ហេតុផល ៥យ៉ាងដែលសហរដ្ឋអាមេរិកមិនវាយប្រហារកូរ៉េខាងជើងទេ!
ថ្មីត្បិតតែសហរដ្ឋអាមេរិកបានចល័តយុទ្ធភណ្ឌទំនើបៗទៅកាន់តំបន់ឧបទ្វីបកូរ៉េយ៉ាងណាក៏ដោយ ក៏គេមានជំនឿថា សហរដ្ឋអាមេរិកនឹងមិនវាយប្រហារកូរ៉េខាងជើងនោះទេផ្អែកទៅលើហេតុផលធំៗ ចំនួន ៥យ៉ាងនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន South China Morning Post។
១) ហេតុអ្វីសហរដ្ឋអាមេរិកមិនវាយប្រហារកូរ៉េខាងជើងដូចវាយប្រហារស៊ីរី? ឧបទ្វីបកូរ៉េគឺ ស្ថិតនៅក្នុងស្ថានភាពសង្គ្រាមផុយស្រួយបំផុត។ សង្គ្រាមផ្ទុះឡើងម្ដងហើយត្រូវបញ្ចប់ទៅវិញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ក្រោមសន្ធិសញ្ញារវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន។ ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារកូរ៉េខាងជើងមែន គឺមានន័យថា អាមេរិកបំពានសន្ធិសញ្ញាដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។
២) តើអ្វីជាចំណុចខុសគ្នាចម្បងរបស់កូរ៉េខាងជើង និងស៊ីរី? ទោះបីជាមានការអះអាងថា ស៊ីរីលួចផលិតនុយក្លេអ៊ែរ តែសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងវិញគឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរ ៥លើករួចមកហើយ ហើយទទួលបានជោគជ័យលើក្បាលគ្រាប់នុយក្លេអ៊ែរខ្នាតតូច ទោះបីជាកូរ៉េខាងជើងជួបបរាជ័យមួយចំនួនលើការសាកល្បងនោះក៏ដោយ។ រឿងដែលគួរឱ្យភ្ញាក់ផ្អើល គឺមីស៊ីលចម្ងាយវែងគឺ Musudan ដែលទទួលបានជោគជ័យកាលពីឆ្នាំទៅមិញ។ ទោះបីជាកូរ៉េខាងជើងបរាជ័យមួយចំនួនក្ដី តែកូរ៉េខាងជើងអាចសិក្សាពីចំណុចខ្វះខាតទាំងនោះអាចអភិវឌ្ឍន៍ក្បាលគ្រាប់នុយក្លេអ៊ែរកម្រិតធ្ងន់ គឺមីស៊ីលអន្តរទ្វីបបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាញ់ដល់ទឹកដីសហរដ្ឋអាមេរិកបាន។
[caption id="attachment_37235" align="aligncenter" width="670"] មីស៊ីល Pukguksong-1 សម្រាប់បាញ់ពីនាវាមុជទឹក[/caption]
៣) ហេតុអ្វីបានជាចិនត្រូវគាំទ្រកូរ៉េខាងជើង ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារមែននោះ? ចិនជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់កូរ៉េខាងជើង។ ចាប់តាំងពីឆ្នាំ១៩៦១មក ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយ និងសន្ធិសញ្ញាមិត្តភាពជាច្រើន ទោះបីកាលពីពេលថ្មីៗនេះ ចិនហាក់សម្ដែងការមិនពេញចិត្តលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងក្ដី។ ក្នុងសន្ធិសញ្ញាមិត្តភាពនោះ ប្រទេសទាំងពីរមានកាតព្វកិច្ចជួយគ្នាទៅវិញទៅមក ប្រសិនបើមានការវាយប្រហារណាមួយពីប្រទេសខាងក្រៅ។ សន្ធិសញ្ញាមិត្តភាពនោះគឺត្រូវបានពន្យារពេលចំនួន ២ដងរួចហើយ ហើយមានសុពលភាពរហូតដល់ឆ្នាំ២០២១។
៤) ហេតុអ្វីបានជាចិនទទូចឱ្យដោះស្រាយតាមផ្លូវសន្តិភាព និងប្រឆាំងនឹងចំណាត់ការយោធារបស់សហរដ្ឋអាមេរិក? ចិន មានការព្រួយបារម្ភចំពោះបណ្ដាខេត្តដែលជាប់ព្រំប្រទល់ជាមួយកូរ៉េខាងជើង។ ប្រសិនបើសេណារីយ៉ូអាក្រក់កើតឡើង មានន័យថា សង្គ្រាមផ្ទុះឡើង ច្បាស់ជាចិនទទួលបន្ទុកទទួលជនភៀសខ្លួនកូរ៉េខាងជើងជាច្រើននាក់ ហើយបើរបប Kim Jong-un ដួលរលំទៀត នោះបន្ទុកកាន់តែធ្ងន់ទៀត។ បើងាកទៅមើលកត្តាភូមិសាស្ត្រនយោបាយវិញ ក្រុងប៉េកាំងមើលឃើញថា កូរ៉េខាងជើងគឺរបាំងរបស់ខ្លួនពីការវាយប្រហារណាមួយរបស់សត្រូវមានដូចជា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងជាដើម។
[caption id="attachment_37237" align="aligncenter" width="670"] កូរ៉េខាងជើង ធ្វើព្យុុះហយាត្រាកាលកន្លងទៅ[/caption]
៥) ក្រៅពីចិន តើប្រទេសណាទៀតដែលជំទាស់ទៅនឹងចំណាត់ការយោធារបស់សហរដ្ឋអាមេរិកមកលើក្រុងព្យុងយ៉ាង? ទាំងចិន និងកូរ៉េខាងត្បូង គឺពេញចិត្តដំណោះស្រាយមិនមែនផ្លូវយោធា។ រឿងដែលគ្រោះថ្នាក់គឺរដ្ឋធានីរបស់កូរ៉េខាងត្បូង ក្រុង សេអ៊ូល គឺមានចម្ងាយប្រមាណតែ ៤០គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំដែនកូរ៉េខាងជើង ដែលជាចំណុចគ្រោះថ្នាក់បំផុតបើមានសង្គ្រាមផ្ទុះឡើង។ អតីតមេបញ្ជាការទ័ពអាកាសសហរដ្ឋអាមេរិកលោក Sam Gardiner ត្រូវសារព័ត៌មាន The Atlantic ដកស្រង់ថា សហរដ្ឋអាមេរិកមិនអាចការពារក្រុងសេអ៊ូលបានទេក្នុងរយៈពេល ២៤ម៉ោងនៃសង្គ្រាម ឬអាចដល់ ៤៨ម៉ោងក៏ថាបាន។ ទីប្រឹក្សាលោក ប៊ីលគ្លិនតុនអតីតប្រធានាធិបតីអាមេរិកធ្លាប់ផ្ដល់យោបល់ឱ្យលោកថា សង្គ្រាមនៅឧបទ្វីបបើផ្ទុះឡើង នឹងក្លាយជាសមរភូមិបង្ហូរឈាមធំបំផុត និងតានតឹងបំផុតគិតចាប់តាំងពីសង្គ្រាមឧបទ្វីបកូរ៉េបានបញ្ចប់រួចមក៕
ដោយ៖ យោធិន