​ខ្លីៗ គន្លឹះ​៣​យ៉ាង​ ដើម្បី​ស្វែងរក​ឲ្យ​ឃើញ​ថា ​«​អ្នក​ជា​នរណា​?»​



ហេតុអ្វី​អ្នក​ចាំបាច់​ត្រូវ​ស្គាល់​ខ្លួនឯង ? ដូច​ព្រះពុទ្ធ​ទ្រង់​មាន​ពុទ្ធដីកា​ថា៖ «គោលបំណង​របស់​អ្នក​នៅ​ក្នុង​ជីវិត គឺ​ស្វែងរក​ឲ្យ​ឃើញ​នូវ​គោលដៅ​មួយ ហើយ​បូជា​បេះដូង​និង​វិញ្ញាណ​របស់​អ្នក​ដើម្បី​វា»។ ការ​ស្គាល់​ខ្លួនឯង គឺ​មិន​ខុស​ពី​ការ​ស្គាល់​នូវ​អ្វី​ជា​ចំណុច​ខ្លាំង​និង​អ្វី​ជា​ចំណុច​ខ្សោយ​របស់​ខ្លួន​នោះ​ទេ នោះ​អ្នក​នឹង​ស្គាល់​នូវ​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួន ដឹង​ថា​អ្វី​គួរ​កែ​លម្អ អ្វី​គួរ​ដុសខាត់​សំលៀង​ឲ្យ​មុត​បន្ថែម ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​មាន​សតិសម្បជញ្ញៈ​បែងចែក​ដឹង​អ្វី​ល្អ​អ្វី​អាក្រក់​ដោយ​ឥត​លម្អៀង។

នៅ​ពេល​អ្នក​ដឹង​ពី​ចំណុច​ទាំងនេះ​នៅ​ក្នុង​ខ្លួន​អ្នក​ហើយ អ្នក​សួរ​ខ្លួនឯង​ទៅ​មើល តើ​អ្នក​មក​ទីនេះ​មាន​គោលដៅ​អ្វី ? បើ​អ្នក​មិន​មាន​គោលដៅ​ក្នុង​ជីវិត​នោះ​ទេ អ្នក​ក៏​មិន​ខុស​អ្វី​ដែរ​ពី​ខ្លែង​ដែល​ដាច់​ខ្សែ រេរាំ​បក់​ទៅ​បក់​មក​តាម​តែ​ទំនោរ​នៃ​ខ្យល់ ដល់​ពេល​អស់​ដង្ហើម​ទៅ​ក៏​មិន​បាន​បន្សល់​អ្វី​ជា​របស់​មាន​តម្លៃ​សម្រាប់​ខ្លួនឯង និង​មនុស្ស​ក្នុង​សង្គម​គេ​បាន​ទទួល​ប្រយោជន៍​ពី​អ្នក។ ដូច្នេះ តើ​អ្វីខ្លះ​អាច​ជួយ​អ្នក​ឲ្យ​ស្វែងរក​ថា​ខ្លួនឯង​ជា​នរណា​ឲ្យ​ពិត​ប្រាកដ​បាន ?

១) តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ដូចជា​មាន​ជីវិត​ស្រស់​បំព្រង? ៖ វា​ជា​ការ​រុករក​ចូល​ទៅ​ដល់​ជម្រៅ​ខាងក្នុង​នៃ​ចិត្ត​របស់​អ្នក ស្វែងរក​ថា​តើ​អ្វី​ទៅ​ដែល​អ្នក​ធ្វើ​ហើយ តែង​ផ្ដល់​ភាព​សប្បាយ​រីករាយ​និង​សេចក្ដី​សុខ​ដល់​អ្នក​ជានិច្ច។ យ៉ាងណាមិញ​វា​មិនមែន​ជា​សកម្មភាព​ណា​ដែល​ពិត​ថា​ផ្ដល់​ក្ដី​សុខ​ដល់​អ្នក តែ​បែរ​ជា​បំផ្លាញ​ដល់​ក្ដី​សុខ​អ្នកដទៃ​ដែល​ខុស​ពី​គុណធម៌​ជា​មនុស្ស នោះ​អ្នក​មិន​គួរ​ចាត់​ទុក​វា​ជា​អ្វី​ដែល​ផ្ដល់​ជីវិត​ស្រស់​បំព្រង​ដល់​អ្នក និង​បន្ត​ធ្វើ​វា​ទៀត​នោះ​ទេ។

២) តើ​អ្វី​ជា​ទេពកោសល្យ​របស់​អ្នក? ៖ ការ​ទទួល​ខុសត្រូវ​របស់​អ្នក​សម្រាប់​ជីវិត​របស់​ខ្លួន គឺជា​ការ​ស្វែងរក​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​ខ្លួនឯង​ធ្វើ​បាន​ល្អ​បំផុត នោះ​ហើយ​ជា​ទេពកោសល្យ​និង​សក្ដានុពល​របស់​អ្នក ព្រោះ​ថា​នរណា​ម្នាក់​ក៏​មាន​វា​ដែរ។ ទេពកោសល្យ​របស់​អ្នក អាច​ជា​គ្រឿង​សព្វាវុធ​ដ៏​អស្ចារ្យ​របស់​អ្នក​ដែល​អ្នក​ត្រូវ​ប្រើប្រាស់​វា​ដើម្បី​ប្រយុទ្ធ​ក្នុង​សង្គ្រាម​នៃ​ជីវិត​សម្រេច​នូវ​គោលដៅ​ដ៏​ជាក់លាក់​មួយ សម្រាប់​បំពេញ​ប្រយោជន៍​ដល់​មនុស្សជាតិ។

៣) តើ​អ្វី​ជា​គោលបំណង​របស់​អ្នក​ក្នុង​ជីវិត​នេះ? ៖ ដូច​ដែល​បាន​រៀបរាប់​ពី​ខាងលើ​ដូច្នោះ អ្នក​ត្រូវ​ស្គាល់​នូវ​គោលបំណង​នៃ​ការ​រស់រាន​មាន​ជីវិត​របស់​អ្នក​ក្នុង​ពិភពលោក​ដ៏​ធំធេង​នេះ ពុំ​នោះ​ទេ​អ្នក​នឹង​មិន​អាច​ស្គាល់​ថា​ខ្លួនឯង​ជា​នរណា អាច​ធ្វើ​អ្វី​បាន​ខ្លះ រស់នៅ​ជីវិត​ដែល​ឥត​ន័យ ឥត​ខ្លឹមសារ​សោះ​ឡើយ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ foreverconscious

X
5s