ការទស្សន៍ទាយរបស់អ្នកវិភាគអំពីរបត់ធំៗចំនួន ៣​បង្ហាញ​ពី​អនាគតមហាអំណាចចិន​



ទឹកដី​ដ៏​ធំ​មួយ​ដែល​ធ្លាប់​ត្រូវ​បាន​អតីត​មេដឹកនាំ​​កុម្មុយនីស្ដ​ម៉ៅ កាច់​ចង្កូត​បត់បែន​ទៅ​តាម​មនោគមវិជ្ជា​របស់​ខ្លួន ដែល​តបស្នង​ជា​លទ្ធផល​មក​វិញ​​បាន​បន្សល់​ទុក​នូវ​របត់​ផ្លាស់ប្ដូរ​ធំៗ​ជា​ច្រើន​ទាំង​វិជ្ជមាន​និង​អវិជ្ជមាន​សម្រាប់​ប្រជាជន​ចិន​ជំនាន់​ក្រោយ​ផង​ដែរ។ ការ​ផ្លាស់ប្ដូរ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​អ្នក​វិភាគ​មួយ​ចំនួន​ឲ្យ​សិក្សា​ស្រាវជ្រាវ និង​បង្កើត​ជា​ការ​ទស្សន៍ទាយ​ឡើង​ពី​ភាព​ដែល​អាច​ទៅ​រួច​របស់​មហាអំណាច​ចិន​សម្រាប់​ពេល​អនាគត​ដូច​ដែល​បាន​បង្ហាញ​នៅ​ខាងក្រោម​នេះ។ ១) ចំនួន​ប្រជាជន៖ ចំនួន​ប្រជាជន​ចិន​មាន​ច្រើន​រហូត​ធ្វើឲ្យ​ប្រទេស​នេះ ស្ថិត​ក្នុង​លំដាប់​ទី១​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក។ ហេតុនេះ អ្នក​វិភាគ​បាន​ទស្សន៍ទាយ​ឃើញ​នូវ​របត់​ធំៗ​ចំនួន​៣​ទៅលើ​ចំនួន​ប្រជាជន​ចិន។ ទី១ ក្នុង​ឆ្នាំ២០២០ ចំនួន​ប្រជាជន​ក្នុង​វ័យ​ធ្វើការ នៅ​ចន្លោះ​អាយុ​១៥ឆ្នាំ​ដល់​៦៤ឆ្នាំ នឹង​កើន​ឡើង​រហូត​ដល់​១ពាន់​លាន​នាក់ ដែល​ជា​ការ​ឆ្លើយតប​របស់​សង្គម​ចំពោះ​ការ​ផ្លាស់ប្ដូរ​នេះ​វិញ​នូវ​ការ​បង្កើន​ឱកាស​ការងារ​ផង​ដែរ។ ទី២ ត្រឹម​ឆ្នាំ២០៣០ កំណើន​ប្រជាជន​នឹង​មាន​រហូត​ដល់​១.៦ពាន់​លាន​នាក់ ដែល​ជា​សញ្ញា​នៃ​កំណើន​តម្រូវការ​ការ​ផ្គត់ផ្គង់​អាហារ។ ទី៣ ក្នុង​ឆ្នាំ២០៤០ ប្រជាជន​ចិន​ប្រមាណ​៣២០លាន​នាក់ គឺ​ជា​មនុស្ស​មាន​វ័យ​លើស​ពី​៦០ឆ្នាំ​ឡើង​ទៅ។ ម្យ៉ាងទៀត នៅ​៤០​ឆ្នាំ​ខាង​មុខ ការ​ផ្លាស់ប្ដូរ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​សង្គម​ចិន គឺ​ជា​ការ​ធ្វើ​នគរោបនីយកម្ម​របស់​អ្នក​រស់នៅ​តាម​ជនបទ​ផ្លាស់ប្ដូរ​ទៅ​រស់នៅ​ទីក្រុង​វិញ ប្រហែល​៥០០លាន​នាក់។ ២) អាហារ​និង​ទឹក៖ ប្រជាជន​ចិន​មាន​ចំនួន​១ភាគ​៥​នៃ​ចំនួន​ប្រជាជន​របស់​ពិភពលោក​សរុប យ៉ាងណាមិញ ផ្ទៃដី​សម្រាប់​ដាំដុះ​ធ្វើ​ស្រែ​ចម្ការ​មាន​ត្រឹមតែ​៧ភាគរយ​ធៀប​នឹង​ផ្ទៃដី​សរុប​របស់​ពិភពលោក​ប៉ុណ្ណោះ។ ម្យ៉ាងទៀត នៅ​ក្នុង​៧ភាគរយ​នោះ មាន​តែ​៣៣ភាគរយ​ដែល​អំណោយផល​សម្រាប់​ការ​ដាំដុះ​បាន ដែល​ជា​លទ្ធផល​នៃ​សំណឹក​ដី និង​តម្រូវការ​នៃ​កំណើន​ប្រជាជន ស្រប​ពេល​ជាមួយ​គ្នា​នោះ​ក៏​ទទួល​ការ​គំរាមកំហែង​ពី​ការ​បំពុល​ពី​ឧស្សាហកម្ម​និង​កសិកម្ម​ទៀត​ផង ធ្វើឲ្យ​ប្រទេស​នេះ​ស្ថិត​ក្នុង​លំដាប់​ទី២​ជា​ប្រទេស​ដែល​មាន​ការ​បំពុល​ឧស្ម័ន​កាបូនឌីអុកស៊ីត​ពី​ឧស្សាហកម្ម​ច្រើន​ជាងគេ​បំផុត។ ប្រការ​នេះ​ធ្វើឲ្យ​អ្នក​វិភាគ​មួយ​ចំនួន​សន្និដ្ឋាន​ថា ចិន​អាច​នឹង​ត្រូវ​ពឹងផ្អែក​ទៅលើ​ការ​នាំ​ចូល​ផលិតផល​ពី​បរទេស​។ យ៉ាងណាមិញ ការ​ទស្សន៍ទាយ​នេះ​អាច​នឹង​ផ្លាស់ប្ដូរ​ដោយសារ​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា រួម​ជាមួយ​គ្នា​នឹង​គោលនយោបាយ​បរិស្ថាន​របស់​រដ្ឋាភិបាល ទៅលើ​អនាគត​នៃ​កសិកម្ម ដែល​នឹង​ផ្ដល់​ផល​វិជ្ជមាន​ដល់​ទិន្នផល​កសិកម្ម និង​កាត់បន្ថយ​ភាព​អត់​ការងារ​ធ្វើ​នៅ​ពេល​មាន​កំណើន​តម្រូវការ​កម្លាំង​ពលកម្ម​ផ្នែក​កសិកម្ម​ផង​ដែរ។ ៣) នយោបាយ៖ ស្ថានភាព​នយោបាយ​នៅ​ក្រោម​ការ​ដឹកនាំ​តាម​បែប​​កុម្មុយនីស្ដ​​មួយ​នេះ នឹង​ខិត​ទៅ​រក​ប្រទេស​ប្រជាធិបតេយ្យ​បន្តិច​ម្ដងៗ​ដោយ​ខ្លួនឯង ប្រសិន​ណា​បើ​ស្ថានភាព​សេដ្ឋកិច្ច​មាន​ភាព​វិជ្ជមាន​ដែរ​នោះ។ ប៉ុន្តែ​សម្រាប់​មហាអំណាច​សេដ្ឋកិច្ច​ទី២​របស់​ពិភពលោក​នេះ ដែល​បើ​ទោះ​ជា​ពុំ​មាន​វិបត្តិ​ទាក់ទិន​នឹង​អ្នក​បន្ត​វេន ឬ​វិបត្តិ​​រដ្ឋាភិបាល​ក៏​ដោយ ក៏​បញ្ហា​ចម្បងៗ​មួយ​ចំនួន​ដូចជា​ចំនួន​ប្រជាជន​ដ៏​ច្រើន​លើសលប់ កំណែ​ទម្រង់​សហគ្រាស​របស់​រដ្ឋ បញ្ហា​ជាមួយ​សហរដ្ឋអាមេរិក និង​កម្សោយ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ពុករលួយ និង​បទឧក្រិដ្ឋ​នានា ជាពិសេស​គឺជា​សេដ្ឋកិច្ច​នោះ​ឯង​ជា​បញ្ហា​ធ្វើ​ឱ្យ​ឈឺ​ក្បាល​ដល់​​បក្សកុម្មុយនីស្ដ៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ edition.cnn.com
X
5s