​សញ្ញា៤យ៉ាង ​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គំនិត​ខ្លី​ ​(មើល​ឃើញ​តែ​ប្រយោជន៍​រយៈពេល​ខ្លី)​



ប្រយោជន៍​រយៈពេល​វែង​ ជា​​ប្រយោជន៍​ដែល​ទាមទារ​ឲ្យ​មនុស្ស​គ្រប់គ្នា​មើល​ធ្លុះ​អំពី​វា ​និង ​មាន​ការ​អត់ធ្មត់​ដើម្បី​​បន្ត​ធ្វើ​កិច្ច​​ជា​ហូរហែ​ ទម្រាំ​បាន​សម្រេច​។ ​ប៉ុន្តែជា​ទូទៅ​ មនុស្ស​គឺ​ចូលចិត្ត​​គិត​តែ​លើ​ប្រយោជន៍​រយៈពេល​ខ្លី​ ​ព្រោះ​វា​ងាយ​ធ្វើ​​ ​ហើយ​ឆាប់​ទទួល​បាន​ផល​ ប៉ុន្តែ​ក៏​ឆាប់​អស់​ផល​នោះ​ផង​ដែរ។ ផ្ទុយ​​ទៅ​វិញ ប្រយោជន៍​រយៈពេល​វែង គឺ​ត្រូវ​ការ​ពេលវេលា​ ​ពិបាក​ធ្វើ តែ​វា​នឹង​ហុច​ផល​ឲ្យ​យ៉ាង​គាប់​ចិត្ត​។ ដោយសារ​តែ​គិត​តែ​ប្រយោជន៍​រយៈពេល​ខ្លី​ ដូច្នេះ​ហើយ មាន​ជា​មនុស្ស​ជាច្រើន​សាង​បញ្ហា​ដល់​ខ្លួនឯង និង សង្គម​មិន​ចេះ​ចប់។ ​បើ​មាន​ចំណុច​ទាំង​នេះ ​មាន​ន័យ​ថា ជា​អ្នក​មនុស្ស​គិត​​​គំនិត​ខ្លី​​ ព្រោះ​មើល​ឃើញ​តែ​ប្រយោជន៍​ក្នុង​រយៈពេល​ខ្លី​៖​​

១) ​ចង់​បាន​អ្វី​ដែល​ងាយ​ៗ៖​ ​គ្មាន​រឿង​អស្ចារ្យ​ណា​មួយ​អាច​​កើត​ឡើង​ ដោយសារ​តែ​​សកម្មភាព​ធម្មតា​នោះ​ទេ។ ដូច្នេះ​ហើយ​បើ​អ្នក​ចង់​បាន​អ្វី​ដែល​ងាយ​ៗ​នោះ ​​អ្នក​នឹង​ទទួល​បាន​ផល​ទៅ​តាម​នោះ​ដែរ ​ហើយ​កុំ​បន្ទោស​អ្នកនេះ​ឬ​អ្នក​នោះ​​ឲ្យ​សោះ​ ព្រោះ​អ្វីៗ​ស្ថិត​លើ​ការ​សម្រេច​ចិត្ត​ និង​ ការ​គិត​ឃើញ​របស់​អ្នក​ប៉ុណ្ណោះ​។

២) ​ចង់​​​បាន​​ផល​ភ្លាមៗ៖ ​ដើម​ត្នោត​ គឺ​ជា​ប្រភេទ​ដើមឈើ​ដ៏​មាន​ប្រយោជន៍ ពោល​គឺ​មាន​ប្រយោជន៍​រាប់​សឹង​មិន​អស់​ តាំង​ពី​ចុង​រហូត​ដល់​គល់​។ ​ដើម្បី​ក្លាយ​ជា​ដើម​ត្នោត​មួយ​ដើម​ពេញ​លេញ​ ឬ អាច​ហុច​ផលបាន​ពេញ​សមត្ថភាព​នោះ ​គឺ​វា​ទាម​ទារ​ពេលវេលា​ ​​​ប្រហែល​១០​ឆ្នាំ​។ ​ដូច្នេះ​ហើយ បើ​អ្នក​ចង់​បាន​ផល​ភ្លាមៗ​នោះ ​ប្រហែល​ជា​រក​នឹកមិន​ឃើញ​ ចំពោះ​ការ​ដាំ​ដើម​ត្នោត​នោះ​ឡើយ ព្រោះ​ត្រូវ​ចំណាយ​ពេល​យូរ​ពេក​។ ​​ការ​សម្រេច​ចិត្ត​មិន​ដាំ​ដើម​ត្នោត​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ទទួល​បាន​ប្រយោជន៍​ជាច្រើន​នៅ​រយៈពេល​១០​ឆ្នាំ​ក្រោយ​។ ​មួយ​វិញ​ទៀត ​ទាក់ទង​នឹង​ការ​សិក្សា​រៀន​សូត្រ​​។ ការ​សិក្សា​រៀន​សូត្រ​នេះ គឺ​​មិន​អាច​ហុច​ផល​ភ្លាម​ៗ​នោះ​ទេ ពោល​គឺ​មិន​អាច​ប្រើ​ពេល​១​ថ្ងៃ ឬ មួយ​ខែ​បាន​ឡើយ​​ ​ ​​ព្រោះ​ត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ​។ បើ​អ្នក​គិត​ឃើញ​ថា ​ការ​រៀន​សូត្រ​​មិន​បាន​ប្រយោជន៍​អ្វី​សោះ​ ព្រោះ​មិន​ងាយ​ហុច​ផល​ នោះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​អ្នក​​មនុស្ស​គំនិត​ខ្លី​។

៣) ​​គ្មាន​ការ​តស៊ូ​៖ ​មនុស្ស​ដែល​មាន​គំនិត​ខ្លី​ ​គឺ​គ្មាន​ឡើយ​ការ​តស៊ូ​ដើម្បី​សម្រេច​កិច្ចការ​អ្វី​មួយ​ដ៏​អស្ចារ្យ​ ព្រោះ​នៅ​ពេល​ជួប​ការ​​លំបាក​ ក៏​សម្រេច​ចិត្ត​បោះបង់​ ​ហើយ​ទៅ​ធ្វើ​ការងារ​ណា​ដែល​ងាយ​ៗ​វិញ។ ​ប៉ុន្តែ​ងាយ​ធ្វើ​ ឆាប់​បាន​ ក៏​ឆាប់​អស់​តាម​ហ្នឹង​ដែរ​។ ​សម្រាប់​មនុស្ស​ដែល​មាន​គំនិត​វែង​ឆ្ងាយ​វិញ ​គឺ ​គេ​នឹង​ចាប់​ផ្ដើម​ធ្វើ​ការងារ​ណា​ដែល​​គិត​ថា ​វា​ល្អ​ ​និង​ ពេញ​ចិត្ត​ ហើយ​អាច​ហុច​ផល​បាន​ជា​ទី​គាប់ចិត្ត​នៅ​ពេល​ខាង​មុខ​ បើ​ទោះបី​ជា​ត្រូវ​ការ​ពេលវេលា​យូរ និង ការ​លំបាក​រាប់​មិន​អស់​ក៏​ដោយ​។

៤) ​​មិន​ដែល​គិត​អំពី​​អនាគត​៖ ​​ធម្មជាតិ​របស់​មនុស្ស​​ចូលចិត្ត​ភាព​សប្បាយ​រីករាយ​។ វា​មិនមែន​ជា​រឿង​ខុស​នោះ​ទេ​ ប៉ុន្តែ ខុស​នៅ​ត្រង់​ថា​ ​​ការ​បង្កើត​ភាព​សប្បាយ​រីករាយ​ហួស​កំណត់​ ​ដែល​​នាំ​តែ​ទុក្ខទោស​ដាក់​ខ្លួន​។ ​នៅ​ពេល​ដែល​មនុស្ស​ចូលចិត្ត​ភាព​សប្បាយ​រីករាយ​ហួស​កំណត់ ​នាំ​ឲ្យ​ពូក​គេ​​ភ្លេច​គិត​អំពី​ថ្ងៃស្អែក​ថា នឹង​មាន​អ្វី​កើតឡើង។ ​​ចំពោះ​អ្នក​ដែល​ខ្វល់​ខ្វាយ​ និង បាន​គិត​អំពី​អនាគត​របស់​ខ្លួន​នោះ ​ពួកគេ​តែ​ងព្យាយាម​ដាក់​​ព្រំ​ដែន​នៃ​​ការ​បង្កើត​ភាព​រីករាយ​របស់​ខ្លួន​ ​ដើម្បី​ប្រាកដ​ថា វា​នាំ​មក​នូវ​រឿង​ល្អ មិន​មែន​នាំ​មក​នូវ​បញ្ហា​នៅ​ថ្ងៃ​ក្រោយ​នោះ​ទេ​៕ សូមអានអត្ថបទល្អៗផ្សេងទៀត៖ ទម្លាប់​ពិសេសៗ​របស់​លោក Bill Gate ​​លោក Steve Jobs ​​​និង ​លោក Obama​​​​​ ដែលអ្នកគួរដឹង! អ្នក​និពន្ធ​​ដ៏​ល្បី​ លោក​ ​​សន ខូវិយ៍ (Sean Covey)៖ ​ទម្លាប់​អាក្រក់​៧​យ៉ាង​ ​​ធ្វើ​ឲ្យ​យុវជន​​​រក​មិន​ឃើញ​ភាព​ជោគជ័យ​ក្នុង​ជីវិត រៀន​មេរៀន​ជីវិត​​​ពី​សម្រង់​សម្ដី​ទាំង​៨​ឃ្លា​​របស់​លោកLi Ka Shing  ​ ​មហាសេដ្ឋី​ហុងកុង​​​ល្បី​បំផុត​នៅ​អាស៊ី

ដោយ​៖ រតនា​ ​វិចិត្រ

X
5s