គុណសម្បត្តិ និង គុណវិបត្តិក្នុងការ​យក​ភាសា​អង់គ្លេស​ជា​ភាសា​ផ្លូវការ​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ​



ភាព​ខុស​គ្នា​នៃ​ភាសា​ចម្រុះ​ជា​ច្រើន​នៅ​ទូទាំង​សកលលោក បន្ថែម​ទាំង​ភាសា​តាម​តំបន់​របស់​ជនជាតិ​ភាគ​តិច​ក្នុង​ប្រទេស​នីមួយៗ​ទៀត បាន​បង្កើត​ជា​រនាំង​ឧបសគ្គ​ដល់​មនុស្ស​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ក្នុង​គោលដៅ​ដោះដូរ​ប្រយោជន៍​គ្នា​តាមរយៈ​ជំនួញ ចំណង​ការ​ទូត​រវាង​ប្រទេស​មួយ​នឹង​ប្រទេស​មួយ​ទៀត ព្រម​ទាំង​ការ​ទទួល​យក​ចំណេះដឹង​ពី​គ្នា​ទៅវិញ​ទៅមក។យ៉ាងណាមិញ អស់​រយៈកាល​ជា​យូរ​ណាស់​មក​ហើយ​ដែល​ភាសា​អង់គ្លេស​បាន​ក្លាយ​ជា​ភាសា​ដ៏​ពេញ​និយម​និង​ដើរ​តួ​យ៉ាង​សំខាន់​ដើម្បី​កាត់បន្ថយ​នូវ​រនាំង​ឧបសគ្គ​នៃ​ទំនាក់ទំនង​របស់​មនុស្ស​នេះ។ ចាប់​តាំង​ពី​ភាសា​អង់គ្លេស​ត្រូវ​បាន​ចាត់​ទុក​ជា​ភាសា​ផ្លូវការ​សម្រាប់​ទំនាក់ទំនង​ជា​អន្តរជាតិ​មក ឧបសគ្គ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​របស់​មនុស្ស​ត្រូវ​បាន​កាត់បន្ថយ ផ្ដល់​ជា​ប្រយោជន៍​យ៉ាង​ល្អ​ប្រសើរ​ក្រៃលែង​សម្រាប់​មនុស្ស ប៉ុន្តែ​គុណវិបត្តិ​តែង​មក​ជា​គូ​ជាមួយ​នឹង​គុណសម្បត្តិ​ជានិច្ច។ តើ​អ្វីខ្លះ​ជា​គុណសម្បត្តិ​នៃ​ការ​យក​ភាសា​អង់គ្លេស​ជា​ភាសា​ផ្លូវការ​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ ? ១) ការ​រួបរួម​តែ​មួយ​ដែល​នាំ​មក​នូវ​ផលប្រយោជន៍​សម្រាប់​គ្នា​ទៅវិញ​ទៅមក៖ នៅ​ពេល​មាន​ការ​ព្រមព្រៀង​គ្នា​ជ្រើសរើស​ភាសា​ណាមួយ​ប្រើប្រាស់​ដូច​គ្នា​ហើយ អ្នក​ដែល​ទទួល​បាន​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​ព្រមព្រៀង​នេះ គឺជា​ការ​ដោះដូរ​ជំនួញ​នេះ​ឯង។ ចំណង​ដែល​បង្ក​ជា​ការ​ដោះដូរ​ប្រយោជន៍​ឲ្យ​គ្នា​បាន លុះត្រាណា​តែ​ភាគី​ទាំង​សងខាង​មាន​ការ​ទុក​ចិត្ត​ចំពោះ​គ្នា​ទៅវិញ​ទៅមក ហើយ​វា​ពិត​ជា​មិន​អាច​ទៅ​រួច​ឡើយ បើ​រនាំង​នៃ​ភាសា​ខុស​គ្នា​ធ្វើឲ្យ​ពួកគេ​មិន​ទាំង​យល់​ពី​គ្នា​ផង​នោះ។ បើ​អវត្តមាន​នូវ​ទំនុកចិត្ត​ហើយ ការ​ចរចា​ព្រមព្រៀង​គ្នា​ដែល​ផ្ដល់​ប្រយោជន៍​ទៅវិញ​ទៅមក ក៏​ស្ថិត​នៅ​ក្នុង​ភាព​មិន​អាច​ទៅ​រួច​ដែរ ហើយ​ពិភពលោក​ក៏​មិន​អាច​អភិវឌ្ឍ​មក​ដល់​កម្រិត​ដូច​បច្ចុប្បន្ន​នេះ​បាន​ដែរ។ ២) ការ​ស្រាវជ្រាវ​ពង្រីក​ចំណេះដឹង៖ មនុស្ស​យើង​ម្នាក់ៗ​ត្រូវ​តែ​ទទួល​ស្គាល់​ថា គ្មាន​នរណា​ម្នាក់​ចេះ​ដឹង​សព្វ​គ្រប់​នោះ​ទេ សូម្បី​តែ​អ្នក​ប្រាជ្ញ​បណ្ឌិត​ក៏​ដោយ។ ពិភពលោក​នេះ​ធំធេង​ទូលំទូលាយ​ឥត​មាន​ដែន​កំណត់​នោះ​ទេ ដូច្នេះ​ចំណេះដឹង​ទទួល​បាន​ថ្មីៗ​ពី​ការ​ស្រាវជ្រាវ​លើ​អ្វីៗ​ដែល​ជា​ធម្មជាតិ​នៅ​ជុំវិញ​ខ្លួន​យើង តែង​កើត​មាន​ឡើង​ជា​និរន្ត។ ការ​ស្រាវជ្រាវ​មិន​ថា​ផ្នែក​វិទ្យាសាស្ត្រ ឱសថសាស្ត្រ ឬ​គណិតសាស្ត្រ​អ្វី​នោះ​ទេ បើ​ពុំ​មាន​ភាសា​រួម​ណាមួយ​ជា​យាន​ចម្លង​សម្រាប់​ផ្ទេរ​ចំណេះដឹង ទម្លុះ​នូវ​ឧបសគ្គ​ភាសា​ខុស​គ្នា​ទេ​នោះ យើង​ម្នាក់ៗ​ពិត​ជា​មិន​អាច​ពង្រីក​ការ​យល់ដឹង​របស់​ខ្លួន​ឲ្យ​ទូលំទូលាយ​បាន​ឡើយ។ ចុះ​ការ​យក​ភាសា​អង់គ្លេស​ជា​ភាសា​ផ្លូវការ​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ​មាន​គុណវិបត្តិ​របស់​វា​ដូចម្ដេច​ខ្លះ​វិញ ? ការ​សាប​រលាប​នូវ​ភាសា​ជាតិ​កំណើត៖ វា​ជា​រឿង​មិន​អាច​ប្រកែក​បាន​ឡើយ ហើយ​ក៏​ជា​បញ្ហា​មួយ​ដែល​អ្នក​ឲ្យ​តម្លៃ​លើ​ភាសា​អង់គ្លេស​ភាគច្រើន​មិន​សូវ​ជា​បាន​គិតគូរ​ចាប់​អារម្មណ៍ ដែល​នៅ​ពេល​ភាសា​អង់គ្លេស​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ទៅ ភាសា​ផ្សេងៗ​ដែល​ជា​ភាសា​កំណើត​សម្គាល់​អត្តសញ្ញាណ​ជាតិសាសន៍​នីមួយៗ​នឹង​សាប​រលាប អស់​ឥទ្ធិពល​បន្តិច​ម្ដងៗ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សលោក។ វា​ក៏​មិនមែន​ជា​រឿង​នឹង​កើតឡើង​ក្នុង​ពេល​អនាគត​ដែរ ព្រោះ​វា​កំពុង​តែ​មាន​វត្តមាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ឯង។ វា​បង្ហាញ​នៅ​ត្រង់​ក្មេង​ជំនាន់​ក្រោយ​មួយ​ចំនួន កើត​នៅ​លើ​ទឹកដី​ខ្លួនឯង ប៉ុន្តែ​មិន​ចេះ​និយាយ​និង​សរសេរ​អក្សរ​របស់​ជាតិ​កំណើត​ខ្លួនឯង ក៏​ព្រោះ​តែ​ការ​ឲ្យ​តម្លៃ​លើសលប់​លើ​ប្រយោជន៍​ដែល​ភាសា​អង់គ្លេស​ផ្ដល់​ឲ្យ​ពួកគេ។ គុណវិបត្តិ​មិនមែន​មាន​ត្រឹម​តែ​ប៉ុន​នេះ​នោះ​ទេ ព្រោះ​ថា​កាលណា​ភាសា​អង់គ្លេស​ពង្រីក​ឥទ្ធិពល​កាន់តែ​ខ្លាំង នោះ​ការ​រើសអើង​អ្នក​ប្រើប្រាស់​ភាសា​ដទៃ​នឹង​កើត​មាន​ឡើង​យ៉ាង​ប្រាកដ និង​នាំ​មក​នូវ​ការ​បែងចែក​ឋានៈ​នៃ​អ្នក​ប្រើប្រាស់​ភាសា​ក្នុង​សង្គម។ អ្នក​ប្រើប្រាស់​ភាសា​អង់គ្លេស​នឹង​ទទួល​បាន​ការ​លើក​តម្កើង​ខ្ពស់​ជាង​អ្នក​ប្រើប្រាស់​ភាសា​ដទៃ ហើយ​វា​នឹង​បង្កើត​នូវ​ភាព​មិន​ស្មើ​គ្នា​ចេញ​ពី​ការ​រើសអើង​ភាសា​មិន​ខាន៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ hubpages
X
5s