ចំណុច​ពិសេសៗ​​​ដែល​ធ្វើ​​ឲ្យ​​ស៊ុយអែត​ ក្លាយ​ជា​ប្រទេស​លេចធ្លោ​មួយ​ក្នុង​លោក​​



ប្រព័ន្ធ​នយោបាយ​ប្រកប​ដោយ​ប្រជាធិបតេយ្យ​ពេញលេញ រាល់​ប្រជាជន​គ្រប់​អាយុ​មាន​សិទ្ធិ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដើម្បី​បញ្ចេញ​មតិ​ជ្រើសរើស​អ្នក​តំណាង​ដឹកនាំ​ប្រទេស​ជាតិ​ខ្លួន និង​សិទ្ធិ​ក្នុង​ការ​ជំទាស់​ទៅ​នឹង​បញ្ហា​ផ្សេងៗ​របស់​ប្រទេស មាន​គោលជំហរ​សេដ្ឋកិច្ច​ដ៏​រឹងមាំ ជាមួយ​នឹង​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ទាប​បំផុត ប្រព័ន្ធ​សុខុមាលភាព​ទំនុក​បម្រុង​ប្រជាជន​ដ៏​ទូលំទូលាយ សន្តិសុខ​សង្គម​ដ៏​គួរ​ឲ្យ​ទុកចិត្ត គុណភាព​ជីវិត​ដែល​មាន​លក្ខណៈ​ប្រសើរ​និង​អាយុ​សង្ឃឹម​របស់​ប្រជាជន​មាន​កម្រិត​ខ្ពស់ ទាំងនេះ​សុទ្ធតែ​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​ប្រទេស​ស៊ុយអែត ស្ថិត​ក្នុង​លំដាប់​ទី៣​ជា​ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ​បំផុត​ដោយ​មិន​អាច​ប្រកែក​បាន កាល​ពី​ពេល​ថ្មីៗ​នេះ​ក្នុង​ឆ្នាំ២០១៦។ ព្រះរាជាណាចក្រ​ស៊ុយអែត​ដែល​ជា​ឈ្មោះ​ផ្លូវការ​របស់​ប្រទេស​នេះ មាន​ស្ដេច Carl XVI Gusaf ជា​តំណាង​របស់​ប្រទេស​និង​បង្ហាញ​វត្តមាន​ក្នុង​ពិធី​បុណ្យ​សំខាន់ៗ ប៉ុន្តែ​ប្រធានាធិបតី Stefan Lofvenជា​អ្នក​មាន​អំណាច​ចេញ​មុខ​ក្នុង​កិច្ចការ​នយោបាយ​របស់​ប្រទេស​ជំនួស​ស្ដេច។ ប្រទេស​ស៊ុយអែត​បាន​យក​ឈ្នះ​ស្ទើរ​តែ​គ្រប់​ផ្នែក​ទាំងអស់​លើ​ប្រទេស​អភិវឌ្ឍ​ជា​ច្រើន​របស់​ពិភពលោក ជា​តឹកតាង លំដាប់​កំពូល​ទី១​ក្នុង​សន្ទស្សន៍​នៃ​ប្រទេស​ដ៏​ល្អ​មួយ (Good Country Index) ក៏​បាន​ទៅលើ​ប្រទេស​ស៊ុយអែត​ផង​ដែរ។ ក្រៅ​ពី​សមិទ្ធផល​សំខាន់ៗ​ទាំងនេះ​ដែល​ជា​លំនឹង​ផ្ដល់​គ្រឹះ​ដ៏​រឹងមាំ​មួយ សម្រាប់​ស៊ុយអែត​ឈរ​ក្នុង​លំដាប់​កំពូល​ទៅលើ​ផ្នែក​ជាច្រើន ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ​ហើយ ទឹកដី​ដែល​មាន​ប្រជាជន​គ្រប់គ្រង​ចំនួន​៩.៥លាន​នាក់​នេះ​ទៀត​សោត នៅ​មាន​លក្ខណៈ​ពិសេស​ផ្សេងៗ​ទៀត​ដូចជា៖ ១) លក្ខណៈ​ភូមិសាស្ត្រ៖ ជាមួយ​នឹង​ផ្ទៃដី​សរុប​ចំនួន​៤៤៩.៩៦៤​គីឡូម៉ែត្រ​ការ៉េ ៩៧​ភាគរយ​នៃ​ផ្ទៃដី​ទាំងមូល​របស់​ប្រទេស​នេះ គឺជា​កន្លែង​ដែល​មិន​មាន​មនុស្ស​តាំង​ទីលំនៅ ហើយ​ប្រមាណ​១​ភាគ​១០​នៃ​ផ្ទៃដី​ទាំងមូល​នោះ​ទៀត​សោត គ្រប​ដណ្ដប់​ទៅ​ដោយ​កន្លែង​អភិរក្ស​ធម្មជាតិ និង​សួនច្បារ​ជាតិ ដែល​បាន​ធ្វើឲ្យ​ស៊ុយអែត​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​ការ​បំពុល​បរិស្ថាន​តិចតួច​ជាងគេ​បំផុត។ ភ្ជាប់​ជាមួយ​គ្នា​នេះ​ដែរ ស៊ុយអែត​ក៏​ជា​ប្រទេស​មួយ​ដែល​ប្រជាជន​ពួកគេ​មាន​ស្មារតី​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​បរិស្ថាន។ ត្រឹម​តែ​១​ភាគរយ​នៃ​កាក​សំណល់​រឹង​ទាំងអស់ ត្រូវ​បាន​ចាក់ចោល នៅ​សល់​ទាំង​ប៉ុន្មាន​ពួកគេ​កែច្នៃ​ប្រើប្រាស់​វា​សារ​ជា​ថ្មី ដើម្បី​ផលិត​កម្ដៅ ភ្លើង​អគ្គិសនី ប្រេង​ឥន្ធនៈ​សម្រាប់​យានយន្ត ក្នុង​ទម្រង់​ជា​ជីវឧស្ម័ន។ ម្យ៉ាងទៀត ជិត​ពាក់​កណ្ដាល​នៃ​ផលិតផល​អគ្គិសនី​របស់​ស៊ុយអែត​ប្រហែល​៤៨​ភាគរយ សុទ្ធតែ​ទទួល​បាន​ពី​ប្រភព​ថាមពល​កកើត​ឡើង​វិញ​ទាំងអស់។ ២) រដ្ឋាភិបាល៖ ប្រទេស​ដែល​មាន​ទីក្រុង​ស្តុកហូម​ជា​រដ្ឋធានី​ប្រចាំ​ប្រទេស​នេះ គឺជា​ប្រទេស​ដំបូង​បង្អស់​ដែល​មាន​ការ​ផ្ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​សម្រាប់​ប្រជាជន​នៅ​ឆ្នាំ​១៧៦៦ ហើយ​សេរីភាព​បញ្ចេញ​មតិ​នេះ​ទៅ​ទៀត​ក៏​បាន​ស្ថិត​ក្នុង​លំដាប់​កំពូល​ផង​ដែរ។ មួយ​វិញ​ទៀត ទំនាក់ទំនង​រវាង​មនុស្ស​ភេទ​ដូច​គ្នា​បាន​អនុញ្ញាត​តាម​ច្បាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៤ រីឯ​សិទ្ធិ​រៀបការ​ផ្ដល់​ឲ្យ​ក្នុង​ឆ្នាំ​២០០៩។ ស៊ុយអែត​ក៏​ជា​ប្រទេស​មួយ​ដែល​មាន​ប្រព័ន្ធ​សុខុមាលភាព​ដ៏​ល្អ​មួយ ដែល​ផ្ដល់​ប្រព័ន្ធ​ថែទាំ​សុខភាព​និង​ផ្ដល់​ការ​អប់រំ​ថ្នាក់​សាកលវិទ្យាល័យ​មិន​បង់ថ្លៃ​ផង​ដែរ ប៉ុន្តែ​ដើម្បី​ដោះដូរ​ជាមួយ​នឹង​ប្រាក់​ចំណាយ​ដ៏​ច្រើន​សម្រាប់​ការ​ទំនុក​បម្រុង​នេះ រដ្ឋាភិបាល​ក៏​ត្រូវ​ប្រមូល​ពន្ធ​ដ៏​ខ្ពស់​ដែរ​ពី​ប្រាក់​ចំណូល​របស់​ប្រជាជន។ ចំពោះ​ការ​រើសអើង​ភាព​ខុស​គ្នា​នៃ​ភេទ ពណ៌​សម្បុរ សាសនា ឬ​ឋានៈ​សង្គម​ក្ដី ក្នុង​ប្រទេស​នេះ​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត ព្រោះ​ពួកគេ​តែង​បើក​ចំហ​ទទួល​ស្វាគមន៍​ជាតិសាសន៍​ដទៃ​ជានិច្ច។ បើ​ក្នុង​ករណី​មាន​ការ​រំលោភ​បំពាន​ដោយ​ប្រការ​ណាមួយ​លើ​សិទ្ធិ​របស់​អ្នក រដ្ឋាភិបាល​នឹង​ចេញ​មុខ​ការពារ​អ្នក​ផង​ដែរ៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ studyinsweden & studocu & bbc
X
5s