អនុវត្តទម្លាប់ល្អៗ៤យ៉ាងនេះ ដើម្បីការពារខ្លួនកុំឲ្យក្លាយជាអ្នកជំងឺបេះដូង
វដ្ដជីវិតរបស់មនុស្សជាធម្មតាតែងកើត ចាស់ ឈឺ ស្លាប់ដូច្នេះហើយ ប៉ុន្តែការយល់ដឹងពីសេចក្ដីស្លាប់ដែលមិនអាចចៀសផុតនេះមិនមែនមានន័យថាអ្នកមិនចាំបាច់ខ្វាយខ្វល់ពីសុខភាពរបស់ខ្លួនឯងដោយយល់ថាខ្លួនគង់តែនឹងស្លាប់នោះទេ ព្រោះថាជីវិតមានតម្លៃណាស់។ បើទោះជារោគាពាធឬជំងឺទាំងឡាយកើតមានចំពោះមនុស្សរាល់គ្នាដោយមិនអាចចៀសបាន ប៉ុន្តែយ៉ាងហោចណាស់យើងក៏អាចបង្ការឬពន្យារផលអាក្រក់របស់វា ប្រសិនណាជាយើងមានទម្លាប់ល្អក្នុងការរស់នៅ។
រោគបេះដូងកំពុងតែក្លាយជាជំងឺដ៏ពេញនិយមមួយដែលជាមូលហេតុនៃការស្លាប់របស់មនុស្សជាច្រើន នេះក៏ដោយសារតែទម្លាប់ក្នុងការរស់នៅរបស់ពួកគេមិនល្អនេះឯង។ ហេតុនេះ អ្នកអាចបង្ការឬពន្យារនូវរោគបេះដូងនេះតាមរយៈការរស់នៅជាមួយទម្លាប់ល្អៗទាំង៤ខាងក្រោម៖
១) គ្រប់គ្រងលើរបបអាហារនិងទម្ងន់របស់អ្នក៖ ការទទួលទានរបបអាហារមិនបានត្រឹមត្រូវ មិនមានតុល្យភាព និងមិនមានជីវជាតិបំប៉នល្អឲ្យបានទៀងទាត់ នោះវានឹងបើកឱកាសឲ្យជំងឺផ្សេងៗចូលមកធ្វើទុក្ខបុកម្នេញខ្លួនអ្នកបានយ៉ាងងាយ។ នៅពេលទម្លាប់ទទួលទានអាហាររបស់អ្នកមិនល្អហើយ នោះទម្ងន់របស់អ្នកក៏មិននៅថេរ ឡើងចុះៗ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។
២) ឧស្សាហ៍ធ្វើលំហាត់ប្រាណឲ្យបានញឹកញាប់៖ ការទទួលទានរបបអាហារត្រឹមត្រូវ បូកផ្សំជាមួយនឹងទម្លាប់ធ្វើលំហាត់ប្រាណបានទៀងទាត់ទៀត នោះកត្តាទាំងពីរនឹងជួយអ្នកប្រឆាំងទប់ទល់នឹងជំងឺកាចសាហាវផ្សេងៗ ជាពិសេសការពារបេះដូងរបស់អ្នកពីរោគសាហាវនោះឯង។ ម្យ៉ាងទៀត វាក៏ជួយអ្នកបង្ការពីកំណើនជាតិស្ករក្នុងឈាម និងការកើនឡើងជាតិកូឡេស្តេរ៉ុលផងដែរ។
៣) បញ្ឈប់ការជក់បារី៖ ការជក់បារីនេះហើយដែលជាទម្លាប់ដ៏អាក្រក់បំផុតមួយ ដែលបង្កឲ្យអ្នកកើតរោគបេះដូង និងបើមិនដូច្នេះទេក៏មានជំងឺមហារីក រោគថ្លើម ឬចាស់មុនអាយុដែរ។ ផលប៉ះពាល់របស់វាមិនបង្ហាញភ្លាមៗនោះទេ ប៉ុន្តែវានឹងបង្ហាញក្នុងរយៈពេលវែងដល់ពេលមួយដែលអ្វីៗហួសពេលអស់ទៅហើយ។
៤) គ្រប់គ្រងលើសម្ពាធឈាមរបស់អ្នក៖ អ្នកត្រូវធ្វើការត្រួតពិនិត្យជាប្រចាំទៅលើសម្ពាធឈាមរបស់អ្នក ព្រោះថាសម្ពាធឈាមឡើងខ្ពស់បណ្ដាលឲ្យមានរោគគាំងបេះដូង និងកាន់តែធ្ងន់ធ្ងរគឺជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនេះឯង។ មិនត្រឹមតែសម្ពាធឈាមនោះទេ សូម្បីតែជាតិស្ករក្នុងឈាម ជាតិកូឡេស្តេរ៉ុលក៏សុទ្ធតែទាមទារឲ្យអ្នកត្រូវឧស្សាហ៍តាមដានឲ្យបានទៀងទាត់ផងដែរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ verywell