អ្វីខ្លះជាឫសគល់បញ្ឆេះភ្លើងសង្គ្រាមលោកលើកទី២ឡើង ?
តើឫសគល់ដ៏ចម្បងអ្វីខ្លះដែលបានបណ្ដុះគ្រាប់ពូជនៃសង្គ្រាមលោកលើកទី២ឲ្យផ្ទុះឡើង ជាលទ្ធផលនៃមហន្តរាយនៃការស្លាប់បាត់បង់ជីវិត និងពិការភាពរបស់ទាហាន និងប្រជាជនស្លូតត្រង់ទាំងឡាយអស់ជាច្រើនរាប់រយពាន់លាននាក់ក្នុងពិភពលោកនោះ ? ការបកស្រាយខាងក្រោមនេះ នឹងធ្វើការជម្រះនូវចម្ងល់របស់អ្នកទៅលើសំណួរដ៏សំខាន់មួយនេះដោយឥតមានបន្សល់នូវមន្ទិលសង្ស័យនោះឡើយ។
១) កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ សង្គ្រាមលោកលើកទី១បានចាប់កំណើតឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤ បន្ទាប់ពីមានការសម្លាប់បុគ្គលដ៏សំខាន់មួយរូបរបស់ប្រទេសអូទ្រីសហុងគ្រី ដោយជនភេរវកម្មរបស់ពួកស៊ែរប៊ី មួយខែមុននៅថ្ងៃទី២៨ក្នុងឆ្នាំដដែលនេះ។ សង្គ្រាមដ៏ព្រៃផ្សៃនេះ មានរយៈកាលចាប់ពីឆ្នាំ១៩១៤និងបញ្ចប់នៅឆ្នាំ១៩១៨។ ក្រោយពេលភ្លើងសង្គ្រាមបានរលត់ ប្រទេសទាំងឡាយដែលជាប់ពាក់ព័ន្ធក្នុងសង្គ្រាមទាំងអស់តម្រូវឲ្យចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃ២៨ ខែមិថុនា ឆ្នាំ១៩១៩។
យ៉ាងណាមិញ អត្ថន័យនៃការរួបរួមជាសម្ព័ន្ធមិត្តនឹងគ្នាវិញនេះ មិនបានធ្វើឲ្យប្រទេសអាល្លឺម៉ង់ ប្រទេសអូទ្រីស និងប្រទេសចាញ់ក្នុងសង្គ្រាមដទៃទៀតពេញចិត្តនោះឡើយ ក៏ព្រោះតែនេះជាការបង្ហាញពីកម្សោយរបស់ពួកគេ ព្រមទាំងត្រូវសងថ្លៃខូចខាតជាទឹកប្រាក់ក្នុងចំនួនដ៏ច្រើនផងដែរ។ បើមិនដោយសារតែខ្លាចការគំរាមកំហែងពីប្រទេសឈ្នះសង្គ្រាមថានឹងធ្វើការឈ្លានពានទឹកដី មិនដូច្នោះទេប្រទេសអាល្លឺម៉ង់មិនព្រមចុះកិច្ចព្រមព្រៀងនោះឡើយ ហើយប្រទេសដែលដឹកនាំដោយមេដឹកនាំផ្ដាច់ការ អាដុល ហីុទ្លែមួយនេះ ទើបតែបានបង់ប្រាក់ជាសំណងថ្លៃខូចខាតសរុបចំនួន៧០លានអឺរ៉ូក្នុងឆ្នាំ២០១០នេះតែប៉ុណ្ណោះ។
២) វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ៖ បើទោះជាបណ្ដាប្រទេសនៅអឺរ៉ុបបានស្ដារសេដ្ឋកិច្ចរបស់ខ្លួនបានល្អប្រសើរឡើងវិញក្នុងទសវត្សឆ្នាំ១៩២០ ក្រោយពីការបញ្ចប់ទៅនៃសង្គ្រាមលោកលើកទី១ក៏ដោយ ក៏ភាពវឹកវរនៃសេដ្ឋកិច្ចរបស់មហាអំណាចអាមេរិក បានជះឥទ្ធិពលយ៉ាងអវិជ្ជមានទៅលើប៉ែកអឺរ៉ុបនៅឡើយ។ ឆ្លៀតឱកាសនូវកណ្ដាលភាពវឹកវរ របបកុំមុយនិសនិងរបបហ្វាសីុសក៏បានបង្កើនអំណាចរបស់ខ្លួនផងដែរ។
៣) គំនិតជាតិនិយម៖ ភ្លើងសង្គ្រាមបានបញ្ចប់ពិតមែន ប៉ុន្តែភ្លើងសង្គ្រាមដែលរីកដុះដាលនៅក្នុងជម្រៅចិត្តរបស់ពួកជាតិនិយមនៅខាងអឺរ៉ុបពិតជាមិនបានបញ្ចប់ដោយងាយស្រួលបែបនេះឡើយ ហើយវាកាន់តែរីកធំឡើងៗជាងមុនថែមទៀតផង ជាពិសេសរាល់ប្រទេសចាញ់ក្នុងសង្គ្រាមទាំងឡាយ។
៤) របបផ្ដាច់ការ៖ ពួកប្រទេសដែលធ្លាប់តែឈរអង់អាចសម្ញែងភាពអស្ចារ្យ និងអំណាចរបស់ខ្លួននៅក្នុងសង្គ្រាម ក៏មកត្រូវបញ្ចប់ដោយការចុះចាញ់ទាំងមិនអស់ចិត្ត ហើយថែមទាំងប្រឈមមុខនឹងស្ថានភាពនយោបាយសេដ្ឋកិច្ចដែលមិនអំណោយផលទៀតនោះ ភាពមិនសមតាមបំណងទាំងនេះ ក៏បានដុតបញ្ឆេះគំនិតបែបផ្ដាច់ការរបស់អ្នកដឹកនាំក្នុងបណ្ដាប្រទេសមេៗមួយចំនួនដូចជា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន រួមទាំងសហភាពសូវៀតផងដែរ។
៥) បរាជ័យរបស់គោលនយោបាយនៃការព្រមប្រគល់ទឹកដីឲ្យទៅអាល្លឺម៉ង់(Appeasement)៖ តាមពិតទៅក្រោយពីបញ្ចប់សង្គ្រាមលោកលើកទី១ ប្រទេសឆេកូស្លូវ៉ាគីបានក្លាយជាប្រទេសឯករាជ្យទៅហើយ ប៉ុន្តែនៅឆ្នាំ១៩៣៨ក៏ត្រូវធ្លាក់នៅក្រោមការត្រួតត្រារបស់ពួកអាល្លឺម៉ង់។ ការណ៍នេះក៏ដោយសារតែអ្នកដឹកនាំផ្ដាច់ការណាសីុអាល្លឺម៉ង់ លោក ហីុទ្លែ ចង់បានទឹកដី Sudetenland ដែលស្ថិតនៅប៉ែកខាងលិចនៃប្រទេសនេះ ដែលមានប្រជាជនអាល្លឺម៉ង់ជាច្រើនរស់នៅទីនោះ។
អ្នកដែលបានយល់ព្រមតាមសំណើរបស់ជនផ្ដាច់ការរូបនេះ គឺជាប្រធានាធិបតីអង់គ្លេស Neville Chamberlain ក៏ព្រោះតែការសន្យារបស់អ្នកដឹកនាំអាល្លឺម៉ង់ថានឹងបញ្ឈប់ការឈ្លានពានទៅលើទឹកដីដទៃទៀតហើយ ប៉ុន្តែនៅពេលអំណាចទាំងប៉ុន្មានធ្លាក់លើកណ្ដាប់ដៃរបស់ហីុទ្លែ ពេលនោះនៅឆ្នាំ១៩៣៩ ខែមីនា ទឹកដីទាំងមូលរបស់ឆេកូស្លូវ៉ាគីត្រូវឋិតក្រោមការត្រួតត្រារបស់លោកគ្មានសេសសល់នោះឡើយ។
គួរបញ្ជាក់ផងដែរថា ពីរក្រុមធំៗដែលជាគូបដិបក្ខបញ្ចេញចង្កូមដាក់គ្នាអំឡុងសង្គ្រាមលោកលើកទី២នេះ មានក្រុម Axis Powers ដែលមានសមាជិកជាប្រទេសនាំមុខគឺអាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន ឯក្រុមមួយទៀត Allied Powers មានសមាជិកជាប្រទេសនាំមុខគឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ចិន និងសហភាពសូវៀត៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖www.edition.cnn.com & www.bbc.com