តើហុងកុងអាចក្លាយជា «កូននាគអាសីុ» បានដោយរបៀបណា?
នៅក្រោមគោលនយោបាយ "ប្រទេសមួយ ជាមួយប្រព័ន្ធគ្រប់គ្រងពីរ" តើសសរគ្រឹះអ្វីខ្លះដែលបានផ្ដល់ជាលំនឹងដ៏រឹងមាំ ជ្រោមជ្រែងហុងកុង ដែលត្រូវបានគេទទួលស្គាល់ជាផ្លូវការជា "តំបន់រដ្ឋបាលពិសេសហុងកុងរបស់សាធារណរដ្ឋប្រជាមានិតចិន" ឲ្យក្លាយជាមជ្ឈមណ្ឌលដោះដូរពាណិជ្ជកម្មដ៏សំខាន់មួយរបស់ពិភពលោក ? ហេតុអ្វីទឹកដីដែលមានត្រឹមតែ ១.០៩៨ គីឡូម៉ែត្រការ៉េនៃផ្នែកដ៏ធំមួយរបស់ចិនទាំងមូលចំនួន ៩.៥៩៦.៩៦១គីឡូម៉ែត្រការ៉េ អាចអភិវឌ្ឍខ្លួនក្លាយជា «កូននាគអាសីុ» បាន ? ត្រឡប់ថយក្រោយងាកទៅមើលប្រវត្តិសាស្ត្រសេដ្ឋកិច្ចរបស់ហុងកុង តើមានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះដែលបានរួមចំណែកដល់ការរីកចម្រើនរបស់ហុងកុងដល់ថ្នាក់នេះ ?
ជោគវាសនារបស់ហុងកុងត្រូវធ្លាក់ទៅលើកណ្ដាប់ដៃរបស់អាណានិគមអង់គ្លេសកាលពីឆ្នាំ១៨៤២ ប៉ុន្តែក៏អាចថាដោយសារតែនៅក្រោមការដឹកនាំរបស់អង់គ្លេសដែលជាបស្ចិមប្រទេសអស់រយៈកាលជិត១សតវត្សនេះហើយ ទើបបានជាសេដ្ឋកិច្ចរបស់ហុងកុងរីកចម្រើនហួសពីការស្មានបើប្រៀបទៅនឹងចិនដីគោក។ ផ្គួបផ្សំនឹងអំណោយផលពីធម្មជាតិរបស់ភូមិសាស្ត្រទឹកដីនេះដែលបញ្ចូលគ្នាដោយកោះចំនួនផងនោះ ផ្ដល់លក្ខណៈសម្បត្តិដល់វាជាមជ្ឈមណ្ឌលកំពង់ផែពាណិជ្ជកម្មដ៏សំខាន់របស់អន្តរជាតិ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការកំណើនប្រជាជនក្នុងតំបន់ដែលមានលើសពី ៨៥,០០០នាក់ ថែមទាំងជនបរទេសប្រមាណ១៦០០នាក់ទៀតត្រឹមឆ្នាំ១៨៥៩ ដែលមុនអាណានិគមអង់គ្លេសមានប្រជាជនរស់នៅត្រឹមតែ៧៥០០នោះ គេឃើញមានការលេចឡើងនូវការធ្វើពាណិជ្ជកម្មយ៉ាងសកម្មជាពិសេសពាក់ព័ន្ធនឹងកំពង់ផែ ធនាគារ និងក្រុមហ៊ុនពាណិជ្ជកម្ម។ នៅសតវត្សទី១៩ ការរីកដុះដាលនូវឧស្សាហកម្មមានដូចជារោងចក្រចម្រាញ់ស្ករ ស៊ីម៉ង់ និងរោងចក្រទឹកកក រួមជាមួយនឹងឧស្សាហកម្មធុនតូចជាច្រើននៅតាមតំបន់ផងដែរ។
ដំណើរការណ៍សេដ្ឋកិច្ចរីកចម្រើនដ៏គួរឲ្យកត់សម្គាល់នេះ ត្រូវបានរំខានដោយសារសង្គ្រាមសីុវិលរវាងបក្សសង្គមនិយមរបស់ចៀង កាយជៀក និងបក្សកុំមុយនិសរបស់ម៉ៅ សេទុងក្នុងឆ្នាំ១៩៤៦ បង្កជាការធ្លាក់ចុះនូវសេដ្ឋកិច្ចរបស់ហុងកុងក្នុងពាណិជ្ជកម្មពិភពលោក និងជាពិសេសជាមួយចិនដីគោកនេះឯង។ ទោះជាយ៉ាងណា សង្គ្រាមផ្ទៃក្នុងនេះហាក់ដូចជាបាននាំចំណុចវិជ្ជមានជាច្រើនសម្រាប់ភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ហុងកុងទៅវិញ។ សង្គ្រាមផ្ទៃក្នុងផ្ទុះឡើង នាំឲ្យប្រជាជននៅតាមទីក្រុងផ្សេងៗ និងទីក្រុងសៀងហៃផងនោះ ជាពិសេសជាអ្នកធ្វើជំនួញ រត់ភៀសខ្លួនមកកាន់តំបន់សុវត្ថិភាពដែលជាដែនដីហុងកុងក្រោមអាណានិគមអង់គ្លេសនេះឯង។
ការរត់ភៀសខ្លួនរបស់អ្នកជំនួញ និងពួកមូលធននិយមពីបណ្ដាទីក្រុងផ្សេងៗក្នុងប្រទេសចិន បានក្លាយជាកម្លាំងប្រមូលផ្ដុំគ្នាជំរុញភាពរីកចម្រើនឧស្សាហកម្ម តួយ៉ាងឧស្សាហកម្មក្នុងផ្នែកវាយនភណ្ឌរបស់ហុងកុងចាប់កំណើតក្នុងទសវត្សឆ្នាំ១៩៥០ និងក្រោយមកពង្រីកបន្តិចម្ដងៗក្នុងទសវត្សឆ្នាំ១៩៦០ទៅលើផ្នែកសំលៀកបំពាក់ គ្រឿងអេឡិចត្រូនិក ប្លាស្ទិក និងកម្លាំងផលិតកម្មផ្សេងៗជាច្រើនទៀតសម្រាប់ការនាំចេញជាចម្បង។
បើទោះជាបដិវត្តន៍កសិកម្មបង្កើតឡើងដោយមេដឹកនាំកុំមុយនិសម៉ៅ នាំសោកនាដកម្មយ៉ាងអាណោចអាធ័មសម្លាប់ប្រជាជនអស់ជាច្រើននាក់ និងបានរាំងស្ទះដល់សេដ្ឋកិច្ចហុងកុងពីឆ្នាំ១៩៦៧ដល់៦៨ និងម្ដងទៀតពីឆ្នាំ១៩៧៣ដល់៧៥ដោយសារវិបត្តិប្រេងរបស់ពិភពលោកក៏ដោយ ក៏ក្នុងទសវត្សឆ្នាំ១៩៧០ហុងកុងបានអភិវឌ្ឍខ្លួនក្លាយជា «កូននាគអាសីុ» ជាមួយនឹងសម្ទុះរីកចម្រើនដ៏ខ្លាំងក្លាទៅលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។
រហូតដល់ឆ្នាំ១៩៨៤ចិននិងអង់គ្លេសបានចុះហត្ថលេខាព្រមព្រៀងគ្នាប្រគល់សិទ្ធិឲ្យចិនគ្រប់គ្រងទៅលើហុងកុងវិញចាប់ពីឆ្នាំ១៩៩៧តទៅ នៅក្រោមគោលនយោបាយ «ប្រទេសមួយ ជាមួយប្រព័ន្ធគ្រប់គ្រងពីរ» មានសេចក្ដីថាហុងកុងនឹងក្លាយជាផ្នែកមួយរបស់ចិនកុំមុយនិសឬចិនដីគោកនេះឯង តែនៅរក្សាការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យរបស់ខ្លួនដដែល៕
ដោយ៖ ស្រីពៅ
ប្រភព៖ eh.net & bbc