​ការ​ស្លាប់​ប្រកប​ដោយ​គុណធម៌ ​និង ​​​មានតម្លៃ​លើស​លប់​របស់​​សូក្រាត ​អ្នក​ប្រាជ្ញ​ក្រិក​



ការ​ស្លាប់​របស់​ទស្សនវិទូ​បស្ចិម​លោក​របស់​ក្រុង​អាតែន​នៃ​ក្រិក​បុរាណ សូក្រាត (ឆ្នាំ៤៦៩​ដល់​ឆ្នាំ៣៩៩​មុន​គ.ស) គឺជា​ឧទាហរណ៍​ដ៏​ខ្ពង់ខ្ពស់​ថ្លៃថ្លា​បំផុត​មួយ​អំពី​គុណធម៌​របស់​មនុស្ស។ គាត់​បាន​រស់នៅ​ក្នុង​សម័យកាល​រុងរឿង​មួយ​របស់​ក្រុង​អាតែន​ដែល​គេ​ហៅថា "សម័យកាល​មាស​របស់Pericles"។ ទោះបីជា លោកជាអ្នកប្រាជ្ញក៏ដោយ ប៉ុន្តែមានមនុស្សជាច្រើនមិនយល់ពីគាត់កាលពីសម័យនោះ ហើយចោទថា មិនគោរពអទិទេព និង បានពង្វក់យុវជនទៅវិញ។ 

គាត់​តែងតែ​និយាយ​ថា៖ «មាន​រឿង​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ដែល​ខ្ញុំ​ដឹង នោះ​គឺ​ខ្ញុំ​មិន​ដឹង​អ្វី​សោះ​ឡើយ»។ ដំណើរ​ជីវិត​របស់​គាត់​ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​ភាព​ជា​គតិបណ្ឌិត គឺជា​ការ​ដេញដោល​ជជីក​សួរ​សំណួរ​រក​ឫសគល់​រហូត​ដល់​ស្វែងរក​ចម្លើយ​នៃ​សច្ចធម៌​ពិត។ ត្រង់​នេះ​គាត់​ក៏​បាន​និយាយ​ថា៖«គតិបណ្ឌិត​គឺ​ចាប់ផ្ដើម​ពី​ការ​ចេះ​ងឿងឆ្ងល់»។ ម្យ៉ាងទៀត ក្នុង​ការ​បង្រៀន​កូនសិស្ស​របស់​គាត់ ទស្សនវិទូ​រូប​នេះ​ក៏​តែង​ជជីក​សួរ​ដេញដោល​ពួកគេ​រហូត​ទាល់តែ​ពួកគេ​យល់​ពី​បញ្ហា​មួយ​ពិត​ប្រាកដ ដែល​គេ​ហៅ​របៀប​បង្រៀន​បែប​នេះ​ថា​ជា «វិធីសាស្ត្រ​របស់​សូក្រាត»

ក្នុង​ឆ្នាំ៣៩៩​មុន​គ.ស គាត់​ត្រូវ​បាន​ប្រជាជន​ក្រុង​អាតែន​ចោទប្រកាន់​ពី​ការ​ដែល​លោក​មិន​គោរព​អាទិទេព​របស់​អាតែន និង​អូសទាញ​យុវវ័យ​អាតែន​ឲ្យ​ដើរ​តាម​គំនិត​របស់​ខ្លួន ហើយ​ការ​ប្ដឹងផ្ដល់​និង​ភាព​មិន​ពេញចិត្ត​របស់​ប្រជាជន​អាតែន​នេះ ក៏​នាំ​ទៅ​ដល់​ការ​ដាក់​ទោស​ប្រហារ​ជីវិត។ តាម​ពិត​ទៅ​នា​ខណៈ​នោះ គាត់​អាច​ជ្រើសរើស​ផ្លូវ​រស់​ឲ្យ​ខ្លួនឯង ប្រសិន​ជា​គាត់​បដិសេធ​ចោល​នូវ​គំនិត​របស់​ខ្លួន​អំពី​ជំនឿ​អាទិទេព​នោះ ហើយ​ចាកចេញ​ពី​ទីក្រុង។

យ៉ាងណាមិញ គាត់​សុខចិត្ត​ជ្រើស​យក​ការ​ស្លាប់​ប៉ុន្តែ​មិន​បោះបង់​ចោល​នូវ​អ្វី​ដែល​ខ្លួន​យល់​ថា​ជា​ភាព​ត្រឹមត្រូវ​នោះ​ឡើយ។ ទស្សនវិទូ​ប្លាតុង​ជា​កូនសិស្ស​របស់​គាត់ បាន​រៀបរាប់​ពី​ស្ថានភាព​របស់​គាត់​ពេល​នោះ​ថា៖ «នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ស្លាប់​របស់​សូក្រាត គាត់​បែរ​ជា​មាន​ឥរិយាបថ​និង​ពាក្យ​សម្ដី​ស្ថិត​ក្នុង​សភាព​សប្បាយ​រីករាយ នៅ​ពេល​ដែល​គាត់​បាន​ស្លាប់​ដោយ​មាន​កិត្តិយស​និង​ឥត​មាន​ភ័យខ្លាច»។ គាត់​ទទួល​យក​ថ្នាំ​ពុល​ពី​អ្នក​ប្រហារជីវិត រួច​ផឹក​វា​ចូល​ទៅ ហើយ​ក៏​ដើរ​ត្រេតត្រត​រហូត​ទាល់តែ​គាត់​មាន​អារម្មណ៍​ថា​ជើង​របស់​គាត់​ធ្ងន់ បន្ទាប់​មក​ក៏​ផ្ដេកផ្ដួល​អស់​ដង្ហើម​មាន​មិត្តភ័ក្ដិ​របស់​គាត់​ជុំវិញ​ខ្លួន​ទៅ។ សម្ដី​ប្រកប​ដោយ​គុណធម៌​ពិត​របស់​សូក្រាត​មួយ​មាន​សេចក្ដី​ថា៖ «ព្រលឹង​របស់​មនុស្ស​ទាំងអស់​សុទ្ធតែ​អមត ប៉ុន្តែ​ព្រលឹង​របស់​មនុស្ស​ត្រឹមត្រូវ​គឺ​អមត​ហើយ​ល្អ​ហ្មត់ហ្មង"

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.history.com

X
5s