តើសសរគ្រឹះអ្វីខ្លះទ្រទ្រង់ភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ប្រទេសហុល្លង់ ?​



ហុល្លង់​ជាប់​ជា​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​លំដាប់​ទី​១៦​របស់​ពិភពលោក និង​លំដាប់​ទី​៦​របស់​សហភាព​អឺរ៉ុប។ ថ្វីត្បិតតែ​ប្រជាប្រិយភាព​របស់​សេដ្ឋកិច្ច​ហុល្លង់​មិន​សូវ​ត្រូវ​បាន​គេ​លើក​ឡើង​កន្លង​មក​ក៏​ដោយ យ៉ាងណាមិញ​តំបន់​ភូមិសាស្ត្រ​នៃ​ទឹកដី​ដែល​មាន​ទំហំ​៤១ ៨៦៤​គីឡូម៉ែត្រ​ការ៉េ ដែល​មាន​លក្ខណៈ​ជា​តំបន់​ដី​សណ្ដ ដែល​ច្រើន​ជាង​១​ភាគ​៤​នៃ​ផ្ទៃ​ដី​សរុប​ជា​ផ្នែក​ក្រោម​សមុទ្រ នាំឲ្យ​ដែនដី​របស់​ហុល្លង់​ក្លាយ​ជា​ដង្ហើម​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អឺរ៉ុប។

ចំ​កណ្ដាល​បេះដូង​នៃ​គោលជំហរ​សេដ្ឋកិច្ច​របស់​ហុល្លង់​គឺជា​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ​នេះ​ឯង និង​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១០​ដែល​នាំ​មុខ​គេ​ខាង​ការ​នាំ​ចេញ ដែល​ក្នុង​ឆ្នាំ​២០០៩ បន្ទាប់​ពី​អាល្លឺម៉ង់ នោះ​គឺ​ហុល្លង់​នេះ​ហើយ​ដែល​ស្ថិត​នៅ​ក្នុង​លំដាប់​ទី២​ខាង​ផ្នែក​នាំ​ចេញ​ដ៏​ធំ​ជាង​គេ​របស់​អឺរ៉ុប។ ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ហុល្លង់​គឺជា​បណ្ដា​ប្រទេស​ជិត​ខាង​មាន​ដូចជា អាល្លឺម៉ង់ បែលហ្ស៊ិក ចក្រភពអង់គ្លេស និង​បារាំង។ សសរ​គ្រឹះ​សំខាន់ៗ​ដែល​ទប់​លំនឹង​សេដ្ឋកិច្ច​ហុល្លង់​ឲ្យ​មាន​ភាព​រឹងមាំ​បាន​ដល់​កម្រិត​នេះ គឺជា​ផ្នែក​ឧស្សាហកម្ម​សេវាកម្ម ផលិតផល​កសិកម្ម​និង​អាហារ ឧស្សាហកម្ម​គីមី ថាមពល បច្ចេកវិទ្យា​ទំនើប សាកវប្បកម្ម(ការ​ដាំដុះ) ផ្នែក​សុខភាព ផ្នែក​ដឹក​ជញ្ជូន ទឹក និង​ឧស្សាហកម្ម​ច្នៃប្រឌិត។ អ្វី​ដែល​ជា​ភាព​អស្ចារ្យ​នៃ​ភាព​ជោគជ័យ​ផ្នែក​ផលិតផល​កសិកម្ម​រួម​ចំណែក​ដល់​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​របស់​ហុល្លង់ នោះ​គឺ​ផ្នែក​កសិកម្ម​ដែល​រួម​ចំណែក​ផ្ដល់​ការងារ​ប្រមាណ​តែ​២​ភាគរយ​នៃ​កម្លាំង​ពលកម្ម​ទាំងអស់​ប៉ុណ្ណោះ ប៉ុន្តែ​ផលិតផល​កសិកម្ម​ទាំងអស់​បាន​ធ្វើឲ្យ​ប្រទេស​នេះ​ឈរ​ខ្ពស់​រហូត​ដល់​តំណែង​ទី២​ជា​អ្នក​នាំ​ចេញ​ផលិតផល​កសិកម្ម​ដ៏​ធំ​ជាងគេ​របស់​ពិភពលោក។ ក្រៅពីនេះ តឹកតាង​ដែល​បញ្ជាក់​ពី​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​មាន​ប្រជាជន​ប្រមាណ​១៦.៧​លាន​នាក់​នេះ នោះ​គឺ​ទិន្នន័យ​ពី​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​ចាត់​ប្រទេស​ហុល្លង់​ស្ថិត​ក្នុង​លេខ​រៀង​ទី​៤​ក្នុង​សន្ទស្សន៍​ការ​ប្រកួតប្រជែង​របស់​សកលលោក​រវាង​ឆ្នាំ​២០១៦​ដល់​២០១៧៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ utrechtsummerschool & hollandtradeandinvest & theodora

X
5s