អ្នក​ណា​​បង្កើតច្បាប់​ផ្លាស់ប្ដូរប្រវត្តិសាស្ត្រពិភពលោក​​ដំបូង​បំផុត? ទឹក​ដី​មួយ​នោះ​រលាយ​បាត់​អស់​​ហើយ​​



តើ​បុគ្គល​រូប​ណា​ដែល​បាន​ផ្លាស់ប្ដូរ​ប្រវត្តិសាស្ត្រ​ពិភពលោក ដោយ​ការ​តាក់តែង​បង្កើត​ច្បាប់ ដែល​ជា​ជញ្ជីង​នៃ​សច្ចធម៌​សម្រាប់​ថ្លឹងថ្លែង​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ប្រជាជន​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន និង​បាន​បង្កើន​នូវ​ភាព​វិសេស​អស្ចារ្យ និង​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​បង្ហាញ​ពី​អច្ឆរិយភាព​នៃ​ទឹកដី​នៅ​ក្នុង​សម័យកាល​របស់​ខ្លួន ?

ទីក្រុង​បាប៊ីឡូន នៃ​ទឹកដី​មេសូប៉ូតាមី គឺជា​ទឹកដី​ដ៏​ចំណាស់ និង​មាន​ឫទ្ធិ​អំណាច​លេចធ្លោ​ជា​ខ្លាំង​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ដែល​អ្នក​គ្រប់គ្រង​នៃ​ទឹកដី​នេះ សុទ្ធតែ​ជា​ស្ដេច​ដែល​មាន​ការ​ដឹកនាំ​ប្រកប​ដោយ​ភាព​ឈ្លាសវៃ និង​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​រៀងៗ​ខ្លួន។ នា​សម័យកាល​ដ៏​យូរ​អង្វែង​នោះ​មក​ហើយ​ដែរ ស្ដេច Hammurabi (ឆ្នាំ១៨១០ដល់​ឆ្នាំ១៧៥០​មុន​គ.ស) ជា​ស្ដេច​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​រូប​នៃ​ទីក្រុង​បាប៊ីឡូន ដែល​បាន​តាក់តែង​បង្កើត​ច្បាប់ នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​យ៉ាង​មាន​ឥទ្ធិពល​បំផុត រហូត​ដល់​គោលការណ៍​ខ្លឹមសារ​ក្នុង​ច្បាប់​នោះ បាន​ត្រូវ​បាន​យក​មក​ប្រើប្រាស់​នៅ​សម័យ​បច្ចុប្បន្ន​ប្រៀប​ដូចជា​ក្បួន​តម្រា សម្រាប់​ថ្លឹងថ្លែង​ផ្ដល់​ភាព​យុត្តិធម៌​ក្នុង​ជីវិត​របស់​មនុស្សជាតិ។ ដោយសារ​ភាព​ឈ្លាសវៃ​របស់​ទ្រង់​សម្រាប់​ទប់ទល់​ជាមួយ​រាល់​បុគ្គល​ដែល​មិន​គោរព​ច្បាប់ ដោយ​ប្រើ​លេស​ដោះសា​ពី​ការ​មិន​យល់​ដឹង​របស់​ខ្លួន ទ្រង់​ក៏​បាន​ចារឹក​ច្បាប់​តាក់តែង​ទាំង២៨២​នៅ​លើ​ផ្ទាំង​ថ្ម​កម្ពស់​៨ហ្វុីត​ដោយ​មិន​អាច​រលុប​បាន​ងាយៗ​នោះ​ឡើយ។

ម្យ៉ាងទៀត ដោយ​ទ្រង់​ឈ្វេង​យល់​ដឹង​ថា ច្បាប់​នឹង​ប្រែ​ក្លាយ​ជា​ភាព​គ្មាន​អត្ថន័យ​អ្វី​នោះ​ឡើយ ប្រសិន​បើ​ប្រជាជន​មិន​អាច​អាន​វា​នោះ ដូច្នេះ​ហើយ​បានជា​ការ​បង្កើត​បណ្ណាល័យ​សាធារណៈ​សម្រាប់​ផ្ដល់​ការ​អប់រំ​ដល់​ទាំង​បុរស និង​ស្ត្រី​នៃ​ប្រជាជន​ពួកគេ​ត្រូវ​បាន​សង្កត់​ធ្ងន់​នូវ​ការ​យកចិត្តទុកដាក់​យ៉ាង​ដិតដល់​ទៅលើ​ពាសពេញ​ទាំង​ទីក្រុង​របស់​មេសូប៉ូតាមី​នា​សម័យ​នោះ។ មិន​ថា​ជា​ទឹកដី និង​ស្ដេច​គ្រប់គ្រង​អំណាច​របស់​ពួកគេ មាន​ឥទ្ធិពល​អស្ចារ្យ​ប៉ុណ្ណា​នោះ​ទេ ទី​បញ្ចប់​ទៅ វត្តមាន​របស់​ទឹកដី​បាប៊ីឡូន​មិន​មាន​ភាព​ស្ថិតស្ថេរ​គង់វង្ស​នោះ​ឡើយ ក៏​ព្រោះ​តែ​ការ​ពឹងផ្អែក​ទៅលើ​ការ​ធ្វើ​ស្រែ​ចម្ការ​ដ៏​ចម្បង​របស់​ប្រជារាស្ត្រ ហើយ​ដី​ក៏​ប្រែ​ក្លាយ​ជា​ខ្សត់​ជីជាតិ​បន្តិច​ម្ដងៗ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​រហូត​ត្រឹម​ឆ្នាំ២០០០​មុន​គ.ស ទឹកដី​ដែល​ធ្លាប់​តែ​ជា​ពំនឹង​ផ្អែក​លើ​កសិកម្ម​របស់​ប្រជាជន ក្លាយ​ជា​វាលខ្សាច់​ដែល​អស់​ជីជាតិ ទើប​បង្ក​ជា​គ្រោះ​ដ៏​អកុសល​របស់​ទឹកដី​នេះ​ដួល​រលំ​បាត់​មុខមាត់​ចេញ​ពី​ប្រវត្តិសាស្ត្រ​ពិភពលោក​រហូត​មក​ទល់​សព្វ​ថ្ងៃ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.owlcation.com

X
5s