ប្រទេស ១០ដែលចំណាយថវិកាច្រើនបំផុតជួយសិស្ស&និស្សិតរបស់គេ
វិស័យអប់រំ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រទេសនីមួយៗនៅក្នុងលោកយើងនេះ។ អីចឹងបានជារដ្ឋាភិបាលនៃបណ្ដាប្រទេសមួយចំនួន បានចំណាយថវិកាយ៉ាងច្រើនសន្ធឹកដើម្បីជួយគាំទ្រដល់ការសិក្សារបស់សិស្ស និងនិស្សិតរបស់គេ។ ខាងក្រោមនេះ មានប្រទេស ១០ដែលបានចំណាយថវិកាច្រើនបំផុតជួយនិស្សិតរបស់គេ ផ្អែកតាមការចុះផ្សាយរបស់ The Richest៖
១)លុយហ្សំប៊ួ៖ ចំណាយ ១៩.០៤៩ ដុល្លារក្នុងសិស្សឬនិស្សិតម្នាក់។ ប្រទេសនេះចំណាយច្រើនបំផុតក្នុងលោក ជាពិសេសគឺសម្រាប់គ្រូបង្រៀនតែម្ដង។ គ្រាន់តែគ្រូចូលដំបូងមិនទាន់មានបទពិសោធន៍ និងចាប់ផ្ដើមបង្រៀនថ្នាក់បឋមសិក្សាគឺទទួលបានប្រាក់បៀរវត្សប្រមាណ ៦៤.០៤២ដុល្លារក្នុងមួយឆ្នាំ។
២) ស្វីស៖ ចំណាយ ១៣.៥១០ដុល្លារក្នុងសិស្សឬនិស្សិតម្នាក់។ ប្រទេសនេះក៏ជាប់ចំណាត់ថ្នាក់ចំណាយថវិកាច្រើនលើវិស័យអប់រំដែរ (៥.៤%នៃផលិតផលក្នុងស្រុកសរុប)។ អត្រាអ្នកចេះអក្សរ គឺ ៩៩%។
៣) ន័រវែស៖ ១៣.០៦៦ដុល្លារក្នុងសិស្សឬនិស្សិតម្នាក់។ ប្រទេសនេះមានអត្រាអ្នកចេះអក្សរ ១០០%តែម្ដង។ ន័រវែសចំណាយ ៧.៣%នៃផលិតផលក្នុងស្រុកសរុបសម្រាប់វិស័យអប់រំ។
៤) សហរដ្ឋអាមេរិក៖ ១១.៨២៥ដុល្លារក្នុងសិស្សឬនិស្សិតម្នាក់។ មហាអំណាចសេដ្ឋកិច្ចមួយនេះចំណាយប្រមាណ ៥.៤%នៃផលិតផលក្នុងស្រុកសរុបទៅលើវិស័យអប់រំ។ កម្រិតអ្នកចេះអក្សរ គឺ៩៩%។
៥) អូទ្រីស៖ ១១.៦៩៣ដុល្លារក្នុងសិស្សឬនិស្សិតម្នាក់។ អូទ្រីសមានសាលារដ្ឋដែលតម្រូវឱ្យសិស្សចូលរៀនរយៈពេល ៩ឆ្នាំ។ សាលាផ្ដល់ការអប់រំទាំងចំណេះដឹង ជំនាញវិជ្ជាជីវៈ ជំនាញបច្ចេកទេស និងថ្នាក់ត្រៀមចូលរៀនសាកលវិទ្យាល័យ។
៦) ដាណឺម៉ាក៖ ១១.៤០៣ដុល្លារក្នុងសិស្សឬនិស្សិតម្នាក់។ រដ្ឋាភិបាលតម្រូវឱ្យសិស្សចូលរៀនរហូតដល់អាយុ ១៥ ឬ១៦ឆ្នាំ ប៉ុន្តែរដ្ឋមិនតម្រូវឱ្យរៀនសាលារដ្ឋទាំងអស់នោះទេ។ ប្រទេសនេះចំណាយទៅលើវិស័យអប់រំប្រមាណ ៨.៧%នៃផលិតផលក្នុងស្រុកសរុប។
៧) ប៊ែលហ្ស៊ិក៖ ១០.១២២ដុល្លារក្នុងសិស្សឬនិស្សិតម្នាក់។ ប្រពន្ធអប់រំរបស់ប្រទេសនេះ គឺត្រូវបានកំណត់និងផ្ដល់ហិរញ្ញប្បទានដោយបីសហគមន៍ធំៗគឺ ក្រុមនិយាយភាសាហុឡង់ដ៍ ក្រុមនិយាយភាសាបារាំង និងក្រុមនិយាយភាសាអាល្លឺម៉ង់។ ដ្ឋាភិបាលតម្រូវឱ្យសិស្សចូលរៀនរហូតដល់អាយុ ១៨ឆ្នាំឬរហូតដល់ថ្នាក់បញ្ចប់ឧត្តមសិក្សា។ ប្រទេសនេះចំណាយទៅលើវិស័យអប់រំប្រមាណ ៦.៦%នៃផលិតផលក្នុងស្រុកសរុប។
៨) ហុឡង់ដ៍៖ ១០.០៧៥ ដុល្លារក្នុងសិស្សឬនិស្សិតម្នាក់។ ប្រទេសនេះក៏ត្រូវបានចាត់ថ្នាក់ជាប្រទេសមានការអភិវឌ្ឍខ្ពស់បំផុតមួយក្នុងលោក។ ប្រទេសនេះចំណាយទៅលើវិស័យអប់រំប្រមាណ ៥.៩%នៃផលិតផលក្នុងស្រុកសរុប។
៩) ស៊ុយអ៊ែត៖ ១០.០៤៤ដុល្លារក្នុងសិស្សឬនិស្សិតម្នាក់។ ប្រទេសនេះចំណាយទៅលើវិស័យអប់រំប្រមាណ ៥.៦%នៃផលិតផលក្នុងស្រុកសរុប។ អត្រាប្រជាជនចេះអក្សរ គឺ ៩៩%។
១០) ចក្រភពអង់គ្លេស៖ ៩.៩៨០ដុល្លារក្នុងសិស្សឬនិស្សិតម្នាក់។ ប្រទេសនេះចំណាយទៅលើវិស័យអប់រំប្រមាណ ៧.៣%នៃផលិតផលក្នុងស្រុកសរុប។ អត្រាប្រជាជនចេះអក្សរ គឺ ៩៩%។ គិតជាមធ្យម នៅអង់គ្លេស ក្មេងចូលរៀនរហូតដល់អាយុ ១៧ឆ្នាំ៕