តើ​អ្នក​ជា​ប្រភេទ​មនុស្ស​Introvert​មែន​ទេ​​? តើ​​មនុស្ស​ Introvert​មាន​គុណប្រយោជន៍​និង​គុណ​វិបត្តិ​អ្វី​ខ្លះ​ទៅ​?​



តើ​អ្នក​ដឹង​ទេ​ថា មនុស្ស បែប​ណា​ទៅ ដែល​គេ​ចាត់​ទុក​ថា ជា​ប្រភេទ​មនុស្ស​​ Introvert​នោះ​? អ្នក​គួរ​សង្កេត​មើល​តាម​ខាង​ក្រោម​នេះ​​៖

១) ចូលចិត្ត​ចំណាយ​ពេលវេលា​សម្រាប់​ខ្លួន​ឯង៖ ពេល​ទំនេរ​ម្ដង​ៗ អ្នក​តែង​តែ​ចំណាយ​ពេល​អាន​សៀវភៅ​ម្នាក់​ឯង លេង​ហ្គេម​ ឬក៏​ស្ដាប់​តន្ត្រី ។ ហើយ​អ្នក​មិន​ចង់​ចំណាយ​ពេលវេលា​ទំនេរ​ដែល​មាន​ ទៅ​និយាយ​រក​គេ​ឯង ឬ​ក៏​ទៅ​ធ្វើ​អ្វី​ជាមួយ​អ្នក​ណា​​ឡើយ។

២) អ្នក​អាច​គិត​ចេញ​រាល់​ពេល​អ្នក​នៅ​ម្នាក់​ឯង​៖ អ្នក​មិន​អាច​គិត​អ្វី​ចេញ​ឡើយ ពេល​មាន​មនុស្ស​ច្រើន​នៅ​ជុំវិញ​ខ្លួន ។ គំនិត​ល្អ​ៗ អ្នក​នឹង​ផុស​ឡើង លុះ​ត្រា​អ្នក​ចំណាយ​ពេល​គិត​នៅ​ទីកន្លែង​ស្ងាត់ ហើយ​មិន​មាន​សំឡេង​អ៊ូអរ​រំខាន​។

៣) ជា​មនុស្ស​ស្ងប់ស្ងាត់​មិន​សូវ​បញ្ចេញ​យោបល់​មុន​គេ​ទេ​៖ រាល់​ពេល​មាន​ការ​សិក្សា​ជា​ក្រុម ឬ​មាន​ការ​ប្រជុំ​ក្ដី មនុស្ស​ប្រភេទ​នេះ មិន​ងាយ​នឹង​លើក​ដៃ​ឆ្លើយ​មុន​គេ​ទេ​។ មិន​មែន​មក​ពី​គេ​គ្មាន​គំនិត​នោះ​ទេ តែ​គេ​មិន​ចង់​ល្បី​និង​មិន​ចង់​បាន​មុខ​មាត់​។

៤) ជា​មនុស្ស​ដែល​មាន​អារម្មណ៍​សុខ​ស្រួល ពេល​បាន​នៅ​ម្នាក់​ឯង គ្មាន​​អ្នក​ដទៃ រំខាន​។

គុណប្រយោជន៍​នៃ​មនុស្ស​ ប្រភេទ​Introvert​មាន​ដូច​ខាង​ក្រោម​៖

១) ពួក​គេ​គិត​យ៉ាង​ណា​គឺ​ពួក​គេ​ធ្វើ​បែប​នោះ​ហើយ ចំណែក​ឯ​គំនិត​អ្នក​ដទៃ គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ​។ មិន​មែន​មក​ពី​ពួក​គេ​វាយឫក​ ឬ​មិន​ព្រម​ទទួល​មតិ​គេ​ទេ តែ​គេ​ជឿ​លើ​សមត្ថភាព​ខ្លួន ថា នឹង​មិន​ធ្វើ​ឲ្យ​ខក​បំណង​អ្នក​រាល់​គ្នា​ទេ​។​

២) ស្ងាត់​ៗ​មែន​តែ​មិន​មែន​អន់​ទេ​៖ ទោះ​បី​មនុស្ស Introvert នេះ​គឺ​ជា​មនុស្យ​ស្ងប់ស្ងាត់ តែ​ គេ​អាច​ធ្វើ​អ្វី​មួយ​ទទួល​បាន​ផល​ល្អ​ជាង​អ្នក​ ដែល​សកម្ម ឬ​អ្នក​និយាយ​ច្រើន​ទៀត​​។ ព្រោះ​ថា កំឡុង​ពេល​ដែល​មនុស្ស​ម្នា​និយាយ​ច្រើន មនុស្ស​Introvert​នេះ គឺ​មិន​មែន​អង្គុយ​លេង​ដក​ដង្ហើម​ចោល​ទេ គឺ​គេ​កំពុង​សិក្សា​ស្រាវជ្រាវ​ពី​អ្វី​​មួយ​ដោយ​ម៉ត់ចត់​ខ្លាំង​តែ​ម្ដង។

៣) ជា​មនុស្ស​មិន​ចេះ​​បូរបាច់​ច្រើន ហើយ​និយាយ​អ្វី​ដែល​មាន​ប្រយោជន៍​៖ វា​អាច​ជា​រឿង​ល្អ​មួយ​ផង​ដែរ ដែល​អ្នក​បាន​ជួប​មនុស្ស​ Introvert​នេះ​។ ពួក​គេ​មិន​សូវ​ចេះ​មាត់​ចេះ​ក បូរបាច់​ច្រើន​អត់ប្រយោជន៍​ទេ តែ​ពាក្យ​ដែល​គេ​សម្រេច​ចិត្ត​ថា​និយាយ​ហើយ គេ​និយាយ​ដោយ​មាន​​ន័យ​ឥត​ខ្ចោះ​តែ​ម្ដង។

​​គុណវិបត្តិ​​នៃ​មនុស្ស​ ប្រភេទ​Introvert​មាន​ដូច​ខាង​ក្រោម​៖

១) អ្នក​ដទៃ​នឹង​គិត​ថា​គេ​ជា​មនុស្ស​វាយឫក​មាន​តែ​ឯង​៖ ដោយ​សារ​តែ​ធ្វើ​អ្វី​តែ​ឯកឯង និង​មិន​សូវ​ទទួល​យក​មតិ​មនុស្ស​ជុំវិញ​ខ្លួន ពួក​គេ​តែង​តែ​រង​សម្ពាធ​ពី​អ្នក​ដទៃ ថា គេ​ជា​មនុស្ស​វាយឫក និង​មិន​ចេះ​​ធ្វើ​ការងារ​ជា​ក្រុម។ តែ​អ្នក​មិន​ដឹង​ឡើយ ថា មនុស្យ​ប្រភេទ​នេះ ក៏​អាច​ក្លាយ​ជា​​អ្នក​ដឹក​នាំ​មួយ​ដ៏​ល្អ​ផង​ដែរ ព្រោះ​ពួក​គេ​សំបូរ​គំនិត​ល្អ​ៗ ។​

២) មិន​សូវ​ជា​បាន​សប្បាយ​ជុំ​គ្នា​ជាមួយ​គេឯង៖ គេ​មិន​សូវ​​ជា​ចូលចិត្ត​ភាព​អ៊ូអរ ហេតុនេះ ភាព​សប្បាយ​រីករាយ​ក៏​មិន​សូវ​​ទទួល​បាន​ដែរ។ ម្យ៉ាង​ទៀត អ្នក​ដទៃ មិន​សូវ​ជា​ចង់​ហៅ​ពួក​គេ​ទៅ​ណា​​មក​ណា​ទេ ដោយ​សារ​គេ​តែង​តែ​ប្រកែក​ចង់​នៅ​តែ​ផ្ទះ​ពេក​។

៣) ពិបាក​និយាយ​ពាក្យ​ក្នុង​ចិត្ត​ទៅ​កាន់​គេ​ឯង​៖ គេ​មិន​សូវ​ជា​​ពូកែ​ក្នុង​ការ​និយាយ​ ទៅ​កាន់​អ្នក​ដទៃ ហេតុនេះ​ពេល​មានទុក្ខ​ ឬ​មិន​សប្បាយ​ចិត្ត​អ្វី ​ ពួក​គេ​តែង​លាក់បាំង​ទុក​ តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ huffingtonpost

X
5s