ចំណុចពិសេស៤យ៉ាងរបស់កូរ៉េខាងត្បូង ដែលប្រទេសផ្សេងមិនងាយធ្វើបាន
មុននឹងអភិវឌ្ឍខ្លួនក្លាយមកជាប្រទេសដ៏លេចធ្លោមួយក្នុងតំបន់អាស៊ី ដែលល្បីល្បាញទាំងទៅលើផ្នែកបច្ចេកវិទ្យា គ្រឿងសម្អាង ការវះកាត់កែសម្ផស្សជាដើម ទឹកដីឯករាជ្យដ៏តូចរបស់កូរ៉េខាងត្បូងជាមួយផ្ទៃដី៩៩,៧២០គីឡូម៉ែត្រការ៉េមួយនេះ ធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់ជប៉ុន និងទើបនឹងទទួលបានឯករាជ្យរបស់ខ្លួននៅឆ្នាំ១៩៤៥ បន្ទាប់ពីបរាជ័យរបស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២។ គោលនយោបាយប្រជាធិបតេយ្យរបស់សាធារណរដ្ឋកូរ៉េខាងត្បូង បានរុញច្រានទឹកដីមួយនេះឲ្យឈានមុខអភិវឌ្ឍស្ទើរគ្រប់វិស័យខុសពីគោលនយោបាយផ្ដាច់ការរបស់ពួកខាងជើង។
មើលឃើញពីភាពជោគជ័យនេះហើយ តើទឹកដីប៉ែកខាងត្បូងនៃកូរ៉េមួយនេះ មានប្រៀបជាងប្រទេសដទៃត្រង់ចំណុចណាខ្លះ ?
១) វប្បធម៌បច្ចេកវិទ្យា៖ តើអ្នកដឹងទេថា ទូរស័ព្ទម៉ាកSamsungដែលមានភាពទាក់ទាញខុសប្លែកពីផលិតផលម៉ាកទូរស័ព្ទផ្សេងទៀត ជាមួយនឹងរូបរាងថ្មីកោងរបស់វា មានដើមកំណើតចេញពីទឹកដីខាងត្បូងនៃកូរ៉េមួយនេះ ? រួមទាំងរថយន្តបំពាក់ដោយបច្ចេកវិទ្យាទំនើប ទាន់សម័យរបស់Hyundai ដែលមានភាពល្បីល្បាញក្នុងចំណោមអ្នកប្រើប្រាស់រថយន្តទៀតនោះ ក៏មានប្រភពមកពីប្រទេសមួយនេះដែរ។ នៅទីនោះថែមទាំងមានផ្សារទំនើបនិម្មិតដំបូងរបស់ពិភពលោក ដែលអតិថិជនប្រើប្រាស់បច្ចេកវិទ្យាស្កេនកូដ QR codesដើម្បីទិញទំនិញទៀតផង។
នាឆ្នាំ២០១៣ វត្តមាននៃបច្ចេកវិទ្យាអ៊ីនធឺណិតបានបញ្ជ្រាបចូលពេញផ្ទៃប្រទេសនេះ មានខ្ពស់រហូតដល់ទៅ៨២.៧% និងមានប្រជាជនប្រមាណ៧៨.៥%មានទូរស័ព្ទsmartphonesប្រើប្រាស់។
២) សម្ទុះដ៏លឿននៃការរីកសាយភាយការប្រើប្រាស់ប័ណ្ណឥណទាន៖ អ្នកអាចនឹងធ្លាប់តែយល់ថាសហរដ្ឋអាមេរិកជាប្រទេសដែលមានចំនួនប្រជាជននិយមប្រើប្រាស់ប័ណ្ណឥណទានច្រើនជាងគេបំផុតនៅលើពិភពលោក។ យ៉ាងណាមិញ យោងតាមរបាយការណ៍ក្នុងឆ្នាំ២០១១ ប្រជាជនអាមេរិកមានប័ណ្ណឥណទានចំនួន៧៧.៩ក្នុង១នាក់ ប៉ុន្តែប្រជាជនកូរ៉េខាងត្បូងមានរហូតដល់ទៅ១២៩.៧ក្នុង១នាក់ឯណោះ និងកាលពីឆ្នាំ២០១២ ប្រទេសនេះបានក្លាយជាប្រទេសមួយដែលមានប្រជាជនជាកំពូលអ្នកប្រើប្រាស់ប័ណ្ណឥណទានច្រើនជាងគេរបស់ពិភពលោក ដោយផ្អែកតាមទិន្នន័យពីធនាគាររបស់កូរ៉េ (Bank of Korea)។ ម្យ៉ាងទៀត នៅតាមហាងទំនិញណាដែលបដិសេធមិនប្រើប្រាស់ប័ណ្ណឥណទានក៏នឹងត្រូវបានចាត់ទុកជារឿងខុសច្បាប់មួយដែរ។
៣) ភាពងប់ងុលនឹងការងារ៖ អត្តចរិតរបស់ប្រជាជននេះដែលមានចំពោះដំណើរការណ៍ទទួលយកការអប់រំក្នុងសាលានិងការធ្វើការក្នុងក្រុមហ៊ុន អាចបញ្ជាក់បានដោយរបាយការណ៍ពីអង្គការសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ Organization for Economic Co-operation and Development (OECD) ដែលបង្ហាញថាប្រទេសនេះមានកម្រិតនៃការអប់រំខ្ពស់បំផុត ជាមួយនឹង៩៨%នៃប្រជាជាតិទាំងមូលបានបញ្ចប់ការសិក្សាពីអនុវិទ្យាល័យ និង៦៣%បានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ។
ចំពោះអត្តចរិតងប់ងុលនឹងការងារវិញ ប្រជាជនកូរ៉េខាងត្បូងធ្វើការចំនួន៤៤.៦ម៉ោងក្នុង១សប្ដាហ៍ ស្របពេលដែលម៉ោងធ្វើការជាមធ្យមកំណត់ដោយOECDមានត្រឹមតែ៣២.៨ម៉ោងប៉ុណ្ណោះ នេះបើយោងតាមទិន្នន័យឆ្នាំ២០១២ពីក្រសួងនៃយុទ្ធសាស្ត្រផែនការនិងហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង (South Korea's Ministry of Strategy and Finance)។
៤) ការវះកាត់កែសម្ផស្ស៖ ត្រង់ចំណុចដ៏មានប្រៀបជាងគេរបស់កូរ៉េនេះ អ្នកអាចបញ្ជាក់បាននៅលើសម្ផស្សរបស់តារាប្រុសស្រីល្បីៗរបស់កូរ៉េខាងត្បូងបាន។ មិនថាជាអ្នកកើតមកជាមួយរូបរាងធម្មជាតិដែលមានថ្គាមធំ ថ្ងាសធំ ឬធ្មេញវែងនោះទេ គ្មានគ្រូពេទ្យវះកាត់កែសម្ផស្សកូរ៉េខាងត្បូងមួយណាដែលបដិសេធថាមិនអាចកែប្រែធម្មជាតិទាំងនេះរបស់អ្នកឡើយ។
ម្យ៉ាងទៀត ប្រៀបនឹងការវះកាត់ពង្រឹងស្បែកមុខតឹងឲ្យក្មេងជាងមុននៅសហរដ្ឋអាមេរិកជាមួយនឹងតម្លៃ១០,០០០ដុល្លារ នៅកូរ៉េខាងត្បូងអ្នកនឹងទទួលបានសេវាកម្មដូចគ្នាជាមួយនឹងតម្លៃត្រឹមតែ២,០០០ដុល្លារឬ៣,០០០ដុល្លារប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.edition.cnn.com & www.cia.gov