ព័ត៌មាន​​មាន​ច្រើន​ណាស់ តើ​​ធ្វើ​យ៉ាង​ណា​ដើម្បី​បញ្ចៀស​ព័ត៌មាន​​មិន​ពិត​ ឬ ក្លែងក្លាយ​?​



ក្នុង​សម័យ​ទំនើប​ដែល​បច្ចេកវិទ្យា​មាន​មុខ​នាទី​យ៉ាង​សំខាន់​នេះ បណ្ដាញ​សង្គម​ប្រៀប​បាន​ទៅ​នឹង​ស្ពាន​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស​និង​មនុស្ស​មិន​អាស្រ័យ​ថា​ចម្ងាយ​ឆ្ងាយ​ពី​គ្នា​ប៉ុណ្ណា​នោះ​ទេ។ សារប្រយោជន៍​របស់​វា​មាន​ច្រើន​រាប់​មិន​អស់​ក្នុង​ការ​ផ្ដល់​ភាព​ងាយស្រួល​ដល់​មនុស្ស​យើង ស្រប​ពេល​នេះ​ដែរ​វា​ក៏​ជា​អ្នក​ប្រកូកប្រកាស​ញុះញង់​មនុស្ស​ឲ្យ​ឈ្លោះ​គ្នា​ដែរ។ សំណួរ​សួរ​ថា តើ​បណ្ដាញ​សង្គម​ជា​អ្នក​ផ្លុំ​ត្រចៀក​មនុស្ស​ឲ្យ​ទំនាក់ទំនង​របស់​ពួកគេ​ខូចខាត ឬ​ក៏​មនុស្ស​ខ្លួនឯង​ជា​អ្នក​មាន​គុណវិបត្តិ​មិន​ពិនិត្យ​ថ្លឹងថ្លែង​ឲ្យ​បាន​ច្បាស់លាស់​ដោយ​ខ្លួនឯង មុន​នឹង​ជឿ​លើ​ព័ត៌មាន​ណាមួយ និង​ចែក​រំលែក​វា​តៗ​គ្នា ?

បណ្ដាញ​សង្គម​ប្រៀប​ដូចជា​ទីផ្សារ​មួយ​ដែល​ងាយស្រួល​បំផុត​សម្រាប់​បំផ្លើស​ព័ត៌មាន​មិន​ពិត និង​ប្រកូកប្រកាស​មនុស្ស​ឲ្យ​ឈ្លោះ​គ្នា។ ដូច្នេះ​ប្រសិន​បើ​អ្នក​ធ្វេស​ប្រហែស​មិន​ត្រួតពិនិត្យ​ឲ្យ​ជាក់លាក់​មុន​នឹង​ជឿ​នោះ​ទេ អ្នក​នឹង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​ពួកគេ​ជា​មិនខាន។ ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ​នឹង​អាច​ជួយ​អ្នក​ក្នុង​ការ​ការពារ​ធ្លាក់​ចូល​អន្ទាក់​នេះ​បាន៖

១) អត់ធ្មត់​អាន​ឲ្យ​ចប់​សេចក្ដី​ជា​មុន​សិន៖ «អ្វី​ដែល​យើង​ឭ​គ្រាន់តែ​ជា​មតិ មិនមែន​ជា​ការ​ពិត​នោះ​ទេ។ អ្វី​ដែល​យើង​ឃើញ​គ្រាន់តែ​ជា​ទស្សនីយភាព វា​មិនមែន​ជា​ការ​ពិត​ទេ»។ អ្នក​ត្រូវ​ចាំ​រឿង​មួយ​ជានិច្ច​ថា ព័ត៌មាន​បំផ្លើស និង​រឿង​ប្រឌិត ផ្សព្វផ្សាយ​លេច​ឮ​បាន​រហ័ស​ជាង​ការ​ពិត​ទៅ​ទៀត។ អ្នក​អាន​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម​ភាគច្រើន​ណាស់​ដែល​តែង​មាន​ទម្លាប់​អាន​តែ​ចំណងជើង ឬ​បាន​អាន​សេចក្ដី​ដើម​ពី​ខាងលើ​មក​ដែរ ដោយ​មិន​អាន​ឲ្យ​ចប់​សេចក្ដី​សិន​នោះ​ទេ ក៏​ចាប់ផ្ដើម​កើត​ក្ដី​ខឹង​សម្បារ​ឬ​ជឿ​ងប់ងុល​ទៅ​នឹង​អ្វី​ដែល​បាន​ផ្សព្វផ្សាយ។ តាម​ពិត​ជា​ច្រើន​ដង​ណាស់​ដែល​ការ​ឈ្លោះ​ប្រកែក​តឹង​សរសៃ​ក​ដាក់​គ្នា កើត​ចេញ​ពី​មូលហេតុ​ដ៏​ល្ងង់ខ្លៅ​មួយ​នេះ។

២) ពិនិត្យ​មើល​កាលបរិច្ឆេទ៖ មូលហេតុ​នេះ​ក៏​កើត​ឡើង​ជា​ញឹកញាប់​ខ្លាំង​ដែរ។ ជួនកាល​ដំណឹង​ព័ត៌មាន​ណាមួយ​បាន​កើត​ឡើង​តាំង​ពី​រយៈកាល​យូរយារ​មក​ហើយ ប៉ុន្តែ​នៅ​ពេល​វា​លេច​ឡើង​មក​ម្ដង​ទៀត​នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ អ្នក​អាន​ក៏​នាំ​គ្នា​ជឿ​ថា​វា​នៅ​តែ​កើត​ឡើង ហើយ​ចាប់ផ្ដើម​ចែកចាយ​តៗ​គ្នា​ដោយ​ខ្វះ​ការ​ត្រួត​ពិនិត្យ​ល្អិតល្អន់​មុន​សិន។ ម្យ៉ាងទៀត វា​នៅ​តែ​ត្រូវ​ទាមទារ​ឲ្យ​អ្នក​អាន​ឲ្យ​ចប់​សិន​មុន​នឹង​ចែកចាយ ព្រោះ​អ្នក​សរសេរ​អត្ថបទ​មួយ​ចំនួន បន្លំ​អ្នក​អាន​ដោយ​សរសេរ​ពី​ការ​ពិត​ទើប​ចាប់ផ្ដើម​រំលេច​ព័ត៌មាន​បំផ្លើស​របស់​ខ្លួន​នៅ​ពាក់​កណ្ដាល​រឿង។

៣) ពិនិត្យ​មើល​លើ​អ្នក​ណា​ជា​អ្នក​សរសេរ៖ ឆាប់​ជឿ​ពេក​នឹង​នាំ​ទៅ​រក​ការ​ភ័ន្ត​ច្រឡំ​បាន​ដោយ​ងាយ​បំផុត។ អ្នក​ត្រូវ​ចូល​ទៅ​មើល​អត្ថបទ​ដែល​ចេញ​ផ្សាយ​នោះ​និង​ស្វែងរក​មើល​ថា​នរណា​ជា​អ្នក​សរសេរ និង​មើល​អត្ថបទ​ពី​មុនៗ​របស់​ពួកគេ នោះ​អ្នក​នឹង​អាច​បញ្ជាក់​បាន​ថា​អ្វី​ដែល​គេ​សរសេរ​នោះ​អាច​ជឿជាក់​បាន​ឫ​អត់។ វេបសាយ​របស់​គេហទំព័រ​នីមួយៗ​ក៏​ធ្វើ​ដូច​គ្នា​ដែរ តើ​ពួកគេ​ជា​វេបសាយ​ស្រប​ច្បាប់ និង​មាន​ដាក់​ប្រភព​បញ្ជាក់​ពី​អំណះអំណាង​របស់​ខ្លួន​បាន​ត្រឹមត្រូវ​ឫ​អត់ និង​ថា​តើ​ប្រភព​នោះ​គួរ​ឲ្យ​ទុកចិត្ត​បាន​ឫ​ទេ ម្យ៉ាងទៀត​តើ​មាន​វេបសាយ​ដទៃ​ទៀត​ណា​និយាយ​អំពី​ព័ត៌មាន​តែ​មួយ​នេះ​ដូច​គ្នា​ទេ ពុំ​នោះ​ទេ​វា​ច្បាស់​ជា​មិនមែន​ជា​ការ​ពិត​ហើយ។

៤) ប្រុងប្រយ័ត្ន​ចំពោះ​ភាព​លម្អៀង​នៃ​ការ​ទទួល​ស្គាល់៖ មនុស្ស​យើង​ជាទូទៅ​តែង​លម្អៀង​ទទួល​ស្គាល់​អ្វី​មួយ នៅ​ពេល​វា​សម្រប​ឬ​ដូច​ទៅ​នឹង​អ្វី​ដែល​ជា​ជំនឿ​ដែល​ខ្លួន​មាន​ស្រាប់​កន្លង​មក មានន័យ​ថា​វា​គ្រាន់តែ​ជា​ការ​វិនិច្ឆ័យ​ថា​អ្វី​មួយ​ពិត​ដោយ​គ្រាន់តែ​ចេញ​ពី​ជ្រុង​ម្ខាង​នៃ​ភាព​លម្អៀង​ទៅលើ​ការ​យល់​ឃើញ​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។ តាម​របៀប​នេះ វា​មិន​ចម្លែក​នោះ​ទេ ដែល​វា​ជា​ភ្លើង​ដុត​បញ្ឆេះ​រាលដាល​យ៉ាង​រហ័ស​រវាង​មនុស្ស​នោះ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ huffingtonpost

X
5s