ ឬអ្វីមួយនោះអាក្រក់ ការវាយតម្លៃរបស់អ្នកនឹងមិនអាចយកជាការបានថាត្រឹមត្រូវនោះឡើយ។ អ្វីដែលសំខាន់បំផុត គឺអាស្រ័យនៅលើវិធីដែលមនុស្សប្រើប្រាស់វត្ថុនោះ ទើបអាចកំណត់បានសម្រាប់បុគ្គលម្នាក់នោះថាវាល្អ ឬអាក្រក់។ របស់ល្អ បើមនុស្សប្រើឲ្យអាក្រក់ វានឹងទៅជារបស់អាក្រក់ហើយ គឺសាមញ្ញបែបនេះឯង។ តួយ៉ាងដូចជា ជាតិកាហ្វេអីុន ដែលមានការសិក្សាជាច្រើនជជែកគ្នាអំពីផលប្រយោជន៍ និងផលប៉ះពាល់របស់វាអស់រយៈកាលជាច្រើនឆ្នាំកន្លងមកហើយ។ បើដូច្នេះ ថាតើកាហ្វេមានផលប្រយោជន៍ និងផលប៉ះពាល់អ្វីខ្លះដល់អ្នកទទួលទានអស់ប្រមាណ១.៦ពាន់លានកែវជារៀងរាល់ថ្ងៃទូទាំងសកលលោក ?
- ផលប្រយោជន៍របស់កាហ្វេ៖ ធាតុផ្សំដ៏សំខាន់បំផុតមួយរបស់កាហ្វេ គឺជាសារធាតុកាហ្វេអីុន ដែលសុទ្ធតែមានប្រភពមកពីរុក្ខជាតិធម្មជាតិជាង៦០ប្រភេទដូចជា គ្រាប់កាហ្វេ ស្លឹកតែ គ្រាប់ពូជកាកាវ និងគ្រាប់ធញ្ញជាតិកូឡា។ នៅពេលកាហ្វេត្រូវបានទទួលទានក្នុងបរិមាណសមគួរចន្លោះពី២ទៅ៤កែវក្នុង១ថ្ងៃ ប្រហែលនឹង៣០០មីលីក្រាម អ្នកនឹងទទួលបានប្រយោជន៍ពីវា ដោយវាដើរតួជាកម្លាំងជំរុញមួយផ្ដល់ភាពសកម្មដល់មជ្ឈមណ្ឌលប្រព័ន្ធប្រសាទ ដែលជួយទប់ទល់នឹងការអស់កម្លាំងល្ហិតល្ហៃ និងបង្កើនការផ្ចង់អារម្មណ៍បានយ៉ាងមានប្រសិទ្ធភាពខ្ពស់រហូតដល់៦ម៉ោង ក្រោយពីទទួលយកជាតិកាហ្វេអីុន១៥នាទី នេះបើយោងតាម University of Michigan Health Service។
ប្រយោជន៍មិនបានផ្ដល់តែចំពោះខួរក្បាលរបស់អ្នកប៉ុណ្ណោះទេ តែថែមទាំងចំពោះសុខភាពរបស់អ្នកទៀតផង។ តាមរបាយការណ៍មួយពី Medical News Today កាហ្វេ៣កែវជារៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើមរហូតដល់៥០ភាគរយ ស្របពេលដែលការសិក្សាមួយទៀត បានអះអាងថា កាហ្វេ៤កែវក្នុង១ថ្ងៃ ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់ និងបំពង់កបានពាក់កណ្ដាលផងដែរ។ ឯការសិក្សារបស់ Harvard School of Public Health ក៏បានលើកឡើងពីការទទួលទានកាហ្វេចន្លោះពី២ទៅ៤កែវក្នុង១ថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការធ្វើអត្តឃាតខ្លួនរបស់មនុស្សវ័យជំទង់ ហើយការស្រាវជ្រាវមួយទៀត បាននិយាយពីកាហ្វេចំនួន២០០មីលីក្រាម អាចបង្កើនការចងចាំក្នុងរយៈពេលវែងបានផងដែរ។
- ផលប៉ះពាល់របស់កាហ្វេ៖ ងាកមកសម្លឹងមើលជ្រុងម្ខាងទៀតពីផលប៉ះពាល់នៃការទទួលទានកាហ្វេវិញ Mayo Clinicបានបង្ហាញថា ការទទួលយកជាតិកាហ្វេអីុនលើសកម្រិត ចន្លោះពី៥០០ទៅ៦០០មីលីក្រាមជាប្រចាំថ្ងៃ នឹងទាញយកចំណុចអវិជ្ជមានរបស់កាហ្វេមកវិញ ដូចជាបង្កឲ្យមានជំងឺគេងមិនលក់ ភាពភ័យតក់ស្លុត ឆាប់ខឹង ជំងឺក្រហាយក្រពះ ចង្វាក់បេះដូងលោតញាប់ និងសាច់ដុំញាប់ញ័រ។ យ៉ាងណាមិញ បើផ្អែកតាម Medical News Today សូម្បីតែកាហ្វេតែ៣០០មីលីក្រាមក៏ដោយ ចំពោះស្ត្រីមានផ្ទៃពោះ វានឹងបង្កើនហានិភ័យដល់ការថយចុះនៃទម្ងន់របស់ទារក។ ឯការស្រាវជ្រាវមួយទៀត បានអះអាងថាកាហ្វេ៤០០មីលីក្រាមរៀងរាល់ថ្ងៃ នឹងបង្កើនហានិភ័យដល់ការស្លាប់មុនអាយុ។
ទោះជាផ្អែកទៅតាមការស្រាវជ្រាវបានបង្ហាញបែបនេះក្ដី ក៏ឥទ្ធិពលនៃជាតិកាហ្វេអីុនមានផលប៉ះពាល់ខុសៗគ្នាអាស្រ័យទៅលើមនុស្សម្នាក់ៗ។ ឧទាហរណ៍ ចំពោះមនុស្សដែលមានភាពមិនប្រក្រតីដែលបណ្ដាលពីអារម្មណ៍ក្រហាយក្រហល់ នឹងឆាប់ទទួលរងឥទ្ធិពលនៃជាតិកាហ្វេអីុនជាងអ្នកធម្មតា ក្នុងនោះរួមទាំងអ្នកជក់បារីផងដែរ។ ផ្ទុយទៅវិញ ឥទ្ធិពលនឹងថយចុះមកវិញចំពោះទារក ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺថ្លើម។ ម្យ៉ាងទៀត ឥទ្ធិពលនេះក៏ជាប់ពាក់ព័ន្ធទៅនឹងលក្ខណៈហ្សែន និងរបៀបរស់នៅរបស់បុគ្គលម្នាក់ៗផងដែរ។ អ្នកខ្លះទោះជាទទួលយកជាតិកាហ្វេអីុនក្នុងកម្រិតទាបក៏ដោយ បើពួកគេមានបញ្ហាជាមួយការគេង ឬភាពតានតឹង ក៏ផលប៉ះពាល់មានខ្ពស់សម្រាប់ពួកគេដែរ។ សរុបមក ក្រោយពីទទួលដឹងពីផលប្រយោជន៍ និងផលប៉ះពាល់របស់កាហ្វេមានចំពោះអ្នកហើយ អ្នកនឹងអាចពិចារណាដោយខ្លួនឯងបានហើយ ថាតើគួរទទួលទានបែបណាទើបបញ្ចៀសខ្លួនឯងពីផល?