បដិវត្តន៍វិទ្យាសាស្ត្រ (Scientific Revolution) (សតវត្សទី១៤ដល់ទី១៧)​ របស់ប្រវត្តិសាស្ត្រអឺរ៉ុប​



នៅ​អំឡុង​ឆ្នាំ​១០០០​ដល់​ឆ្នាំ​១៥០០​នៃ​គ.ស គឺជា​ព្រឹត្តិការណ៍​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អឺរ៉ុប ដែល​វិហារ​សាសនា​កាតូលិក​បាន​ដើរ​តួនាទី​យ៉ាង​មាន​ឥទ្ធិពល​ប្រៀប​ដូចជា​ឪពុក​ម្ដាយ​ដែល​គ្រប់គ្រង​និង​ត្រួតត្រា​ទៅលើ​អ្វី​ដែល​ត្រូវ​ធ្វើ និង​អ្វី​ដែល​មិន​ត្រូវ​ធ្វើ​របស់​ជនានុជន​គ្រប់​រូប​នៅ​ក្នុង​សង្គម ដែល​គេ​តែង​សំដៅ​ទៅលើ "មជ្ឈិម​សម័យ" នេះ​ឯង។ នេះ​មានន័យ​ថា​បទបញ្ជា​ទាំងឡាយ​ដែល​មាន​បញ្ញត្តិ​នៅ​ក្នុង​គម្ពីរ មិន​ថា​អ្នក​ឯង​ជា​នរណា មាន​បុណ្យស័ក្ដិ​ខ្ពស់​ប៉ុណ្ណា កើត​នៅ​ក្នុង​ត្រកូល​អ្នក​ស្ដុកស្ដម្ភ​ប៉ុណ្ណា​ក៏​ដោយ ដាច់​ខាត​ត្រូវ​តែ​គោរព​និង​ប្រតិបត្តិ​ទៅ​តាម​បទដ្ឋាន​រួម​គ្នា​របស់​សង្គម​ដែល​លើក​តម្កើង​សាសនា​ជា​គោល​មួយ​នេះ។

អ្វី​ដែល​យក​មក​កំណត់​ជា​បទដ្ឋាន​រួម​គ្នា​របស់​សង្គម​អឺរ៉ុប​នេះ​គឺជា គម្ពីរ​សាសនា​គ្រិស្ត និង ប្រព័ន្ធ​មួយ​ដែល​ត្រូវ​បាន​សង្គម​អឺរ៉ុប​កំណត់​យក​ជា​ស្តង់ដារ​របស់​ទស្សនវិទូ​ក្រិក​បុរាណ អារីស្តូត ហៅថា Aristotelian System ដែល​បាន​បកស្រាយ​ពី​ធម្មជាតិ​នៃ​ពិភពលោក​ថា ផែនដី​ស្ថិត​នៅ​ចំណុច​កណ្ដាល​នៃ​លំហ ហើយ​បណ្ដា​ភព​ដទៃៗ​ទៀត រួម​ទាំង​ព្រះអាទិត្យ​ផង​នោះ​សុទ្ធតែ​ធ្វើ​ដំណើរ​វិល​ជុំវិញ​ផែនដី​ទាំងអស់។ គ្រាន់តែ​គោរព​និង​ប្រតិបត្តិ​តាម​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​គម្ពីរ​សាសនា និង​ប្រព័ន្ធ​របស់​អារីស្តូត មិន​សូវ​ចោទ​ជា​បញ្ហា​ប៉ុន្មាន​នោះ​ទេ តែ​អ្វី​ដែល​ជា​បញ្ហា​ពិត​ប្រាកដ​គឺជា​គ្រប់​ស្ថាប័ន​អប់រំ​ទាំងអស់​បង្គាប់​មនុស្ស​ឲ្យ​ទទួល​ជឿ​ទាំង​ងងឹតងងល់ ប្រៀប​ដូច​មនុស្ស​ខ្វាក់​ភ្នែក និង​ឥត​វិចារណញ្ញាណ​សម្រាប់​ជជីក​រក​អ្វី​ជា​ដើម​ហេតុ​ពិត​ប្រាកដ​នៃ​ផល​ទាំងឡាយ ហើយ​បើ​មាន​បុគ្គល​ណា​ម្នាក់​ដើរ​បញ្ច្រាស​ផ្ទុយ​ទិសដៅ​ពី​អ្វី​ដែល​សង្គម​បាន​កំណត់​ដៅ​មក​ហើយ ឬ​បដិសេធ​ប្រឆាំង​នឹង​ជំនឿ​របស់​សាសនា បុគ្គល​នោះ​នឹង​ត្រូវ​បាន​ទទួល​នូវ​ទណ្ឌកម្ម រហូត​ឈាន​ដល់​ការ​កាត់​ទោស​ប្រហារ​ជីវិត​ទៀត​ផង។ ការ​ងើប​ឡើង​វិញ​នៃ​ឥទ្ធិពល​អក្សរសាស្ត្រ សិល្បៈ និង​វប្បធម៌​របស់​ក្រិក​បុរាណ ដែល​ជា​ចលនា​ផ្លាស់ប្ដូរ​យ៉ាង​ធំធេង​របស់​ប្រវត្តិសាស្ត្រ​អឺរ៉ុប ចាប់ផ្ដើម​ពី​សតវត្ស​ទី​១៤​និង​បញ្ចប់​ទៅវិញ​ក្នុង​សតវត្ស​ទី​១៧ ដែល​ជា​ការ​ចាប់​កំណើត​ឡើង​នៃ​បដិវត្ត​វិទ្យាសាស្ត្រ ជា​ព្រឹត្តិការណ៍​ដែល​កើតឡើង​នៅ​រវាង​មជ្ឈិម​សម័យ​និង​សម័យ​ទំនើប ដែល​ត្រូវ​បាន​គេ​ស្គាល់​ដោយ​ឈ្មោះ​ថា Renaissance

រយៈពេល​នោះ​ហើយ ដែល​អ្នក​រិះគិត​សំខាន់ៗ និង​ទស្សនវិទូ​ចាប់ផ្ដើម​ចោទ​ជា​ចម្ងល់​ទៅលើ​ការ​បកស្រាយ​របស់​សង្គម​ដែល​មាន​ឫសគល់​ចេញ​ពី​គម្ពីរ​សាសនា​ទាំងស្រុង ទៅលើ​ការ​ពិត​របស់​ធម្មជាតិ​នៃ​ពិភពលោក។ គឺ​ត្រង់​ចំណុច​នេះ​នៃ​ប្រវត្តិសាស្ត្រ​របស់​អឺរ៉ុប​ហើយ ដែល​ប្រព័ន្ធ​របស់​អារីស្តូត​ត្រូវ​ដួល​រលំ អម​ដំណើរ​ជាមួយ​គ្នា​ដោយ​ការ​ចុះ​អន់ថយ​នូវ​ឥទ្ធិពល​របស់​វិហារ​សាសនា​កាតូលិក​ទៅលើ​សង្គម ហើយ​ជំនួស​មក​វិញ​ដោយ​ការ​ឲ្យ​តម្លៃ​ទៅលើ​សមត្ថភាព​របស់​មនុស្ស​ក្នុង​ការ​ប្រើប្រាស់​វិចារណញ្ញាណ ដើម្បី​ជជីក​រក​ឫសគល់​នៃ​ការ​ពិត​អំពី​ធម្មជាតិ ដែល​ធ្លាប់​តែ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​សាសនា​ដើម្បី​បកស្រាយ​ពី​ចម្ងល់​ទាំងនេះ។ ក៏​ស្ថិត​នៅ​ក្នុង​អំឡុង​ពេល​នេះ​ដែរ ដែល​មនុស្សលោក​យើង​បាន​ដឹង​អំពី​ការ​ពិត​ពី​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ Galileo galilei (១៥៦៤ដល់១៦៤២) ដែល​ថា​គឺ​ព្រះអាទិត្យ មិនមែន​ផែនដី​នោះ​ទេ ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​លំហ ហើយ​គឺ​ផែនដី​ទៅវិញ​ទេ​ដែល​វិល​ជុំវិញ​ព្រះអាទិត្យ​នោះ។

ការ​បដិវត្ត​វិទ្យាសាស្ត្រ​នេះ ប្រៀប​ដូចជា​បាន​បើក​ទ្វារ​ចំហ​សម្រាប់​របក​គំហើញ​ជោគជ័យ​និង​ការ​ច្នៃប្រឌិត​ក្រោយៗ​មក​ទៀត ដែល​ព្យាយាម​ស្វែងរក​ការ​ពិត​អំពី​ដំណើរការណ៍​នៃ​ធម្មជាតិ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ sparknotes

X
5s