​ចំណុច​សំខាន់ៗ​នៃ​ដំណើរ​ដើមទង​នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ដែល​អ្នក​គួរ​ដឹង​!​



ទិវា​សិទ្ធិ​នារី​អន្តរជាតិ ដែល​តែងតែ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ជា​រៀងរាល់​ឆ្នាំ​នៃ​ខែ​មិនា ទី៨ នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក ដើម្បី​អបអរ​សាទរ​ដល់​សមិទ្ធផល​និង​ភាព​អស្ចារ្យ​របស់​ស្ត្រី និង​ភាព​ស្មើ​គ្នា​រវាង​សិទ្ធិ​បុរស​និង​ស្ត្រី។ យ៉ាងណាមិញ តើ​ឫសគល់​នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ មាន​ប្រវត្តិសាស្ត្រ​កកើត​ឡើង​យ៉ាង​ដូចម្ដេច ?

១) ទិវា​សិទ្ធិ​នារី​អន្តរជាតិ ត្រូវ​បាន​ចាប់​ប្រារព្ធ​ឡើង​មុន​គេ​បង្អស់​នៅ​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី២៨ ខែ​មិនា ឆ្នាំ១៩០៩ ដោយ​គណបក្ស​សង្គមនិយម​របស់​អាមេរិក ក្នុង​គោលបំណង​ផ្ដល់​កិត្តិយស​ចំពោះ​ចលនា​បាតុកម្ម​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​និង​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត​ពី​ក្រុម​ស្ត្រី​ធ្វើការ​ក្នុង​រោងចក្រ នៅ​ឯ​ទីក្រុង​ញូយ៉ក នៃ​សហរដ្ឋអាមេរិក កាល​ពី​ឆ្នាំ១៩០៨។

២) នៅ​ឆ្នាំ​បន្ទាប់ ការ​ប្រជុំ​គ្នា​របស់​ពួក​សង្គមនិយម​អន្តរជាតិ​ក្នុង​សន្និសីទ​មួយ នៅ​ក្នុង​រដ្ឋធានី Copenhagen នៃ​ប្រទេស​ដាណឺម៉ាក អ្នក​ដឹកនាំ​គណបក្ស​សង្គមនិយម​របស់​អាល្លឺម៉ង់ បាន​លើកឡើង​ពី​គម្រោងការ​នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ដើម្បី​ផ្ដល់​កិត្តិយស​ទៅ​ដល់​ចលនា​បាតុកម្ម​របស់​ស្ត្រី ហើយ​មតិ​នេះ​ក៏​ទទួល​បាន​ការ​ស្វាគមន៍​ពី​សំណាក់​ស្ត្រី​ជាង​១០០នាក់​មក​ពី​១៧ប្រទេស​ក្នុង​សន្និសីទ​អន្តរជាតិ​នោះ។

៣) ភ្លាមៗ​នោះ ក្នុង​ឆ្នាំ១៩១១ ការ​ប្រារព្ធ​ឡើង​នូវ​ទិវា​សិទ្ធិ​នារី ក៏​ឃើញ​កើត​មាន​ឡើង​ក្នុង​ប្រទេស​អូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និង​ស្វីស នា​ថ្ងៃ​ទី១៩ ខែ​មិនា ដែល​មាន​ទាំង​ស្ត្រី​និង​បុរស​ជាង​១លាននាក់​ចូលរួម​ក្នុង​ការ​ជួបជុំ​នេះ ដើម្បី​ទាមទារ​សិទ្ធិ​របស់​ស្ត្រី​ក្នុង​ការ​បំពេញ​ការងារ ការ​ហាត់​ការ និង​លុប​បំបាត់​ចោល​នូវ​ការ​រើសអើង​ភេទ​ក្នុង​ក្របខ័ណ្ឌ​ការងារ ដែល​មាន​លើស​ពី​សិទ្ធិ​ស្ត្រី​ក្នុង​ការ​បោះឆ្នោត។

៤) រហូត​ដល់​ឆ្នាំ១៩៦៥ ការ​ផ្លាស់ប្ដូរ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ទៅ​រៀងរាល់​ខែ​មិនា ថ្ងៃ​ទី៨​វិញ ក៏​បាន​ព្រមព្រៀង​គ្នា​ជា​សកលលោក​ចាប់​តាំង​ពី​ពេល​នោះ​មក។

៥) អង្គការ​សហប្រជាជាតិ​ក៏​បាន​ចាប់ផ្ដើម​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ជា​ផ្លូវការ​របស់​ខ្លួន ក្នុង​ឆ្នាំ១៩៧៥។

៦) ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ គឺជា​ថ្ងៃ​ឈប់​សម្រាក​របស់​ជាតិ នៅ​បណ្ដា​ប្រទេស​ចំនួន​១៥ ក្នុង​នោះ​រួម​មាន​ទាំង​ប្រទេស​ចិន អ៊ុយក្រែន និង​វៀតណាម​ផង​ដែរ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព​៖ www.mirror.co.uk & www.un.org

X
5s