ហេតុផល​សំខាន់ៗ​៥​យ៉ាង​ ​ដែល​អ្នក​ត្រូវ​​​ចូលរួម​ការងារ​ស្ម័គ្រ​ចិត្ត​​ដើម្បី​សង្គម​!​​



ការងារ​ស្ម័គ្រ​ចិត្ត​ ​ជា​ការងារ​មួយ​ប្រភេទ​ដែល​​មាន​សារសំខាន់​ខ្លាំង​ណាស់​​នៅ​ក្នុង​សង្គម​ ​​ព្រោះ​ថា ​សង្គម​ពិត​​ជា​ត្រូវ​ការ​ការ​ចូលរួម​របស់​មនុស្ស​ជាច្រើន​ ​ដើម្បី​ធ្វើ​កិច្ចការ​ផ្សេងៗ​ដែល​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់គ្នា​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ​មនុស្ស​មួយ​ចំនួន​ហាក់ដូច​ជា ​មើល​រំលង​ពី​ការ​ចូលរួម​ក្នុង​ការងារ​ស្ម័គ្រ​ចិត្ត​​ដើម្បី​សង្គម ​ព្រោះ​វា​ជា​ការងារ​ដែល​មិន​ទទួល​បាន​ប្រាក់​កម្រៃ​។ ​​ថ្វីត្បិត​តែ​មិន​ទទួល​បាន​ប្រាក់​កម្រៃ​ក៏​ពិត​មែន ​ប៉ុន្តែ​សូម​កុំ​គិត​ថា វា​គ្មាន​ប្រយោជន៍​ឲ្យ​សោះ​សម្រាប់​ខ្លួន​អ្នក​ ​និង​ ​សង្គម​របស់​អ្នក​​។​​​ ​ខាងក្រោម​នេះ ជា​ហេតុ​ផល​សំខាន់ៗ​ដែល​អ្នក​គួរ​ចូលរួម​ស្ម័គ្រ​ចិត្ត​ធ្វើ​កិច្ចការ​សង្គម​៖ ​១) សន្សំ​បទពិសោធន៍​​ការងារ​៖ ​ការងារ​ស្ម័គ្រ​ចិត្ត​គឺ​ពិត​ជា ​មាន​សារសំខាន់​ខ្លាំង​ណាស់​ ​សម្រាប់​អ្នក​ដែល​មិន​ទាន់​មាន​បទពិសោធន៍​ការងារ​នៅ​ឡើយ ​ហើយ​វា​ជា​ឱកាស​មួយ ​ដើម្បី​ដុសខាត់​ ​និង ពង្រឹង​សមត្ថភាព​របស់​អ្នក​តាមរយៈ​ការ​អនុវត្ត​ផ្ទាល់​។ ​ដូច្នេះ​ក្រោយ​ពេល​​​បញ្ចប់​ការងារ​ស្ម័គ្រ​ចិត្ត​នេះ ​អ្នក​អាច​មាន​ឱកាស​ដើម្បី​ចូល​បម្រើ​ការងារ​នៅ​ស្ថាប័ន​ ​ឬ ​ក្រុមហ៊ុន​ណាមួយ​ដែល​ខ្លួន​ពេញ​ចិត្ត ​ដោយ​ទទួល​បាន​ប្រាក់ខែ​​ពេញ​សិទ្ធិ​ ​ផ្អែក​លើ​សមត្ថភាព​ជាក់ស្តែង​របស់​អ្នក​។ ​២) ​​ជួយ​ដល់​សង្គម​៖ ​ក្នុង​នាម​អ្នក​ជា​ពលរដ្ឋ​ម្នាក់​ ​គឺ​ត្រូវ​តែ​មាន​កាតព្វកិច្ច​ដើម្បី​ចូលរួម​ ​ក្នុង​​អភិវឌ្ឍ​ប្រទេស​ទៅ​តាម​លទ្ធភាព​ជាក់ស្តែង ​ដូច្នេះ​ហើយ​ការងារ​ស្ម័គ្រ​ចិត្ត​ ​គឺ​ជា​ការងារ​ដ៏​ល្អ​មួយ​ដែល​អ្នក​មិន​ត្រូវ​មើល​រំលង​ឡើយ​។ ​​៣) ​ពង្រឹង​ជំនាញ​ទំនាក់ទំនង​៖ ​ជាទូទៅ​ ​​ការងារ​ស្ម័គ្រ​ចិត្ត​ដែល​ទាក់ទង​នឹង​សង្គម​ ​គឺ​តែង​មាន​មនុស្ស​ជាច្រើន​ចូល​រួម ​​​ទាំង​ជាតិ​ ​និង អន្តរជាតិ​។​ ​ក្នុង​នោះ​ ​អ្នក​អាច​ចូលរួម​ជាមួយ​ពួកគេ​ក្នុង​ការ​ពង្រឹង​ជំនាញ​ទំនាក់ទំនង​របស់​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន ​ព្រោះ​ថា​ជំនាញ​នេះ​គឺ​ពិត​ជា​មិន​អាច​ខ្វះ​បាន​ឡើយ​ ​មិន​ថា​ ​អ្នក​បម្រើ​ការងារ​ឲ្យ​គេ​ ​ឬ ម្ចាស់​អាជីវកម្ម​ផ្ទាល់​ខ្លួន​នោះ​ទេ​។ ​៤) ​ស្គាល់​តម្លៃ​​របស់​មនុស្ស​៖ ​មនុស្ស​ដែល​មាន​តម្លៃ ​គឺ​ជា​មនុស្ស​ដែល​​ធ្វើ​នូវ​កិច្ចការ​ល្អៗ​ជាច្រើន​ ​ទាំង​ដើម្បី​អ្នក​ដទៃ​ ​និង ​ខ្លួន​ឯង​ផ្ទាល់​។ ​នៅ​ពេល​អ្នក​ចុះ​ទៅ​ធ្វើការងារ​ស្ម័គ្រ​ចិត្ត​នៅ​តាម​សហគមន៍​ផ្សេងៗ​ ​អ្នក​នឹង​ដឹង​ច្បាស់​ថា ​នៅ​ពេល​ធ្វើ​អំពើ​ល្អ​​ទៅ​កាន់​អ្នក​ដទៃ​នៅ​ក្នុង​សង្គម​ ​ជា​ពិសេស​ប្រជាជន​ក្រីក្រ​ ​គឺ​ពិត​ជា​រឿង​ដែល​សប្បាយ​ចិត្ត ​ហើយ​យល់​ច្បាស់​ថា ​ជីវិត​ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់​ ​ដែល​លុយ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​បែបនេះ​ឡើយ​។ ៥) ​​មាន​ជំនាញ​​ដឹកនាំ​៖ ​នៅ​ពេល​ធ្វើ​កិច្ចការ​ស្ម័គ្រ​ចិត្ត​ដើម្បី​ជួយ​សង្គម​នោះ ​គឺ​ប្រាកដ​ជា​មាន​ការ​លំបាក​ជាច្រើន ​​ជា​ពិសេស​ធ្វើការ​ជាមួយ​មនុស្ស​ច្រើន​មក​ពី​ប្រភព​ផ្សេងៗ​​គ្នា​។​ ​ប្រការ​នេះ អាច​ជួយ​ឲ្យ​អ្នកចេះ​សម្របសម្រួល ​និង ចេះ​ដឹកនាំ​មនុស្ស​ឲ្យ​ធ្វើការ​ជា​ក្រុម​មិន​ខាន​ ​ព្រោះ​​បើ​មិន​ព្យាយាម​ពង្រឹង​វា​ដោយ​ខ្លួន​ឯង​ឲ្យ​បាន​ខ្លាំង​ទេ ​នោះ​កិច្ចការ​ផ្សេងៗ​ដែល​កំពុង​ធ្វើ​នោះ មិន​ងាយ​មាន​លទ្ធផល​ឡើយ​។ ​ដោយ​៖​ ​អ៊ុន ​ភក្តី​ ​​​
X
5s