អ្នក​ពុំ​ចាំ​បាច់​ងើប​ពី​ម៉ោង ​៥​ភ្លឺ​ដើម្បី​ភាព​ជោគជ័យ​នោះ​ទេ ប្រើ​វិធី​ផ្សេង​ក៏​ជោគជ័យ​ដែរ!​



យើង​សុទ្ធ​តែ​ធ្លាប់​ឭ​ហើយ​ថា​ បុគ្គល​ជោគជ័យ​ជា​ច្រើន​ចូលចិត្ត​ងើប​ពី​ព្រលឹម​​​ធ្វើ​ផែនការ​ប្រចាំ​ថ្ងៃ​ ហាត់​ប្រាណ និង​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក។ ប៉ុន្តែ ប្រសិន​ជា​អ្នក​មាន​បញ្ហា​​ងើប​ពី​ព្រលឹម​ អ្នក​ក៏​ពុំ​ចាំ​បាច់​បារម្ភ​នោះ​ទេ។ គន្លឹះ​ខាង​ក្រោម​នេះ អាច​ជួយ​អ្នក​ឱ្យ​ជោគជ័យ​បាន​ដូច​គ្នា៖

១) ដឹង​ថា​អ្វី​ដើរ​សម្រាប់​អ្នក៖ ការ​​គេង​បាន​គ្រប់​គ្រាន់​គឺ​មាន​សារៈសំខាន់​ជាង​ការ​ងើប​ពី​ព្រលឹម។ ប្រសិន​ជា​​ម៉ោង​ផលិតភាព​របស់​អ្នក​នៅ​ពេល​យប់ អ្នក​គួរ​តែ​ឲ្យ​អាទិភាព​ទៅ​លើ​វា។ អ្នក​ជំនួញ​ខ្លះ​ព្យាយាម​ងើប​ពី​ព្រលឹម​ ប៉ុន្តែ​ផលិតភាព​របស់​ពួក​គាត់​បែរ​ជា​ថយ​ចុះ​ទៅ​វិញ។ ដូច្នេះ​ហើយ​ ​យើង​​មិន​ត្រូវ​បង្ខំ​ខ្លួន​ឯង​នោះ​ទេ គេង​ឲ្យ​បាន​គ្រប់​គ្រាន់ មាន​កម្លាំង​ធ្វើ​ការងារ ទទួល​ជោគជ័យ។

២) ត្រៀម​លក្ខណៈ​រួចរាល់​ក្រោយ​ងើប​ពី​គេង៖ មិន​ថា​អ្នក​ងើប​នៅ​ម៉ោង​ណា​នោះ​ទេ ក្រោយ​ពី​អ្នក​ងើប​ហើយ អ្នក​ត្រូវ​មាន​ការ​ត្រៀម​កម្រិត​​ ១០០​ភាគ​រយ​រួច​រាល់​នឹង​ធ្វើ​ការងារ​ដែល​ត្រូវ​បំពេញ។ អ្វី​ដែល​សំខាន់​នោះ​​គឺ​ថា​អ្នក​មាន​កាល​វិភាគ​ត្រឹម​ត្រូវ​​ ដែល​អ្នក​ត្រូវ​ធ្វើ​ក្រោយ​អ្នក​ភ្ញាក់​ពី​គេង។

៣) កាលវិភាគ៖ ក្រៅ​ពី​ម៉ោង​ដែល​អ្នក​ងើប​ហើយ គន្លឹះ​ដែល​អ្នក​ទៅ​រក​ភាព​​​ជោគជ័យ​គឺ​កាល​វិភាគ។ មុន​ពេល​អ្នក​ចូល​គេង អ្នក​គួរ​តែ​រៀប​ចំ​កាល​វិភាគ​សម្រាប់​ថ្ងៃ​ស្អែក​ឱ្យ​បាន​ត្រឹម​ត្រូវ ជា​ពិសេស​គឺ​ to do list។ ដូច្នេះ​ហើយ អ្នក​ពុំ​ចាំ​បាច់​ចំណាយ​នៅ​ពេល​ព្រឹក​សម្រាប់​​រៀប​ចំ​គម្រោង​ អ្នក​អាច​ចាប់​ផ្តើម​ធ្វើ​អ្វី​ដែល​សំខាន់​តែ​ម្តង។

៤) មើល​ថែ​​ខ្លួន​ឯង៖ វា​ពិត​ជា​ពិបាក​ក្នុង​ការ​លៃលក​ពេល​វេលា​សម្រាប់​ខ្លួន​ឯង​ ការងារ​ និង​គ្រួសារ។ ប៉ុន្តែ អ្នក​គួរ​តែ​មាន​ពេលវេលា​ខ្លះ​សម្រាប់​ខ្លួន​ឯង។ ធ្វើ​លំហាត់​ប្រាណ​ឬ​អង្គុយ​គិត​ពី​អ្វី​ៗ​​ឡើង​វិញ។ មនុស្ស​ជោគជ័យ​ជា​ច្រើន​ សុទ្ធ​​ចេះ​​មើលថែ​ខ្លួន​ឯង​​៕

ប្រែ​សម្រួល៖ អុឹង​មុយយូ ប្រភព៖ www.entrepreneur.com

X
5s