ពិព័រណ៍កាហ្វេ និង កម្មសិទ្ធិអាជ្ញាប័ណ្ណកម្ពុជា២០១៧ បានចាប់ផ្តើមហើយ ខណៈទីផ្សារកាហ្វេនៅកម្ពុជាកំពុងកើនឡើង
ពិព័រណ៍កាហ្វេ និង ផ្ដល់សិទ្ធិកម្មសិទ្ធិ និង អាជ្ញាប័ណ្ណអាជីវកម្មកម្ពុជា២០១៧ បានចាប់ផ្ដើមជាផ្លូវហើយនៅថ្ងៃព្រហស្បតិ៍ទី៤ខែឧសភានេះ ដោយមានវត្តមានរបស់ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធិ និង អ្នកម្ចាស់ក្រុមហ៊ុនធំៗជាច្រើនទៀតផងដែរ។
ពិព័រណ៍នេះបាននឹងកំពុងធ្វើឡើង ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា កំពុងចាប់ផ្ដើមនិយមទទួលទានកាហ្វេកាន់តែច្រើនឡើងៗ ជាពិសេសនោះគឺ កាហ្វេល្បីៗនិង ថ្លៃៗ ដែលមានគុណភាពខ្ពស់ លើសពីនេះទៀតនោះគឺ អាជីវកម្មផ្នែកភេសជ្ជៈ និង កាហ្វេកំពុងរីកដុះដាលខ្លាំង។
កម្មវិធីពិព័រណ៍កាហ្វេ និង ការផ្ដល់សិទ្ធិ និង អាជ្ញាប័ណ្ណអាជីវកម្មកម្ពុជា២០១៧នេះ មានរយៈពេល៣ថ្ងៃ ពោលគឺ ចាប់ផ្ដើមពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា ដែលធ្វើឡើងក្នុងគោលបំណងបើកផ្លូវឲ្យម្ចាស់អាជីវកម្ម និង អ្នកដែលមានបំណងចង់បើកជំនួញទាក់ទងនឹងកាហ្វេ និង ភេសជ្ជៈ យល់ដឹងកាន់តែច្រើនអំពីប្រភេទយីហោ និង ផលិតផលកាហ្វេល្បីៗនៅក្នុងតំបន់អាស៊ី ក៏ដូចជានៅលើពិភពលោក ដើម្បីងាយស្រួលក្នុងការអភិវឌ្ឍ ក៏ដូចជាដំណើរការអាជីវកម្មរបស់ខ្លួនឲ្យទទួលបានជោគជ័យក្នុងទីផ្សារបច្ចុប្បន្ន។
ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធិបានមានប្រសាសន៍ថា ពិព័រណ៍នេះពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់អ្នកប្រកបអាជីវកម្មផ្នែកភេសជ្ជៈ និង កាហ្វេក្នុងប្រទេសកម្ពុជា ដើម្បីរៀនសូត្រ និង ស្វែងយល់ឲ្យបានច្រើន។
«ពិព័រណ៍នេះធ្វើដើម្បីឲ្យអ្នកនៅក្នុងស្រុកបានរៀនសូត្រពី[ប្រភេទអាជីវកម្ម និង ផលិតផលកាហ្វេ]ក្រៅប្រភេទ»។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បញ្ជាក់។
ក្នុងកម្មវិធីដ៏សំខាន់នេះ មានស្តង់ជាច្រើនត្រូវបានដាក់បង្ហាញនូវផលិតផលកាហ្វេ និង ប្រភេទយីហោល្បីៗ ក៏ដូចជា ម៉ាស៊ីនឆុងកាហ្វេជាច្រើនផងដែរ ដើម្បីឲ្យអ្នកចូលទស្សនាបានសិក្សា និង យល់ដឹងកាន់តែច្រើន ជាពិសេសម្ចាស់អាជីវកម្ម និង អ្នកដែលមានបំណងចង់រកស៊ីក្នុងវិស័យនេះ៕
ដោយ៖ រតនា វិចិត្រ