បាក់ទឹកចិត្តរឿងធ្វើកិច្ចការសាលាមែនទេ? សាកល្បងគន្លឹះទាំងនេះទៅមើល អ្នកនឹងសម្រេចបានដូចបំណងមិនខាន!
ពេលខ្លះ អ្នកប្រហែលជាធុញថប់ ឬគ្មានកម្លាំងចិត្តក្នុងការធ្វើកិច្ចការសាលា។ មិនថា អ្នកព្យាយាមផ្ដោតអារម្មណ៍ឬតាំងចិត្តយ៉ាងណានោះទេ គ្រាន់តែកន្លះម៉ោងតែប៉ុណ្ណោះ ខួរក្បាលរបស់អ្នកប្រាប់អ្នកថា៖«មិនអាចធ្វើទៀតទេ អ្នកត្រូវការការសម្រាក»។ មានហេតុផលជាច្រើនទៀត ដែលបំផ្លាញកម្លាំងចិត្តរបស់អ្នក។ ដូច្នេះហើយ សាកល្បងគន្លឹះខាងក្រោមនេះ ទៅមើល៍ អ្នកនឹងមានកម្លាំងចិត្តក្នុងការសម្រេចកិច្ចការសាលាឡើងវិញ៖
១) ថែទាំខ្លួនឯង៖ អ្នកតែងតែប្រាប់ខ្លួនឯងថា៖«គេងឲ្យបានគ្រប់គ្រាន់និងញាំអាហារល្អៗ»។ វានឹងជួយដល់ផលិតភាពរបស់អ្នក។ ដំណឹងល្អគឺថាអ្នកពុំចាំបាច់គេងច្រើននោះទេ អ្នកគ្រាន់តែត្រូវគេងឲ្យបានស្ងប់ចិត្តនិងញាំអាហារដែលផ្ដល់នូវសុខភាពទៅបានហើយ។ នៅពេលដែលអ្នកអនុវត្តបាន កម្លាំងចិត្តឬផលិតភាព នឹងមកដោយឯកឯង។
២) រៀបចំកាលវិភាគឡើងវិញ៖ ពេលវេលាដែលយើងអាចផ្តោតអារម្មណ៍ (productivity time) ទៅលើកិច្ចការបាន គឺមានកំណត់។ ប្រសិនជាយើងប្រើប្រាស់អស់ យើងនឹងពិបាកក្នុងការផ្តោតអារម្មណ៍ទៅលើកិច្ចការ។ ដូច្នេះហើយ អ្នកត្រូវរៀបចំកាលវិភាគក្នុងការធ្វើកិច្ចការងារឲ្យត្រូវនឹងម៉ោងផលិតភាពរបស់អ្នក។
៣) ផ្លាស់ប្ដូររបៀបរៀន៖ យើងទាំងអស់គ្នាធ្លាប់ដឹងហើយពីសារៈសំខាន់នៃរបៀបរៀន។ អ្នកប្រហែលជាចង់ធ្វើកិច្ចការដែលអ្នកចូលចិត្តឬស្រឡាញ់។ ហើយរបៀបរៀនរបស់អ្នកគឺមានតែមួយ។ ប៉ុន្តែ អ្នកត្រូវចងចាំថា មុខវិជ្ជាខុសគ្នាប្រហែលជាត្រូវការរបៀបរៀនខុសគ្នាផងដែរ។ អ្នកត្រូវចេះបត់បែនតាមកាលៈទេសៈ។ ប្រសិនជារបៀបរៀនបច្ចុប្បន្នមិនផ្តល់លទ្ធផលអ្វីទេ កុំខ្លាចក្នុងការផ្លាស់ប្តូររបៀបរៀនថ្មី៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ lifehacker.com