​ហេតុផល​​សំខាន់ៗ​​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ចូលចិត្ត​​​​​នៅ​​ម្នាក់ឯង​



មាន​មនុស្សជា​ច្រើន​ណាស់​ដែល​ចង់​បាន​ពេលវេលា​មួយ​សម្រាប់​ដើរ​លេង​ឬ​ទៅ​ណា​មក​ណា​តែ​ម្នាក់​​ឯង​ដោយ​គ្មាន​អ្នកណា​រំខាន។ នេះ​មក​ពី​គេ​ធុញ​ថប់​នឹង​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ខ្លួន​ពេក​ក៏​ថា​បាន​។​ តែ​ក៏​នៅ​​មាន​ហេតុផល​សម​ស្រប​​ជា​ច្រើន​ទៀត​ដែរ ដែល​បង្ហាញ​ថា​មនុស្ស​ម្នាក់​ចូលចិត្ត​នៅ​ម្នាក់​ឯង​ ក្នុង​នោះ​មាន​៖​

១) អាច​ធ្វើ​អ្វី​ដែល​ខ្លួន​​​ចង់​៖ រាល់​ថ្ងៃ​អ្នក​ធ្វើ​អ្វី​មួយ​គឺ​មិន​មែន​សម្រាប់​តែ​ខ្លួន​ឯង​មួយ​មួយ​ទេ ព្រោះ​​ថា​អ្នក​នៅ​គិត​ពី​មិត្ត​ភក្ដិ គ្រួសារ​និង​មនុស្ស​ជុំវិញ​ខ្លួន​គ្រប់​ពេល។ តែ​បើ​មាន​ពេល​មួយ​សម្រាប់​ខ្លួន​ឯង​វិញ អ្នក​ចង់​ពិសា​អ្វី​ដែល​អ្នក​ចង់ អ្នក​ចង់​ដើរ​ទៅ​កន្លែង​​ណា​ដែល​អ្នក​ប្រាថ្នា ហើយ​អ្នក ចង់​ធ្វើ​អ្វី​គឺ​ដើម្បី​តែ​ខ្លួន​ឯង​សប្បាយ​តែ​ប៉ុណ្ណោះ។

២) កាន់​តែ​មាន​គំនិត​ច្នៃ​ប្រឌិត​​៖ ពេល​ដែល​អ្នក​នៅ​ម្នាក់​ឯង ការ​គិត​របស់​អ្នក​គឺ​កាន់​តែ​ជ្រៅ​ខុស​រាល់​ដឹង ​នេះ​ដោយ​សារ​អ្នក​មាន​ពេល​ច្រើន គួប​ផ្សំ​នឹង​បរិយាកាស​ស្រស់ស្រាយ ផង​ដែរ។ ការ​នៅ​ម្នាក់​ឯង​គឺ​មាន​ន័យ​ថា​ អ្នក​បញ្ឈប់​ការ​គិត​របស់​អ្នក​ចំពោះ​អ្នក​ដទៃ ។ អ្នក​នឹង​មិន​ទទួល​យក​គំនិត​ឬ​ក៏​ឥទ្ធិពល​របស់​នរណា ម្នាក់​មក​ដាក់​ខ្លួន​ទៀត​ឡើយ។

៣) កាន់​តែ​មាន​ថាមពល​ជាង​រាល់​ដង​៖ ពេល​អ្នក​នៅ​ម្នាក់​​ឯង គឺ​អ្នក​មាន​ពេល​​​ក្នុង​ការ​សម្រាក​បាន​ពេញ​ភ្នែក​ ​ ដើម្បី​យក​ថាមពល​សម្រាប់​ខ្លួន​។ សម្រាក​នេះ​គឺ​សម្រាក​ទាំង​កាយ និង​សម្រាក​ទាំង​ចិត្ត ដូចនេះ​ថាមពល​ក្នុង​ខ្លួន​អ្នក​គឺ​កាន់​តែ​កើន​ឡើង​ទ្វេ​ដង។

៤) កាន់​តែ​ស្គាល់​ខ្លួន​ឯង​ច្បាស់​៖ ដើម្បី​រៀន​យល់​ពី​ខ្លួន​ឯង អ្នក​គួរ​បើក​ឱកាស​​ដើម្បី​ដើរ​លេង​ឬ​ទៅ​ណា​មក​ណា​តែ​ម្នាក់​ឯង​។ រៀន​យល់​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​ ទើប​អ្នក​អាច​ប្រើប្រាស់​ខ្លួន​ឯង ដើម្បី​ទៅ​ទាក់ទង​អ្នកដទៃ​បាន​៕

ប្រែ​សម្រួល៖ ព្រំ​ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur

X
5s