កាន់តែតានតឹង! អាមេរិកបន្តបញ្ជូនប្រព័ន្ធការពារមីស៊ីល (THAAD) ទៅឧបទ្វីបកូរ៉េទោះចិនជំទាស់!
ក្នុងអំឡុងទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោក Mike Pence ទៅកាន់កូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ លោកបានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងបន្តដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Terminal High Altitude Area Defense (THAAD) នៅកូរ៉េខាងត្បូងឆាប់ៗនេះ ទោះបីមានការជំទាស់ពីចិនក៏ដោយ។
បើយោងតាម MSN ចុះផ្សាយថ្ងៃនេះបានឱ្យដឹងថា សហរដ្ឋអាមេរិកបានប្រកាសពីដំណាក់កាលដំបូងនៃការដាក់ពង្រាយប្រព័ន្ធនេះកាលពីដើមខែមីនា កន្លងទៅ ហើយមន្ត្រីអាមេរិកអះអាងថា វាអាចចំណាយពេលច្រើនខែដើម្បីដំឡើងប្រព័ន្ធទាំងមូល និងឱ្យវាបំពេញមុខងារបានពេញលេញ។
តាមពិតទៅ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានប្រកាសផែនការនៃការដំឡើងប្រព័ន្ធរួមគ្នាតាំងពីឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែក្រុងសេអ៊ូលមិនទទួលយកគម្រោងនេះដោយសារបញ្ហាមួយចំនួន។ នៅឆ្នាំ២០១៣ ក្រុងសេអ៊ូលធ្លាប់បដិសេធមិនធ្វើគម្រោងដោយសារតែតម្លៃ និងសម្ភារៈ។
បើតាមប្រភពព័ត៌មាន MSN ការដាក់ពង្រាយ និងឱ្យដំណើរការប្រព័ន្ធ THAAD តែមួយ គឺតម្លៃប្រហែលជាង ១ពាន់លានដុល្លារទៅហើយ។ ទោះជាយ៉ាងណាក្រុងវ៉ាស៊ីនតោន មានគម្រោងជួយចែករំលែកថ្លៃដាក់ពង្រាយប្រព័ន្ធនេះ។
អត្ថបទទាក់ទង៖ តើកូរ៉េខាងជើងមានកម្មវិធីនុយក្លេអ៊ែរទំនើបកម្រិតណា? នេះជាហេតុផលដែលអាមេរិកព្រួយបារម្ភ!
សូមបញ្ជាក់ថា ប្រព័ន្ធការពារមីស៊ីល THAAD គឺជាប្រព័ន្ធការពារមីស៊ីលដែលទំនើបបំផុតនៅក្នុងពិភពលោក។ វាអាចចាប់ និងកម្ទេចមីស៊ីលទាំងចម្ងាយខ្លី និងចម្ងាយវែង។ វាអាចបាញ់កម្ទេចមីស៊ីលក្នុងរយៈចម្ងាយជិត ២០០គីឡូម៉ែត្រ និងរយៈកម្ពស់ជិត ១៥០គីឡូម៉ែត្រ៕
ដោយ ៖ យោធិន