បើមានសញ្ញាទាំងនេះ មានន័យថា អ្នកកំពុងក្លាយមនុស្សវិជ្ជមានយ៉ាងពិតប្រាកដ
អ្នកដែលប្រាប់អ្នកថាការគិតវិជ្ជមានគឺជារឿងងាយស្រួលគឺជារឿងមិនពិតនោះទេ។ ការផ្លាស់ប្តូរទស្សនៈ និងមើលឃើញភាពល្អក្នុងស្ថានភាពអាក្រក់គឺទាមទារការអនុវត្តនិងកម្លាំងចិត្ត។ ការគិតវិជ្ជមានគឺអាស្រ័យទៅលើការសម្រេចចិត្តនិងការប្ដេជ្ញាចិត្តរបស់អ្នក មិនមែនសំណាងនោះទេ។ ប្រសិនជាអ្នកមានសញ្ញាដូចខាងក្រោម នោះបង្ហាញថាអ្នកក្លាយជាមនុស្សវិជ្ជមានហើយ ៖
១) អ្នកទទួលស្គាល់ភាពអវិជ្ជមាន៖ តើអ្នកនៅចាំពេលដែលអ្នកជាមនុស្សអវិជ្ជមានដែរឬទេ? ភាពអវិជ្ជមានហាក់ដូចជាមិនរំខានដល់ជីវិតអ្នកនោះទេ។ អ្នកផ្លាស់ប្តូរនៅពេលដែលអ្នកចាប់ផ្តើមធុញនឹងមនុស្សអវិជ្ជមាននិងការរអ៊ូរបស់អ្នកដទៃអំពីជីវិតរបស់ពួកគេ។ អ្នកដែលគិតវិជ្ជមានមើលដំណោះស្រាយជាជាងបញ្ហា។
២) កាត់បន្ថយ និង ជ្រើសយកព័ត៌មាន ៖ ព័ត៌មានភាគច្រើនពោរពេញទៅដោយសង្គ្រាម ការរំលោភ ភ្លើងឆេះផ្ទះ ចោរប្លន់។ល។ អ្នកដែលគិតវិជ្ជមានដឹងថាខ្លួនឯងត្រូវការព័ត៌មានដែលល្អនិងវិជ្ជមាន ហើយពួកគេចំណាយពេលទៅរៀនអ្វីដែលមានប្រយោជន៍។
៣) បារម្ភពីអ្នកដទៃ៖ មនុស្សដែលអវិជ្ជមានរវល់តែរឿងមិនសប្បាយចិត្តរបស់ពួកគេ វាសឹងតែគ្មានពេលសម្រាប់ពួកគេទៅបារម្ភពីអ្នកដទៃ។ ប្រសិនអ្នកជាមនុស្សវិជ្ជមាន អ្នកដឹងថាភាពរីករាយកើតចេញពីការជួយអ្នកដទៃ។
៤) ទទួលខុសត្រូវ៖ កាលពីមុន អ្នកបន្ទោសអ្នកដទៃនូវរឿងអាក្រក់ដែលកើតឡើង។ ក្រោយពីអ្នកផ្លាស់ប្ដូរទស្សនៈ អ្នកដឹងថាជីវិត ការងារឬការសិក្សាគឺអាស្រ័យទៅលើការសម្រេចចិត្តរបស់អ្នក។ អ្នកឈប់បន្ទោសអ្នកដទៃហើយទទួលខុសត្រូវដោយខ្លួនឯង៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.addicted2success.com