កុំ៥យ៉ាងក្នុងការប្រឡងតេស្តសាកល្បងភាសាអង់គ្លេសIELTS
The International English Language Testing System ឬហៅកាត់ថា IELTS គឺជាប្រព័ន្ធធ្វើតេស្តសាកល្បងភាសាអង់គ្លេសជាអន្តរជាតិសម្រាប់អ្នកសិក្សាឬអ្នកធ្វើការនៅក្រៅប្រទេសណាដែលប្រើប្រាស់ភាសាអង់គ្លេសជាភាសាទំនាក់ទំនង។ តេស្តIELTSនេះទៀតសោតវាស់ស្ទង់ទៅលើភាពស្ទាត់ជំនាញរបស់អ្នកប្រើប្រាស់ភាសាអង់គ្លេសប្រកបដោយភាពសុក្រឹត ដែលមានមាត្រដ្ឋានពិន្ទុចាប់ពីកម្រិត១ (អ្នកមិនប្រើប្រាស់) រហូតដល់កម្រិត៩ (អ្នកជំនាញ) និងប្រឡងទៅលើ៤ផ្នែកមាន ការអាន ការសរសេរ ការនិយាយ និងការស្ដាប់។
សម្រាប់អ្នកទាំងឡាយណាដែលមានបំណងប្រឡងតេស្តIELTSនេះសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការរបស់ខ្លួន ការយល់ដឹងពីប្រការកុំចំនួន៥យ៉ាងខាងក្រោមនឹងមានប្រយោជន៍សម្រាប់អ្នកនៅក្នុងការប្រឡង។
១) កុំព្យាយាមចាំចម្លើយទុកមុន៖ ការព្យាយាមចាំចម្លើយទុកមុនសម្រាប់ឆ្លើយក្នុងការប្រឡង វាមិនបង្ហាញពីសមត្ថភាពពិតប្រាកដរបស់អ្នកនោះឡើយ ម្យ៉ាងទៀតអ្នកសម្ភាសក៏ត្រូវបានហ្វឹកហាត់ឲ្យចេះកត់សម្គាល់នៅពេលអ្នកនិយាយទៅតាមអ្វីដែលទន្ទេញទុកមុនដែរ។ អ្នកត្រូវចងចាំថាពួកគេមិនទាមទារចម្លើយល្អឥតខ្ចោះពីអ្នកនោះឡើយ ហើយក៏មិនតម្រូវឲ្យអ្នកត្រូវខ្វាយខ្វល់ពីចម្លើយរបស់អ្នកទាល់តែពួកគេយល់ស្របទើបអ្នកទទួលបានពិន្ទុខ្ពស់នោះដែរ អ្វីដែលសំខាន់បំផុតគឺថាតើអ្នកអាចប្រើប្រាស់ភាសាអង់គ្លេសបានស្ទាត់ជំនាញប៉ុណ្ណា។
២) កុំបញ្ចូលនូវពាក្យធំៗច្រើនពេក៖ ការយល់ខុសដូចៗគ្នាជាច្រើនយល់ថា ការបញ្ចូលនូវពាក្យធំៗច្រើននៅក្នុងការឆ្លើយតបរបស់អ្នកទៅកាន់សំណួររបស់អ្នកសម្ភាស នឹងជួយអ្នកឲ្យទទួលបានពិន្ទុខ្ពស់។ អ្នកសាកគិតទៅមើល ប្រសិនបើអ្នកខ្លួនឯងមិនទាំងយល់ច្បាស់ពីអត្ថន័យនិងការប្រើប្រាស់របស់ពាក្យធំៗទាំងនោះ ដែលអាចនាំឲ្យអ្នកបកស្រាយពីអ្វីដែលខ្លួនចង់ប្រាប់ពួកគេមានលក្ខណៈមិនច្បាស់លាស់ តើអ្នកម្ដេចនឹងអាចទាក់ទាញពិន្ទុពីអ្នកសម្ភាសបាន ? លុះត្រាតែអ្នកយល់ពីលក្ខណៈនៃពាក្យធំៗទាំងនោះឲ្យបាន១០០ភាគរយសិន សឹមប្រើប្រាស់ទើបជាការនាំនូវប្រយោជន៍មកអ្នកវិញ។
៣) កុំផ្ដល់អាទិភាពទៅលើវេយ្យាករណ៍ជាងភាពស្ទាត់ជំនាញក្នុងការនិយាយ៖ កុំយល់ខុសថាទាល់តែការប្រើប្រាស់វេយ្យាករណ៍របស់អ្នកមានកម្រិតខ្ពស់ ទើបអ្នកទទួលបានពិន្ទុខ្ពស់ទៅតាមនោះដែរ។ ដូចគ្នាដែរ បើអ្នកមិនយល់ពីការប្រើប្រាស់របស់វេយ្យាករណ៍ទម្រង់ណាមួយបាន១០០ភាគរយទេនោះ វានឹងនាំឲ្យអ្នកបាត់បង់ការគ្រប់គ្រងទៅលើវា ហើយអ្នកសម្ភាសនឹងមិនអាចយល់បានពីអ្វីដែលអ្នកព្យាយាមបកស្រាយទៅពួកគេ ជាហេតុនាំឲ្យអ្នកបាត់បង់ពិន្ទុទៅវិញ។ ភាពសាមញ្ញតែប្រកបដោយភាពច្បាស់លាស់ជាក់លាក់ទើបសំខាន់។
៤) កុំមិននិយាយអ្វីសោះ៖ កុំទាមទារភាពល្អឥតខ្ចោះពីខ្លួនឯងរហូតត្រូវឲ្យអ្នកមិននិយាយអ្វីសោះក៏ព្រោះតែខ្លាចបង្កើតកំហុសនៅក្នុងការនិយាយ។ ទោះតិចក្ដីច្រើនក្ដី ក៏ត្រូវបញ្ចេញនូវការយល់ឃើញរបស់អ្នកទៅលើអ្វីដែលពួកគេសួរអ្នកដែរ។ បើប្រៀបទៅនឹងការព្យាយាមនិយាយបន្តិចបន្តួចទោះអ្នកយល់ដឹងពីវាតិចក្ដី ការមិននិយាយអ្វីសោះនឹងនាំឲ្យអ្នកបាត់បង់ពិន្ទុច្រើនជាង។
៥) កុំមកយឺតឲ្យសោះ៖ ការមកដល់កន្លែងសម្ភាសយឺត វាមិនត្រឹមតែបង្ហាញថាអ្នកមិនគោរពពេលវេលានិងមិនយកចិត្តទុកដាក់ត្រៀមខ្លួនឲ្យបានល្អនោះទេ តែការមកដល់យឺតនឹងធ្វើឲ្យអ្នកភ័យ បាត់បង់ការគ្រប់គ្រងលើខ្លួនឯងក្នុងការប្រឡងមិនខាន។ ម្យ៉ាងទៀត ការភ័យខ្លាចគឺជារឿងធម្មតាសម្រាប់អ្នកមកប្រឡងនោះទេ តែអ្នកត្រូវចេះគ្រប់គ្រងវាឲ្យបាន ពុំនោះទេវានឹងប៉ះពាល់ដល់ការប្រឡងរបស់អ្នក៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ britishcouncil & ielts