តើអំណាចនៃមនុស្ស ប្រភេទ Introvert មានអ្វីខ្លះ?
មនុស្សប្រភេទ Introvertនេះត្រូវបានគេស្គាល់ថាជាមនុស្សស្ងប់ស្ងាត់ មិនចូលចិត្តភាពអ៊ូអរ មិនចូលចិត្តភាពរញ៉េរញ៉ៃ ហើយតែងតែមានថាមពលខ្លាំងពេលនៅស្ងប់ស្ងាត់ម្នាក់ឯង។ ទោះបីពួកគេជាប្រភេទមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ក្ដី តែពួកគេគឺមានអំណាចអស្ចារ្យ ជាច្រើនដែលអ្នកមិនដឹង។ ក្នុងនោះមាន៖
១) ពួកគេរៀនសូត្របានច្រើនណាស់៖ ប្រភេទមនុស្ស Introvertនេះភាគច្រើនពួកគេអាចរៀនអ្វីមួយបានលឿនជាង អ្នកExtrovert ទៅទៀត។ ដោយការស្រាវជ្រាវមួយបានបង្ហាញថា និស្សិតដែលរៀនម្នាក់ឯងគឺរៀនពូកែជាងនិស្សិតដែលរៀនជាក្រុម។ ចំណែកឯ អ្នកលេងតន្ត្រី អ្នករបាំ និងកីឡាករមួយចំនួនតែងចំណាយពេលហ្វឹកហាត់ម្នាក់ឯង ហើយទទួលបានលទ្ធផលល្អខ្លាំង។
២) ពួកគេគឺជាអ្នកដឹកនាំដ៏ល្អ៖ មិនមែនមនុស្សស្ងប់ស្ងាត់ មិនអាចក្លាយជាអ្នកដឹកនាំដ៏ល្អបានទេ។ មូលហេតុដែលធ្វើឲ្យពួកគេក្លាយជាអ្នកដឹកនាដ៏ល្អ ដោយសារតែពួកគេមិនចូលចិត្តប្រើអំណាចកៀបសង្កត់អ្នកដទៃ ហើយពួកគេតែងចង់ទទួលគំនិតពីមិត្តរួមក្រុម ព្រមទាំងជាមនុស្សស្ដាប់ច្រើនជាងការនិយាយទៀត។ ម្ល៉ោះហើយទើបគេសមជាអ្នកដឹកនាំល្អ។
៣) ពួកគេតែងផ្ដោតអារម្មណ៍លើអ្វីមួយបានល្អណាស់៖ ភាគច្រើនពួកគេជាមនុស្សផ្ចង់ក្នុងការធ្វើអ្វីមួយណាស់។ អ្នកដទៃ កំពុងតែរវល់និយាយគ្នាលេង តែពួកគេកំពុងអង្គុយស្វែងរកចំណុចខ្សោយ និងកំហុសក្នុងការងាររបស់ខ្លួន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ care2