មានការអះអាងថា មីស៊ីលធុនធ្ងន់កូរ៉េខាងជើងបង្ហាញក្នុងខួបលើកទី១០៥ ជាមីស៊ីលក្លែងក្លាយ
ក្រុមអ្នករិះគន់ និងក្រុមអ្នកជំនាញមួយចំនួនបានអះអាងថា មីស៊ីលធុនធ្ងន់មួយចំនួនដែលដាក់បង្ហាញក្នុងខួបលើកទី ១០៥កាលពីថ្ងៃសៅរ៍ កន្លងទៅ គឺជាមីស៊ីលក្លែងក្លាយពោលគឺគ្រាន់តែជាប្រអប់លាបថ្នាំពណ៌ទទេតែប៉ុណ្ណោះ។
គេសង្កេតឃើញថា កូរ៉េខាងជើងបានបង្ហាញសព្វាវុធថ្មីៗក្នុងអំឡុងពេលប្រារព្ធខួបលើកទី ១០៥ របស់អតីតស្ថាបនិកកូរ៉េខាងជើងលោក គឹមអ៊ីលស៊ុង។ មនុស្សមួយចំនួនបានកត់សម្គាល់រ៉ុកកែត ដែលគេឃើញមានមួយគ្រាប់មើលទៅដូចបែក ហើយច្រមុះរបស់វាស្រួចខុសទំនង។
ទោះជាបែបនេះក្ដី កូរ៉េខាងជើង គឺពិតជាមានមីស៊ីលអន្តរទ្វីបដែលមានសមត្ថភាពពិតៗដែលអាចវាយប្រហារសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តបានគ្រប់ពេល។ មិនមានប្រតិកម្មណាមួយជុំវិញការលើកឡើងថា មីស៊ីលនោះជាមីស៊ីលមិនពិតនោះទេ ពីខាងកូរ៉េខាងជើង៕
ដោយ៖ យោធិន