តើប្រទេសស្វីសអាចក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចប្រកួតប្រជែងជាងគេបានយ៉ាងដូចម្ដេច ?
របាយការណ៍រវាងឆ្នាំ២០១៦ដល់២០១៧របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ទើបនឹងបានចាត់ថ្នាក់ប្រទេសស្វីសឲ្យស្ថិតនៅក្នុងលំដាប់កំពូល ជាប្រទេសដែលមានសេដ្ឋកិច្ចដ៏មានការប្រកួតប្រជែងបំផុតរបស់សកលលោក ដែលតំណែងនេះត្រូវបានប្រទេសដែលជាសមាជិករបស់អង្គការសហប្រជាជាតិមួយនេះដណ្ដើមយកបាន៨ឆ្នាំជាប់ៗគ្នារួចមកហើយ។
កង្វះខាតនូវវត្ថុធាតុដើមដែលជាភាពមិនអំណោយផលនៃធនធានធម្មជាតិរបស់ប្រទេសស្វីស បានធ្វើឲ្យពិភពលោកកោតសរសើរនិងស្របជាមួយគ្នាដែរក៏មានការងឿងឆ្ងល់ ថាតើកត្តាអ្វីខ្លះដែលជំរុញឲ្យប្រទេសស្វីសសម្រេចនូវសមិទ្ធផលដ៏អស្ចារ្យនេះបាន ? តាំងពីដើមមកប្រវត្តិសាស្ត្ររបស់ប្រទេសស្វីស គឺជាប្រទេសដ៏អព្យាក្រឹតមួយដែលប្រកាសមិនចូលពាក់ព័ន្ធនៅក្នុងសង្គ្រាមលោកលើកទី២ ជាហេតុនាំឲ្យប្រទេសមួយនេះមិនទទួលរងនូវការបំផ្លិចបំផ្លាញខូចខាតទ្រព្យសម្បត្តិអ្វីធ្ងន់ធ្ងរដូចបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបដែលប្រកូកប្រកាសចូលខ្លួនក្នុងភ្លើងសង្គ្រាមនោះឡើយ។ ប្រការនេះនាំឲ្យប្រទេសស្វីសអាចទទួលផលប្រយោជន៍បានយ៉ាងច្រើនមហាសាលពីការនាំចេញផលិតផលក្នុងស្រុករបស់ខ្លួនទៅកាន់បណ្ដាប្រទេសទាំងឡាយដែលហិនហោចពីសង្គ្រាមនិងដែលកំពុងខិតខំស្ដារប្រទេសរបស់ខ្លួនឡើងវិញ។
ភាពរឹងមាំនៃគោលជំហរសេដ្ឋកិច្ចរបស់ប្រទេសដែលគ្រប់គ្រងតាមបែបប្រព័ន្ធអំណាចបែងចែកមួយនេះ អាចបញ្ជាក់បាននៅត្រង់ចំនួនប័ណ្ណកម្មសិទ្ធិបញ្ញាដែលត្រឹមតែក្នុងឆ្នាំ២០១៤ម្នាក់ឯង មានរហូតដល់ទៅជាង៤៣,០០០ឯណោះ។ មួយវិញទៀតគឺជាកត្តាលំហូរចូលនៃជនអន្តោប្រវេសន៍ ដែលជាភស្តុតាងដ៏សំខាន់មួយក្នុងការបង្ហាញថាតើប្រទេសនេះអាចស្ថិតក្នុងលំដាប់កំពូលជាប្រទេសដែលមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតម្ដេចបាន។ ចាប់តាំងពីសតវត្សទី១៦រហូតដល់ទី១៨ ក្រុមសាសនាប្រូតេស្តង់របស់បារាំងដែលគាំទ្រការធ្វើបដិវត្តន៍វិហារសាសនារបស់បារាំង សម្គាល់ដោយឈ្មោះថា Protestant Huguenots បានធ្វើអន្តោប្រវេសន៍មកកាន់ទីក្រុង Geneva របស់ប្រទេសស្វីសនេះ និងអ្វីដែលសំខាន់គឺអ្នកទាំងនេះនាំចូលមកជាមួយនឹងជំនាញក្នុងការធ្វើពាណិជ្ជកម្មយ៉ាងប៉ិនប្រសប់ខ្ពស់នេះឯង។
ក្នុងនោះការរួមចំណែកមួយរបស់ពួកគេបានធ្វើឲ្យមានការចាប់កំណើតឡើងនៃឧស្សាហកម្មនាឡិការបស់ស្វីសផងដែរ។ ឯក្រុមជនអន្តោប្រវេសន៍ដ៏សំខាន់មួយទៀតនោះគឺជាជនភៀសខ្លួននយោបាយពីរបបរាជានិយមផ្ដាច់ការរបស់អឺរ៉ុប មកជ្រកកោនក្នុងទឹកដីរបស់ស្វីសក្រោយពេលដែលប្រទេសនេះបានប្រកាសជាផ្លូវការនូវការប្រកាន់យកភាពសេរីនិយមរបស់ខ្លួននិងការគ្រប់គ្រងតាមបែបប្រព័ន្ធអំណាចបែងចែកក្នុងឆ្នាំ១៨៤៨។ ក្នុងចំណោមអ្នកភៀសខ្លួនទាំងនេះគឺជាសាស្ត្រាចារ្យមកពីអាល្លឺម៉ង់ ហើយក៏បានរួមចំណែកជួយស្ថាបនាសាកលវិទ្យាល័យរបស់ស្វីសទៀតផង។ កត្តាដ៏ចម្បងមួយទៀតគឺជាការវិនិយោគទុនពីបរទេស។ មកដល់ពេលនេះ ជាង៦០ភាគរយធៀបនឹងការចំណាយទាំងអស់ប្រចាំឆ្នាំបានចំណាយទៅលើការស្រាវជ្រាវនិងការអភិវឌ្ឍន៍ បើគិតជាទឹកប្រាក់ប្រមាណ១៨ពាន់លានSwiss francs។ ក្នុងនោះផ្នែកដែលជំរុញសន្ទុះអភិវឌ្ឍសេដ្ឋកិច្ចរបស់ស្វីសសំខាន់ជាងគេគឺជាផ្នែកជំនួញ ជាពិសេសជាក្រុមហ៊ុនធំៗ តែក្នុងនោះក៏មានឧស្សាហកម្មធុនតូចនិងមធ្យមផងដែរ។ ចំណុចចុងក្រោយមួយទៀតគឺជាផ្នែកអប់រំដែលប្រកបដោយលក្ខណៈស្តង់ដារខ្ពស់ ដែលជារៀងរាល់ឆ្នាំមានអ្នកបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតជាង២,០០០នាក់ និងជាង១,០០០នាក់ថ្នាក់បណ្ឌិតបានចូលទៅបម្រើការក្នុងផ្នែកឯកជន។ ម្យ៉ាងទៀត នៅតាមស្ថាប័នសាកលវិទ្យាល័យសំខាន់ៗមួយចំនួនបានធ្វើការស្រាវជ្រាវនិងសហការជាមួយផ្នែកឯកជននិងភ្នាក់ងារសាធារណៈ ដើម្បីរិះរកការច្នៃប្រឌិតថ្មីៗដែលជាប្រភពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏មានឥទ្ធិពលរបស់ប្រទេសស្វីសនេះឯង៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ credit-suisse