បើសេដ្ឋកិច្ចយ៉ាប់យ៉ាងនេះ តើកូរ៉េខាងជើងបានលុយពីណាដើម្បីយកមកបំប៉នកម្មវិធី មីស៊ីល&នុយក្លេអ៊ែរខ្លួន?
បើនិយាយពីប្រទេសតូចដូចជាកូរ៉េខាងជើង ដែលមានចំណូលក្នុងស្រុកសរុប (GDP)ទាប ការផលិតមីស៊ីល និងអាវុធនុយក្លេអ៊ែរបាន គឺពិតជាធ្វើឱ្យពិភពលោកមានចម្ងល់ និងភ្ញាក់ផ្អើលព្រោះកម្មវិធីអភិវឌ្ឍន៍សព្វាវុធទាំងនេះគឺចំណាយអស់រាប់ពាន់លានដុល្លារឯណោះ។
ធនាគារកណ្ដាលកូរ៉េខាងត្បូងបានប៉ាន់ប្រមាណថា ចំណូលជាតិសរុបរបស់កូរ៉េខាងជើងកាលពីឆ្នាំ២០១៥ គឺមានទំហំប្រមាណ ៣០ពាន់លានដុល្លារតែប៉ុណ្ណោះ គឺស្មើនឹង ២.២%នៃចំណូលជាតិសរុបរបស់ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់ CNBC។ បើតាមប្រភពដដែល កូរ៉េខាងជើង ចំណាយខ្ទង់ប្រហែល ២៥%នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនទៅលើការអភិវឌ្ឍសព្វាវុធ និងកម្មវិធីនុយក្លេអ៊ែរ។ តើវាគ្រប់គ្រាន់ក្នុងការផលិតមីស៊ីល និងនុយក្លេអ៊ែរដែរឬទេ?
ខាងក្រោមនេះ ជាប្រភព ៥យ៉ាងដែលសារព័ត៌មាន CNBC ចុះផ្សាយពីប្រភពហិរញ្ញប្បទានសម្រាប់កម្មវិធីអភិវឌ្ឍន៍សព្វាវុធ៖
១) ចិន៖ ប្រហែល ៣ភាគ៤ នៃពាណិជ្ជកម្មកូរ៉េខាងជើង គឺជាមួយនឹងប្រទេសចិន។ ហើយអ្នកវិភាគខ្លះថា មានទំហំធំជាងនេះទៅទៀត។ នេះបើយោងតាមរបាយការណ៍ចេញពី CIA។ «ចិន មានឥទ្ធិពលខ្លាំងលើស្ថិរភាពនៅកូរ៉េខាងជើង ប៉ុន្តែចិននៅតែចង់រក្សាទុកកូរ៉េខាងជើងដោយសារតែផលប្រយោជន៍...»នេះបើតាមការលើកឡើងរបស់លោក Scott Snyder នាយកកម្មវិធីគោលនយោបាយសហរដ្ឋអាមេរិក-កូរ៉េ នៅក្រុមប្រឹក្សាការបរទេសអាមេរិក។ លោកថា ក្រុងប៉េកាំងមានសមត្ថភាពអាចកាត់ផ្ដាច់ការផ្គត់ផ្គង់អាហារ និងថាមពលដល់កូរ៉េខាងជើងបាន។ ប៉ុន្តែរឿងមួយដែលចិនជៀសវាងនោះគឺ ប្រសិនណាបើកូរ៉េខាងជើងដួលរលំ នោះជនភៀសខ្លួនជាច្រើននាក់ពីកូរ៉េខាងជើងនឹងធ្លាក់បន្ទុកមកលើបណ្ដាខេត្តមួយចំនួនស្ថិតនៅភាគឥសាន្តប្រទេស។
ចុចអាន៖ តើកូរ៉េខាងជើងមានកម្មវិធីនុយក្លេអ៊ែរទំនើបកម្រិតណា? នេះជាហេតុផលដែលអាមេរិកព្រួយបារម្ភ!
២) ពលករនៅក្រៅប្រទេស៖ លោក Robert Manning អ្នកជំនាញនៅក្រុមប្រឹក្សាអាត្លង់ទិច សហរដ្ឋអាមេរិក បានលើកឡើងថា ពលករដែលត្រូវបានបង្ខំឱ្យទៅធ្វើការនៅរុស្ស៊ី និងចិន អាចរួមចំណែកផ្ដល់ចំណូល (រូបិយបណ្ណរឹង) ដល់ក្រុងព្យុងយ៉ាងផងដែរ។ តាមអ្នកជំនាញដដែល ការនាំចេញរ៉ែធ្យូងថ្ម និងរ៉ែផ្សេងៗទៀត គឺផ្ដល់នូវហិរញ្ញប្បទានជារូបិយបណ្ណបរទេសដូចជាយ័ន ដុល្លារ និងយូរូ ដល់ក្រុងព្យុងយ៉ាងមួយចំណែក។ តាមការវិភាគរបស់លោក Robert Manning មេដឹកនាំកូរ៉េខាងជើងលោក Kim Jong un ក៏អាចប្រើប្រាស់មូលនិធិនេះដើម្បីទិញការគាំទ្រពីមន្ត្រីធំៗខ្លួនផងដែរ។ លោក ថ្លែងដូច្នេះ ៖«បើយើងអាចបង្វែហិរញ្ញប្បទាននេះបាន ប្រហែលជាអាចបង្កើតក្រុមមាននយោបាយប្រឆាំង ហើយអាចមានរបបថ្មី ព្រោះថា មន្ត្រីល្អមួយចំនួនមិនអាចទិញទឹកចិត្តបាននោះទេ»។
ចុចអាន៖ មានការអះអាងថា មីស៊ីលធុនធ្ងន់កូរ៉េខាងជើងបង្ហាញក្នុងខួបលើកទី១០៥ ជាមីស៊ីលក្លែងក្លាយ
៣) លក់សព្វាវុធ៖ យោងតាមលោកស្រី Anwita Basu មកពីអង្គភាពក្រុមអ្នកសេដ្ឋកិច្ច (The Economist Intelligence Unit) ដែលជាអ្នកវិភាគល្បីឈ្មោះលើបញ្ហានៅឥណ្ឌូណេស៊ី ហ្វីលីពីន និងកូរ៉េខាងជើង បានលើកឡើងថា មានការនាំចេញសព្វាវុធទៅកាន់បណ្ដាប្រទេសនៅទ្វីបអាហ្វ្រិចមួយចំនួន។ ក្រុមអ្នកវិភាគនយោបាយផ្សេងទៀតបានលើកឡើងថា ប្រហែលជាមានកិច្ចសហប្រតិបត្តិការមួយចំនួនរវាងកូរ៉េខាងជើង និងអ៊ីរ៉ង់លើកម្មវិធីអាវុធនុយក្លេអ៊ែរទៀតផង។ របាយការណ៍ពីក្រុមអ្នកជំនាញនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសរសេរដូច្នេះថា ៖«កូរ៉េខាងជើងបន្តធ្វើពាណិជ្ជកម្មអាវុធ និងទំនិញពាក់ព័ន្ធអាវុធទៅប្រទេសនៅអាស៊ី អាហ្វ្រិច និងមជ្ឈិមបូពា។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា កូរ៉េខាងជើង ប្រើប្រាស់ក្រុមហ៊ុនសំណង់នៅទ្វីបអាហ្វ្រិចដើម្បីផលិតទំនិញដែលពាក់ព័ន្ធនឹងសព្វាវុធ យោធា និងសន្តិសុខ។ កាលពីរដូវក្ដៅកន្លងទៅ ប្រទេសអេហ្ស៊ីបបានស្ទាក់ចាប់បានកប៉ាល់មួយគ្រឿងពីប្រទេសកូរ៉េខាងជើងដែលមានដឹកគ្រាប់បែក PG-7 និងសព្វាវុធផ្សេងទៀតដើម។
៤) ថ្នាំ៖ កូរ៉េខាងជើង មានឧស្សាហកម្មផលិតឱសថក្លែងក្លាយយ៉ាងធំ នេះបើយោងតាមការអះអាងពីលោក Robert Manning។ លោកបញ្ជាក់ ៖«ខ្ញុំធ្លាប់ឃើញគម្រូថ្នំ Viagra របស់កូរ៉េខាងជើងដែលមើលទៅដូចថ្នាំពិតៗតែម្ដង។ នេះក៏ជាប្រភពសំខាន់មួយនៃរូបិយបណ្ណរឹងកូរ៉េខាងជើងដែរ»។
៥) វាយប្រហារតាមអ៊ីនធឺណីត៖ កូរ៉េខាងជើង ត្រូវបានរាយការណ៍ថា អាចស្ថិតនៅពីក្រោយការលួចលុយតាមអ៊ីនធឺណិត (cybertheft) ពីគណនេយ្យមួយចេញពីប្រទេសបង់ក្លេដេសនៅធនាគារកណ្ដាលក្រុងញួរយ៉កកាលពីឆ្នាំទៅមិញ។ កាសែត The Wall Street Journal បានចេញផ្សាយថា ព្រះរាជ្ញាដែលធ្វើការលើរឿងនេះមានជំនឿថា ឈ្មួញចិនទំនងបានជួយកូរ៉េខាងជើងក្នុងរឿងនេះ៕
ដោយ៖ យោធិន