គន្លឹះ ៥យ៉ាងដើម្បីផ្ដោតអារម្មណ៍លើកិច្ចការសាលា «ធ្វើបានពិន្ទុច្រើន!»
តើអ្នកមានបញ្ហាផ្ដោតអារម្មណ៍លើកិច្ចការសាលាមែនទេ? ប្រសិនជាអ្នកមានបញ្ហាផ្តោតអារម្មណ៍មែននោះ អ្នកអាចជម្នះបញ្ហានេះនិងបញ្ចប់កិច្ចការបានយ៉ាងល្អដោយអនុវត្តតាមគោលការណ៍ទាំង ៥នេះ។ បើធ្វើកិច្ចការសាលាបានល្អហើយនោះ នោះច្បាស់ជាទទួលបានពិន្ទុច្រើនជាមិនខាន។
១) រកកន្លែងស្ងាត់ស្ងៀម៖ ប្រសិនជាអ្នកចាំបាច់ត្រូវផ្តោតអារម្មណ៍ វាពិតជាពិបាកប្រសិនជាអ្នកស្ថិតនៅកន្លែងមួយដោយពោរពេញទៅដោយសម្លេងរញ៉េរញ៉ៃ។ អ្នកគួរតែរកកន្លែងស្ងាត់ស្ងៀមមួយដែលអ្នកអាចផ្តោតអារម្មណ៍បាន។
២) មានសម្ភារៈគ្រប់គ្រាន់៖ មុននឹងអ្នកចាប់ផ្តើមធ្វើកិច្ចការសាលា អ្នកត្រូវត្រួតពិនិត្យមើលតើអ្នកមានសម្ភារៈ គ្រប់គ្រាន់ហើយឬនៅ។ ប្រសិនជាអ្នកមានអ្វីដែលអ្នកត្រូវការហើយ អ្នកងាយស្រួលក្នុងការផ្តោតអារម្មណ៍ទៅលើអ្វីដែលអ្នកកំពុងតែធ្វើ។
៣) ជម្រុះចោលនូវសម្ភារៈដែលរំខាន៖ អ្នកគួរតែបិទកុំព្យូទ័រឬទូរស័ព្ទដៃចោល ឬអ្វីៗដែលអាចរំខានដល់អ្នក។ ប្រសិនជាអ្នកតាំងចិត្តហើយ អ្នកមិនត្រូវខ្វល់អ្វីក្រៅពីកិច្ចការសាលារបស់អ្នកឡើយ។ ប្រសិនជាអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបាន អ្នកអាចឲ្យទូរស័ព្ទទៅកាន់ម្តាយរបស់អ្នករក្សាទុកសិន ឬទុកវាមួយកន្លែងសិន ឬបិទចោលតែម្ដង។ បន្តិចធ្វើកិច្ចការសាលា បន្តិចបើកទូរស័ព្ទ បន្តិចលេង Facebook ច្បាស់ណាស់ថា អ្នកមិនអាចផ្ដោតអារម្មណ៍បាននោះទេ។
៤) កត់ត្រានូវចំណុចដែលអ្នកគួរធ្វើ៖ មុនពេលដែលអ្នកចាប់ផ្តើម គួរកត់ត្រាទុកនូវអ្វីដែលអ្នកត្រូវធ្វើដើម្បីបញ្ចប់កិច្ចការសាលារបស់អ្នក ពីព្រោះថាវាអាចជាគម្រោងសិក្សាដែលអ្នកងាយស្រួលដើរតាម។
៥) ធ្វើកិច្ចការដែលលំបាកមុន៖ ការធ្វើកិច្ចការដែលលំបាកមុនពិតជាមានប្រសិទ្ធភាពសម្រាប់មនុស្សមួយចំនួន។ ក្រោយពេលដែលអ្នកបញ្ចប់កិច្ចការដែលលំបាក អ្នកគួរតែផ្តល់រង្វាន់ដល់ខ្លួនឯង។ ម៉្យាងវិញទៀត អ្នកនឹងមានកម្លាំងចិត្តក្នុងការធ្វើកិច្ចការបន្ទាន់ដោយសារតែកិច្ចការដែលលំបាកធ្វើរួចហើយ។ មួយទៀតនោះគឺថា កម្លាំងចិត្តនៅពេលផ្តោតអារម្មណ៍ដំបូងគឺខ្លាំងដូច្នេះអ្នកត្រូវធ្វើកិច្ចការដែលលំបាកមុន៕
ប្រែសម្រួល៖ អ៊ឹង មុយយូ
ប្រភព៖ www.wikihow.com