អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាន ប្រសិនជាអ្នករៀនផងធ្វើការផង
ជាការពិតមិនអាចប្រកែកបាន ការធ្វើការខណៈពេលដែលអ្នកកំពុងសិក្សាពិតជាលំបាក ប៉ុន្តែអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដែលមានតម្លៃលើសពីប្រាក់ខែរបស់អ្នកទៀតផង។ សិស្សដែលធ្វើការផងរៀនផងនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះទៅ៖
១) ប្រាក់ខែ៖ ជាធម្មតានោះទេ សិស្សដែលធ្វើការក្រៅម៉ោងនឹងរកបានប្រាក់ចំណូលខ្លះ ទោះបីជាមិនច្រើន។ ស្ថិតនៅក្នុងវ័យពេញវ័យ ការរកលុយដោយខ្លួនឯងអាចពង្រឹងដល់ទំនុកចិត្តឬភាពជឿជាក់មកលើខ្លួនឯង។ លើសពីនេះទៅទៀត ពួកគេអាចធ្វើអ្វីតាមតែចិត្តរបស់ពួកគេពីព្រោះថាពួកគេចាយលុយខ្លួនឯង។
២) ការចាយវាយ៖ សិស្សដែលរកលុយដោយខ្លួនឯងនឹងយល់ពីការលំបាកនៃការរកលុយ ដូច្នេះហើយពួកគាត់ក៏រៀនចេះពីរបៀបចាយលុយ មិនខ្ជះខ្ជាយលុយដូចពីមុនឡើយ។ ម៉្យាងវិញទៀត ពួកគាត់រៀនចេះសន្សំលុយសម្រាប់ទិញទំនិញដែលចាំបាច់ទៀតផង។
៣) បទពិសោធន៍៖ សិស្សនឹងទទួលបានបទពិសោធន៍ការងារនិងកសាងទំនាក់ទំនង(Networking) ជាមួយមនុស្សដែលនៅក្នុងជំនាញរបស់ពួកគាត់។ ការមានបទពិសោធន៍ច្រើននឹងធ្វើឲ្យពួកគាត់មើលទៅលេចធ្លោជាងសិស្សដទៃ។ ការមានការងារមិនមែនផ្តល់ត្រឹមបទពិសោធន៍ តែធ្វើឲ្យពួកគាត់ចាស់ទុំជាងមុន មានទំនួលខុសត្រូវខ្ពស់និងចេះបែងចែកពេលវេលាបានល្អ៕
ប្រែសម្រួល៖អុឹង មុយយូ ប្រភព៖ work.chorn.com