ហេតុអ្វីអ្នកចាំបាច់ត្រូវស្គាល់ច្បាស់ពី​​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន​ឯង ?​



ពំនោល​មួយ​របស់​តាលែស ដែល​ជា​ទស្សនវិទូ​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​ក្រិក​បុរាណ​នា​ឆ្នាំ៦២៤​មុន​គ.ស ដល់​ឆ្នាំ៥៤៧​មុន​គ.ស មាន​សេចក្ដី​ថា៖ «អ្វី​ដែល​លំបាក​បំផុត​នៅ​ក្នុង​ជីវិត​គឺជា​ការ​ស្គាល់​ខ្លួនឯង»។ បើ​ការ​ស្គាល់​ពី​ធាតុ​ពិត​របស់​ខ្លួន ជា​រឿង​លំបាក​បំផុត​ដូច្នេះ ហេតុអ្វី​មនុស្ស​ម្នាក់ៗ​ចាំបាច់​បង្ខាត​ពេលវេលា​ក្នុង​ការ​ស្វែងរក​វា​ដើម្បី​អ្វី ? តើ​ភាព​សំខាន់​នៃ​ការ​ស្គាល់​ពី​ខ្លួនឯង​មាន​ខ្លាំង​កម្រិត​ណា ហើយ​វា​មាន​ប្រយោជន៍​យ៉ាង​ដូចម្ដេច​ខ្លះ​សម្រាប់​ជីវិត​រស់នៅ​របស់​មនុស្ស ?

តាម​ពិត​ទៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​នា​សតវត្ស​ទី២១​នេះ មាន​កម្មវិធី​តាម​អនឡាញ​ជា​ច្រើន ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​ជួយ​អ្នក​ស្វែងយល់​ពី​ខ្លួនឯង​ឲ្យ​បាន​ស៊ីជម្រៅ ដោយ​ផ្ដល់​ជា​សំណួរ​ផ្ទាល់​ខ្លួន​ធ្វើ​តេស្ត​សាកសួរ​អ្នក។ នៅ​ពេល​អ្នក​បាន​បំពេញ​ចម្លើយ​ទៅ​កាន់​គ្រប់​សំណួរ​ដែល​បាន​ដាក់​មក​នោះ​ហើយ កម្មវិធី​ប្រភេទ​នោះ​នឹង​ធ្វើការ​វាយតម្លៃ​ថា​តើ​អ្នក​ជា​មនុស្ស​មាន​អត្តចរិត​បែប​ណា ហើយ​ការងារ​ណា​ស័ក្ដិសម​សម្រាប់​អត្តចរិត​ដែល​អ្នក​មាន ឬ​ជា​ការ​វាយតម្លៃ​ផ្សេងៗ​ដែល​មាន​ទម្រង់​ស្រដៀងៗ​គ្នា​នេះ។ ឥឡូវ​នេះ យើង​នាំ​គ្នា​ងាក​មក​ចាប់អារម្មណ៍​នឹង​សំណួរ​ខាងលើ​វិញ។ ការ​ស្គាល់​ពី​ខ្លួនឯង​នឹង​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ដូច​ដែល​បាន​បង្ហាញ​នៅ​ខាងក្រោម​នេះ៖

១) កាលណា​អ្នក​ស្គាល់​ពី​ខ្លួនឯង អ្នក​នឹង​ឈាន​ដល់​កម្រិត​មួយ​ដែល​អ្នក​យល់​ពី​អ្នកដទៃ​កាន់តែ​ប្រសើរ​ជាង​មុន៖ មក​ដល់​ដំណាក់កាល​មួយ​នៃ​ជីវិត នៅ​ពេល​អ្នក​ចាប់ផ្ដើម​កត់សម្គាល់​ដឹង​ថា ខ្លួន​អ្នក​មាន​អត្តចរិត​បែប​ណា ចរិត​នៃ​ការ​គិត​របស់​អ្នក​ប្រព្រឹត្ត​ទៅ​យ៉ាង​ដូចម្ដេច ដែល​ចង់​សំដៅ​លើ​ថា​តើ​អ្នក​ទម្លាប់​គិត​យ៉ាង​ដូចម្ដេច នោះ​ការ​យល់​ពី​អ្នកដទៃ​នឹង​ក្លាយ​ជា​ភាព​ងាយស្រួល​សម្រាប់​អ្នក។ ឯ​ការ​ដាក់​ខ្លួន​ទទួល​ស្គាល់​ពី​ភាព​ខុស​ប្លែក​គ្នា​នៃ​គំនិត អត្តចរិត​របស់​មនុស្ស​ម្នាក់ៗ នឹង​ជា​ឱកាស​ដល់​អ្នក​បើកចំហ​ទទួល​រៀន​សូត្រ​ពី​ភាព​ខុសគ្នា​ទាំងនោះ ហើយ​ទំនាក់ទំនង​របស់​អ្នក​និង​ពួកគេ​នឹង​វិវត្ត​ទៅ​រក​ការ​យល់​ពី​គ្នា​ទៅវិញ​ទៅមក និង​បង្កប់​នូវ​អត្ថន័យ​ជ្រាលជ្រៅ។

២) អ្នក​នឹង​អាច​កំណត់​សម្គាល់​បាន​ថា​អ្វី​ជា​ចំណុច​ខ្លាំង និង​អ្វី​ជា​ចំណុច​ខ្សោយ​របស់​ខ្លួន៖ ការ​យល់ដឹង​ច្បាស់​ពី​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​ខ្លួនឯង មាន​ភាព​ចាំបាច់​បំផុត​ជាពិសេស​ក្នុង​ជីវិត​ការងារ​របស់​អ្នក។ អាច​ដោយសារ​តែ​ភាព​មមាញឹក​នៃ​ការ​បំពេញ​កិច្ច​ការងារ​ជា​ប្រចាំ​ថ្ងៃ​របស់​អ្នក បង្កើត​គម្លាត​ដល់​អ្នក​ក្នុង​ការ​ស្វែងយល់​ពី​សំឡេង​ខាង​ក្នុង​របស់​អ្នក អ្វី​ជា​ធាតុ​ពិត​របស់​អ្នក។ ពេល​ខ្លះ​ដោយ​ឥត​ដឹង​ខ្លួន មិន​ថា​ចំពោះ​ការ​សិក្សា​ឬ​ការងារ​នោះ​ទេ អ្នក​ចូល​ខ្លួន​ទៅ​បំពេញ​ការងារ​អ្វី​មួយ​ទាំង​ងងឹតងងល់​ដោយ​មិន​ដឹង​ថា​ផ្នែក​នេះ​ឬ​ផ្នែក​នោះ​មិន​មែន​ជា​ជំនាញ​របស់​ខ្លួន រួច​ក៏​សាង​នូវ​លទ្ធផល​មិន​គួរ​ជាទី​គាប់​ចិត្ត។

នៅ​ពេល​ស្ថានភាព​បែប​នេះ​ប្រព្រឹត្ត​ទៅ​ជា​ញឹកញាប់​ដោយ​មិន​មាន​ការ​ឈ្វេងយល់​ពី​ធាតុ​ពិត​របស់​ខ្លួន អ្នក​នឹង​ចាប់ផ្ដើម​យល់​ថា​ខ្លួន​គ្មាន​សេចក្ដី​សុខ ជីវិត​គ្មាន​គុណភាព​និង​គ្មាន​តម្លៃ​មិន​ខាន។ យ៉ាងណាមិញ បើ​អ្នក​ស្គាល់​ខ្លួនឯង​ច្បាស់​ថា​អ្វី​ជា​ភាព​ខ្លាំង​របស់​អ្នក​និង​អ្វី​ជា​ភាព​ខ្សោយ នោះ​អ្នក​នឹង​អាច​បង្កើន​ប្រសិទ្ធភាព​ទាំង​ចំពោះ​ការងារ​និង​ជីវិត​របស់​អ្នក​យ៉ាង​រលូន។ ថ្វីត្បិតតែ កម្មវិធី​វាយតម្លៃ​ពី​បុគ្គលិកលក្ខណៈ​តាម​អនឡាញ​មួយ​ចំនួន អាច​បំពេញ​តម្រូវការ​ឲ្យ​អ្នក​នូវ​ប្រយោជន៍​ទាំងនេះ​មែន ប៉ុន្តែ​វា​មិនមែន​ជា​ឧបករណ៍​ដែល​កំណត់​ថា​អ្នក​ពិត​ជា​ស័ក្ដិសម​នឹង​ការងារ​ផ្នែក​ណា​មួយ​មែន ឬ​ការ​វាយតម្លៃ​ផ្សេង​ទៀត​ដែល​ចាត់​ទុក​ថា​ត្រឹមត្រូវ​មិន​លម្អៀង​នោះ​ឡើយ។ វា​គ្រាន់តែ​ជា​ឧបករណ៍​ជំនួយ​ជួយ​អ្នក​ស្វែងយល់​ពី​ខ្លួនឯង​ជាង​មុន​ប៉ុណ្ណោះ ការ​វិនិច្ឆ័យ​ថា​តើ​អ្នក​ពិត​ជា​មាន​អត្តចរិត​បែប​នោះ​មែន​ឬ​អត់ និង​បើ​មាន​អត្តចរិត​បែប​នោះ​មែន ការងារ​ផ្នែក​នោះ​ពិត​ជា​ស័ក្ដិសម​សម្រាប់​អ្នក​និង​ជា​អ្វី​ដែល​ខ្លួន​ពេញចិត្ត​ធ្វើ​មែន​ឬ​អត់ គឺ​ស្ថិត​នៅ​លើ​អ្នក​ទៅវិញ​ទេ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.verywell.com

X
5s