សមិទ្ធផលដ៏អស្ចារ្យរបស់ហ្វាំងឡង់ដែលធ្វើឲ្យប្រទេសនេះយកឈ្នះគេស្ទើរគ្រប់វិស័យទាំងអស់​



កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​ដែល​មាន​អាយុកាល​ជាង​៤០​ឆ្នាំ​កន្លង​មក ដែល​ជា​កញ្ចក់​ឆ្លុះ​ត្រឡប់​មក​វិញ​នូវ​សមិទ្ធផល​គំរូ​ដ៏​គួរ​ឲ្យ​កោត​សរសើរ​ស្ញប់ស្ញែង​មិន​ដាច់​ពី​មាត់​របស់​មនុស្ស​ទូទាំង​ពិភពលោក បាន​នាំ​នូវ​កេរ្តិ៍ឈ្មោះ​ដ៏​រីក​សុះសាយ​ជូន​ចំពោះ​ប្រជាជន​របស់​ហ្វាំងឡង់​ប្រមាណ ​៥.៤​លាន​នាក់។

តាម​ពិត​ហ្វាំងឡង់​ជា​ប្រទេស​មួយ​ដែល​យក​ឈ្នះ​លើ​ប្រទេស​ដទៃ​ស្ទើរ​តែ​ទៅលើ​គ្រប់​ផ្នែក​ទាំងអស់​ក្នុង​ការ​ចាត់​ថ្នាក់​ប្រកួតប្រជែង​របស់​ពិភពលោក​ទៅ​ហើយ។ តួយ៉ាង ក្នុង​ការ​សិក្សា​ឆ្នាំ​២០១០​របស់ America's Newsweek magazine បាន​ដាក់​ប្រទេស​ដែល​មាន​ឈ្មោះ​ជា​ផ្លូវការ​ជា "សាធារណរដ្ឋ​ហ្វាំងឡង់" នេះ​ក្នុង​លំដាប់​កំពូល​គេ​ជា "ប្រទេស​ដ៏​ល្អ​បំផុត​របស់​ពិភពលោក" ដោយ​មើល​ទៅលើ​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ចំនួន​១០០​ប្រទេស និង​ធ្វើការ​ប្រៀបធៀប​ទៅលើ​ផ្នែក​សុខភាព សេដ្ឋកិច្ច ការ​អប់រំ គុណភាព​ជីវិត និង​នយោបាយ។ ភស្តុតាង​នៃ​ភាព​អស្ចារ្យ​តែ​មួយ​នេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជាក់​ថា​ហ្វាំងឡង់​ស័ក្ដិសម​នឹង​ទទួល​បាន​កិត្តិយស​នេះ​នៅ​ឡើយ​ទេ ដូច្នេះ​សមិទ្ធផល​ជោគជ័យ​ខាងក្រោម​នេះ​នឹង​ផ្ដល់​ជា​ភស្តុតាង​ដោយ​មិន​អាច​ប្រកែក​បាន​មិន​ខាន។

១) ការ​អប់រំ៖ អត្តចរិត​ដ៏​សាមញ្ញ​បំផុត​នៃ​ប្រព័ន្ធ​អប់រំ​របស់​ហ្វាំងឡង់​ស្ទើរតែ​បង្ក​ជា​ការ​មិន​គួរ​ឲ្យ​ជឿ​ថា ប្រទេស​ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សហភាព​សូវៀត​មួយ​នេះ ទទួល​បាន​ភាព​ជា​គំរូ​មុខ​គេ​ចំពោះ​ជ័យជម្នះ​ក្នុង​ផ្នែក​អប់រំ​របស់​ពួកគេ​នោះ​ទេ។ អត្តចរិត​សាមញ្ញ​ទាំងនោះ​មាន​បង្ហាញ​នៅ​ត្រង់​សិស្ស​សាលា​មិន​តម្រូវ​ឲ្យ​ពាក់​ឯកសណ្ឋាន​សាលា សិស្ស​មិន​ត្រូវ​បាន​បែងចែក​ជា​ក្រុម​បង្រៀន​ដាច់​ដោយ​ឡែក​ពី​គ្នា​ដោយ​វាយតម្លៃ​នូវ​សមត្ថភាព​របស់​ពួកគេ​នោះ​ទេ ម៉ោង​សិក្សា និង​ការ​ចំណាយ​លើ​ការ​សិក្សា ព្រម​ទាំង​កិច្ចការ​ផ្ទះ​ទៀត​សោត​ក៏​មាន​តិច​ជាង​បណ្ដា​ប្រទេស​អភិវឌ្ឍ​មួយ​ចំនួន​ដែរ ហើយ​អ្វី​ដែល​រឹតតែ​គួរ​ជាទី​កោត​សរសើរ​ទៅ​ទៀត​នោះ​គឺជា​ការ​គោរព​និង​ផ្ដល់​តម្លៃ​ខ្ពស់​របស់​សិស្ស​ចំពោះ​គ្រូបង្រៀន​នោះ​ឯង។ ដោយសារ​លក្ខណៈ​សម្បត្តិ​ទាំងនេះ​ទើប​មិន​ជា​ការ​ចម្លែក​អ្វី​ឡើយ​ដែល​ហ្វាំងឡង់​នាំ​មុខ​កំពូល​គេ​ក្នុង​ការ​ចាត់​ថ្នាក់​របស់ PISA ក្នុង​ឆ្នាំ​២០០០ ឆ្នាំ​២០០៣ និង​ឆ្នាំ២០០៦​នោះ។

២) រាជធានី​របស់​ហ្វាំងឡង់ Helsinki​ជា​ទីក្រុង​ដ៏​ល្អ​ដាច់​គេ​មួយ​របស់​ពិភពលោក៖ ការ​អះអាង​នេះ​នឹង​អាច​បញ្ជាក់​បាន​នៅ​ត្រង់ កាល​ពី​ឆ្នាំ​២០០៩ ក្រុម​ប្រឹក្សា​អន្តរជាតិ​របស់​សង្គម​នៃ​រចនាបថ​ឧស្សាហកម្ម (International Council of Societies of Industrial Design) បាន​ប្រគល់​កេរ្តិ៍ឈ្មោះ​ឲ្យ​រាជធានី​នេះ​ជា "រាជធានី​នៃ​រចនាបថ​របស់​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១២" ហើយ​ក្នុង​ឆ្នាំ​២០១១ ក្នុង​ការ​ស្ទង់​មតិ​មួយ​របស់ Monocle magazine ទៅលើ​គុណភាព​ជីវិត ទីក្រុង Helsinki ក៏​ដណ្ដើម​បាន​តំណែង​កំពូល​ជា "ទីក្រុង​ដែល​បង្ក​លក្ខណៈ​ល្អ​បំផុត​ដល់​ការ​រស់នៅ​របស់​ពិភពលោក"។ បន្ត​មក​ទៀត​នៅ​ឆ្នាំ​២០១៣ រាជធានី​ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ​៦០,០០០​នាក់​នេះ ក៏​ជាប់​ក្នុង​លំដាប់​កំពូល​ជា "ទីក្រុង​ដ៏​ស្មោះត្រង់​ជាងគេ​បំផុត​របស់​ពិភពលោក" ដោយ​ការ​សិក្សា​មួយ​របស់ Reader’s Digest។

៣) ទីកន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ស្ត្រី៖ ប្រៀបធៀប​ជាមួយ​ចក្រភពអង់គ្លេស​ដែល​មាន​ស្ត្រី​ត្រឹមតែ​២៣​ភាគរយ​បម្រើ​ការ​ក្នុង​ជួរ​រដ្ឋាភិបាល​ជាតិ ភាគរយ​នេះ​មាន​រហូត​ដល់​ទៅ​៤០​ភាគរយ​ឯណោះ​ក្នុង​ប្រទេស​ហ្វាំងឡង់ ស្រប​ពេល​ដែល​តួនាទី​សំខាន់ៗ​ដែល​មាន​ស្ត្រី​កាន់​តំណែង​ទៀត​សោត​ក៏​មាន​ចំនួន​ច្រើន​ផង​ដែរ។ តួយ៉ាង លោកស្រី Tarja Halonen គឺជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​គេ​បង្អស់​របស់​ហ្វាំងឡង់ កាន់​តំណែង​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១២។ សូម្បី​តែ "ទីកន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ម្ដាយ" ក៏​មាន​វត្តមាន​របស់​ហ្វាំងឡង់​ដែរ នេះ​បើ​តាម​ការ​ចាត់​ថ្នាក់​ពី​សន្ទស្សន៍​នៃ​ការ​សង្គ្រោះ​ម្ដាយ​របស់​ទារក​លើក​ទី​១៤ (14th Save the Children’s Mother’s Index) ជាមួយ​នឹង​អត្រា​ស្លាប់​បាត់បង់​ជីវិត​របស់​ម្ដាយ​មាន​ទាប​រហូត​ត្រឹមតែ​១នាក់​ក្នុង​ចំណោម​១២,២០០​នាក់​ប៉ុណ្ណោះ។

៤) ស្ថិរភាព​របស់​ជាតិ៖ យោង​តាម​សន្ទស្សន៍​នៃ​អំពើ​ពុករលួយ (Corruption Perception Index) ហ្វាំងឡង់​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ល្អ​រហូត​អាច​ឈរ​នៅ​ក្នុង​តំណែង​លើ​គេ​ជា "ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​ទាប​ជាង​គេ​បំផុត​របស់​ពិភពលោក" និង​បន្ត​មក​ដោយ​ប្រទេស​ដាណឺម៉ាក និង​ប្រទេស​នូវែលហ្សេឡង់។ ក្រៅ​ពី​នោះ ហ្វាំងឡង់​ក៏​ជា "ប្រទេស​មួយ​ដែល​សម្បូរ​ដោយ​ព្រៃ​ជាង​គេ​ក្នុង​បណ្ដា​ប្រទេស​អឺរ៉ុប" រួម​ជាមួយ​បឹង​ចំនួន​១៨៨,០០០ ហើយ​ក៏​ជា "ប្រទេស​ដ៏​មាន​ក្ដី​សុខ​ជាងគេ​លំដាប់​ទី២" បន្ទាប់​ពី​ដាណឺម៉ាក​ផង​ដែរ និង​លំដាប់​ទី២​ដដែល​នេះ​របស់​ហ្វាំងឡង់​ជា "ប្រទេស​ដែល​មាន​អ្នក​ធ្វើការ​ល្អ​បំផុត​" បន្ទាប់​ពី​ស្វីសទៀត​ផង៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ workinfinland & bbc

X
5s