ចំណុចពិសេស​​៤​យ៉ាងនេះ​ ដែល​អ្នក​ដឹកនាំពូកែ​​មាន​



អ្នក​ដឹកនាំ​ល្អ​ម្នាក់​តែង​តែ​ជំរុញ​ចិត្ត​អ្នក​​​​ធ្វើ​អ្វី​មួយ​ឲ្យ​បាន​ល្អ​ ហើយ​ជឿជាក់​ខ្លួន​ឯង​ថា​អ្នក​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​បាន ។ ហេតុនេះ​ហើយ ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ អ្នក​ត្រូវ​ប្រាកដ​ថា តើ​ការ​ដឹកនាំ​អ្នក អាច​ធ្វើ​ឲ្យ​អ្នក​ដើរ​តាម​ អាច​សម្រេច​គោលដៅ​ពួក​គេ​បាន​ដែរ​ឬ​អត់​? របៀប​នៃ​ការ​ដឹក​នាំ​ទាំង​៤​នេះ គឺ​ជា​ការ​ដឹក​នាំ​ដ៏​ជោគជ័យ ហើយ​អ្នក​គួរ​តែ​យក​តម្រាប់​តាម​៖

១) ​អ្នក​ដឹកនាំ​ពូកែ​ស្រមើស្រមៃ​៖ សំដៅ​ទៅ​អ្នកដឹកនាំ​ដែល​ពូកែ​ស្រមើស្រមៃ​ពី​ក្រុមហ៊ុន​​ទៅ​កាន់​ថ្ងៃ​មុខ ហើយ​​តែង​តែ​ចែករំលែក​គំនិត​ និង​ទស្សនៈ​ខ្លះ​ៗ ដែល​គេ​បាន​គិត​ ដល់​អ្នក​កូន​ក្រុម​ខ្លួន​។ ការ​ដឹកនាំ​បែប​នេះ​អាច​ធ្វើ​ឲ្យ​ក្រុម​អ្នក រួបរួម​គ្នា​បាន​ល្អ ហើយ​ម្នាក់ៗ​កាន់​តែ​មាន​ទំនុក​ចិត្ត​រៀង​ៗ​ខ្លួន​។

២) អ្នក​ដឹកនាំ​ដែល​សួរនាំ​ច្រើន​៖ អ្នក​តែង​តែ​ចង់​ដឹង​ពី​គំនិត​របស់​អ្នក​ដទៃ ដើម្បី​ចង់​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​បាន​ជោគជ័យ​។ ការ​ដឹកនាំ​បែប​នេះ​ គឺ​បង្ហាញ​ថា​អ្នក​បាន​ផ្ដល់​អំណាច​និង​សិទ្ធិ​ដល់​មនុស្ស​គ្រប់​គ្នា​ក្នុង​ការ​បញ្ចេញ​​មតិ​ ។ ការ​ដឹកនាំ​បែប​នេះ​ អ្នក​ក៏​ត្រូវ​​ប្រយ័ត្ន​ដែរ​ព្រោះ​​ថា​អ្នក​អាច​សួរ​ចំ​មនុស្ស​ខុស ហើយ​ទទួល​បាន​យោបល់​ខុស​ផង​ដែរ។

៣) ដឹកនាំ​ពោរពេញ​ដោយ​ការ​ស្រឡាញ់​៖ ការ​ដឹក​នាំ​បែប​នេះ​ក៏​ល្អ​ម៉្យាង​ដែរ ព្រោះ​ថា សមាជិក​ក្រុម​នឹង​មុន​សូវ​មាន​សម្ពាធ​ក្នុង​ការ​ធ្វើ​ការងារ​។ តែ​ភាគ​ច្រើន​ការ​ដឹកនាំ​បែប​នេះ​គឺ​មិន​សូវ​ជា​ជោគជ័យ​ខ្លាំង​ប៉ុន្មាន​ទេ ដោយសារ​រ​តែ​គេ​ឲ្យ​តម្លៃ​ខ្លាំង​ចំពោះ​តែ​មិត្តភាព​ប៉ុណ្ណោះ ចំណែក​ឯ​ការងារ​ក្នុង​ការ​សម្រេច​គោលដៅ​ពួក​គេ​មិន​សូវ​យក​ជា​ធំ​ប៉ុន្មាន​ទេ។

៤) ដឹកនាំ​ដូច​​ជា​គ្រូ​បង្វឹក​៖ ​ អ្នក​មិន​​ត្រឹម​តែ​ដឹង​ថា​តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​កូន​ក្រុម​អ្នក​ទេ អ្នក​ថែម​ទាំង​​ព្យាយាម​ស្វែងរក​វិធី​គ្រប់​បែប​យ៉ាង ​ដុស​ខាត់​ជំនាញ និង​សមត្ថភាព​ពួក​គេ​ទៀត៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack ​​​​

X
5s