តើអ្វីជាមូលហេតុនៃជម្លោះរវាងពិភពគំនិតវិទ្យាសាស្ត្រ និង ពិភពសាសនា ?​



ទស្សនវិទូ​របស់​ហុល្លង់ Baruch Spinoza បាន​ពោល​ថា ៖«ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​បង្រៀន​ទស្សនវិជ្ជា​ដូចម្ដេច ដើម្បី​កុំ​ឲ្យ​ក្លាយ​ជា​អ្នក​រំខាន​ដល់​សាសនា​នោះ​ទេ»។ ក្នុងន័យនេះ បញ្ជាក់យ៉ាងច្បាស់ថា វាពិតជាមានការលំបាកក្នុងការ គេឲ្យផុតពីជម្លោះ ឬ ការខ្វែងគំនិតគ្នារវាង​ វិទ្យាសាស្រ្ត និង សាសនា។ តើ​អ្វី​ជា​ដើមហេតុ​នៃ​ជម្លោះ​រវាង​ពិភព​តក្កវិជ្ជា និង​ពិភព​នៃ​ជំនឿ​គ្មាន​ហេតុផល ? ចំពោះ​គ្រប់​សាសនា​ទាំងអស់ វា​មិនមែន​ជា​ការ​ត្រឹមត្រូវ​នោះ​ឡើយ ដែល​អ្នក​ទៅ​វាយតម្លៃ​ថា​សាសនា​នេះ​ល្អ ឯ​សាសនា​នោះ​មិន​ល្អ​ដូច្នោះ ព្រោះ​ថា​គោលដៅ​របស់​សាសនា​នីមួយៗ គឺ​សុទ្ធ​តែ​ជា​ការ​អប់រំ​ផ្លូវចិត្ត​មួយ ដែល​តម្រង់​មនុស្ស​ឲ្យ​ប្រតិបត្តិ​អំពើ​ជា​កុសល និង​ចៀសវាង​នូវ​អំពើ​ជា​អកុសល​ទាំងឡាយ មាន​ទឹកចិត្ត​សន្ដោស​មេត្តា​ករុណា​ចំពោះ​គ្នា​ទៅវិញ​ទៅមក។ យ៉ាងណាមិញ ជំនឿ​ងប់ងុល​ជ្រុល​ហួសហេតុ​របស់​មនុស្សជាតិ​បូជា​ចំពោះ​សាសនា បាន​កែប្រែ​រូបភាព​ធម្មជាតិ​ចំពោះ​គោលដៅ​ពិត​ប្រាកដ​ដែល​សាសនា​ចង់​ទូន្មាន​ដឹកនាំ​ជីវិត​មនុស្ស​លោក​ទៅវិញ។ ដូច​ដែល​អ្នក​បាន​ដឹង​ពី​ជំនឿ​ជ្រុល​និយម​របស់​អ្នក​កាន់​សាសនា​ឥស្លាម​មួយ​ភាគ​ធំ បាន​ជំទាស់​ជា​ខ្លាំង​ចំពោះ​រាល់​បុគ្គល​ដែល​មិន​ប្រតិបត្តិ​តាម​គោលការណ៍​សាសនា​របស់​ពួកគេ រួម​ទាំង​បុគ្គល​ដែល​អូសទាញ​អ្នក​កាន់​សាសនា​ឥស្លាម​ទាំងឡាយ​ឲ្យ​ដាក់​ខ្លួន​ទទួល​ស្គាល់​នូវ​ភាព​ខុស​គ្នា​នៃ​ជំនឿ​របស់​មនុស្ស​ម្នាក់ៗ​ផង​ដែរ។ ពួកគេ​សុទ្ធតែ​យល់​ថា គោលការណ៍​ក្នុង​សាសនា​របស់​ពួកគេ គឺជា​សច្ចភាព​ពី​ព្រះ​ជា​ម្ចាស់ ជា​អ្វី​ដែល​គ្មាន​ពួក​ឥស្លាម​ណា​ម្នាក់​អាច​មិន​គោរព​បាន​នោះ​ឡើយ ដូច្នេះ​ហើយ​ទើប​បានជា​ច្រើន​ឆ្នាំ​មក​ហើយ​នេះ គំនិត​ប្រឆាំង​ដ៏​ខ្លាំងក្លា​នេះ​បាន​នាំ​ទៅ​រក​អំពើ​ហិង្សា​ធ្វើ​អត្តឃាត ការ​ប្រកាន់​សាសនា ជម្លោះ​សាសនា​ជា​ដើម។ ភាព​ជ្រុលនិយម​នេះ​ទៀត​សោត ធ្វើឲ្យ​ពួកគេ​កាន់តែ​ឃ្លាត​ឆ្ងាយ​ពី​ពិភព​តក្កវិជ្ជា និង​ភាព​សម​ហេតុ​ផល​នៃ​ធម្មជាតិ​របស់​មនុស្ស។ នៅ​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ២០១៦ វេបសាយ Phys.org​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា 'The conflict between science and religion lies in our brains, researchers say' ដែល​ធ្វើការ​បកស្រាយ​ទៅលើ​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Case Western Reserve និង​សាកលវិទ្យាល័យ Babson College អំពី​ទម្រង់​នៃ​ខួរក្បាល​របស់​មនុស្ស​ដែល​ជា​ដើម​ហេតុ​បង្ក​ឲ្យ​មាន​ជម្លោះ​រវាង​វិទ្យាសាស្ត្រ និង​សាសនា។ ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ទាំងនោះ ខួរក្បាល​របស់​មនុស្ស​ខណ្ឌ​ដោយ​ដែន​ពីរ​ខុស​ពី​គ្នា។ ផ្នែក​ទី១​គឺជា​បណ្ដាញ​ប្រព័ន្ធ​ប្រសាទ​ផ្នែក​គិត​វិភាគ ជា​ផ្នែក​ដែល​ប្រើ​ការ​បកស្រាយ​ទៅលើ​ពិភព​ខាងក្រៅ​តាម​បែបបទ​ដើម​កំណើត​ពី​ធម្មជាតិ តក្ក មាន​ហេតុ​មាន​ផល និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ។ ផ្ទុយ​ពី​ផ្នែក​ទី១​ដែល​ផ្នែក​ទី២​គឺជា​បណ្ដាញ​ប្រព័ន្ធ​ប្រសាទ​ផ្នែក​សង្គម ឬ​អារម្មណ៍ ជា​ផ្នែក​ដែល​ផ្ទុក​នូវ​អារម្មណ៍​នៃ​សេចក្ដី​មេត្តា​អាណិតអាសូរ យល់​ពី​អារម្មណ៍​អ្នកដទៃ និង​បកស្រាយ​ទៅលើ​ពិភព​ខាងក្រៅ​ដោយ​ប្រើ​អារម្មណ៍ និង​ជំនឿ​គ្មាន​ហេតុផល។ អ្នក​ស្រាវជ្រាវ​បាន​ពន្យល់​ថា នៅ​ពេល​បុគ្គល​ម្នាក់​លម្អៀង​ទៅ​ប្រើប្រាស់​ខួរក្បាល​ផ្នែក​ណាមួយ នោះ​ពួកគេ​នឹង​ត្រូវ​បាន​រាំងស្ទះ​ដោយ​ផ្នែក​មួយ​ទៀត​នៃ​ខួរក្បាល​ពី​ការ​បញ្ចេញ​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់។ មិន​គួរ​ឲ្យ​ចម្លែក​ឡើយ​ដែល​ពួកគេ​ក៏​រក​ឃើញ​ថា កាលណា​បុគ្គល​ម្នាក់​កាន់តែ​មាន​ជំនឿ​ខ្លាំង​ទៅលើ​សាសនា នោះ​ពួកគេ​ក៏​នឹង​មាន​ចិត្ត​អាណិតអាសូរ​កាន់តែ​ខ្លាំង​ចំពោះ​អ្នកដទៃ ហើយ​ចាក​ឆ្ងាយ​ពី​ការ​ពិត​នៃ​ធម្មជាតិ។ ដូច​គ្នា​ដែរ ចំពោះ​អ្នក​ប្រើប្រាស់​ផ្នែក​នៃ​ខួរក្បាល​ដែល​បកស្រាយ​អ្វីៗ​តាម​បែប​តក្ក នោះ​ពួកគេ​ក៏​នឹង​ប្រើ​អារម្មណ៍​កាន់តែ​តិចតួច​ដែរ។ ធម្មជាតិ​របស់​មនុស្ស​នេះ គឺ​តម្រូវ​ឲ្យ​យើង​ម្នាក់ៗ​ប្រើប្រាស់​ផ្នែក​ទាំងពីរ​បែប​ណា​ឲ្យ​មាន​តុល្យភាព​នឹង​គ្នា។ ក៏​ដោយសារ​តែ​ម្នាក់ៗ​លម្អៀង​ជ្រុល​ហួសហេតុ​ទៅលើ​តែ​ផ្នែក​ណាមួយ​នោះ​ហើយ ទើប​ការ​មិន​យល់​ពី​គ្នា បង្ក​ជា​ការ​កាប់​សម្លាប់​មនុស្ស​គ្នា​ឯង​កើត​មាន​ឡើង​ជា​បន្តបន្ទាប់​យ៉ាង​ដូច្នេះ។ ជា​ចំណុច​សំខាន់​ដែល​គួរ​បន្ថែម​ដែរ​នោះ គឺ​អ្នក​ស្រាវជ្រាវ​ទាំងនោះ​ក៏​បាន​គូស​បញ្ជាក់​ថា ជំនឿ​ខាង​សាសនា​នៅ​ពេល​ត្រូវ​បាន​យក​មក​ប្រើប្រាស់​នៅ​ក្រោម​កាលៈទេសៈ​ត្រឹមត្រូវ នោះ​វា​នឹង​ជំរុញ​ឲ្យ​មាន​ភាព​ច្នៃប្រឌិត​ផ្នែក​វិទ្យាសាស្ត្រ និង​គំនិត​បញ្ញា​ទៅវិញ។ យ៉ាងណាមិញ នៅ​ពេល​ការ​គិត​បែប​វិភាគ​ពិចារណា​ត្រូវ​បាន​រាំងស្ទះ​មិន​ឲ្យ​ប្រើប្រាស់​ក្រោម​កាលៈទេសៈ​មិន​ត្រឹមត្រូវ​វិញ នោះ​វា​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ជា​ឧទាហរណ៍​ជាក់ស្ដែង​នៃ​ជម្លោះ​សាសនា​បង្ក​ឲ្យ​មាន​សង្គ្រាម​សម្លាប់​មនុស្សជាតិ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក និង​ជា​ភ្លើង​សង្គ្រាម​ដ៏​ក្ដៅ​គគុក​របស់​ពួក​ឥស្លាម​ដូច​ដែល​បាន​ឃើញ​ស្រាប់​នា​ពេល​បច្ចុប្បន្ន​នេះ​ឯង៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.phys.org & www.nytimes.com
X
5s