តើ​មាន​ជំនាញ​ទន់ ​(Soft Skils) អ្វី​ខ្លះ ​ដែល​ក្រុមហ៊ុន​លំដាប់​ៗ តែង​តែ​សម្លឹង​មើល​ពី​បេក្ខជន​?​



ពេល​ដែល​អ្នក​ចង់​ដាក់​ពាក្យ​ទៅ​ធ្វើ​ការ ភាគ​ច្រើន​បេក្ខជន​តែង​តែ​ផ្ដោត​ខ្លាំង​​ លើ​ ជំនាញ​រឹង​(Hard Skills) ​របស់​ពួក​គេ ទាំង​ដែល​ពួក​គេ​ភ្លេច​នឹង​ចាប់​អារម្មណ៍​ ពី​ជំនាញ​ទន់ ឬ​ក៏​ហៅ​ថា (Soft Skils)​នេះ​ឯង​។ សាក​ងាក​មក​មើល​​ថា តើ​ក្រុមហ៊ុន​​លំដាប់ៗ ភាគ​ច្រើន​​ពួក​គេ​ចាប់​អារម្មណ៍​លើ​បេក្ខជន​ ដែល​មាន​ ជំនាញ​ទន់​ (Soft Skils)​ អ្វី​ខ្លះ​ទៅ​?

១) គ្រប់គ្រង​ទំនាស់​ដោយ​វ័យ​ឆ្លាត​៖ ប្រសិន​បើ​ការងារ​អ្នក ​ជា​ប្រភេទ​​ការងារ​ដែល​ ត្រូវ​ជួប​ផ្ទាល់​នឹង​អតិថិជន ការ​រៀន​ដោះស្រាយ​ទំនាស់​ដោយ​វ័យ​ឆ្លាត​ គឺ​ជា​ជំនាញ​ចាំបាច់​​ណាស់​។ មិន​ត្រឹម​តែ​ ជួយ​សម្រួល​ភ្ញៀវ​បាន​ទេ ពេល​ដែល​​មិត្ត​រួមការ ងារ មាន​ការ​ឈ្លោះ​ទាស់​ទែង​គ្នា​ក្ដី អ្នក​​អាច​មាន​លទ្ធភាព​ជួយ​សម្រួល​ដល់​ពួក​គេ​ ដើម្បី​កុំ​ឲ្យ​បញ្ហា​កាន់​តែ​រីក​ធំ​ទៀត។

២) មាន​សមត្ថភាព​​ដោះស្រាយ​បញ្ហា​៖ មានជីវិត​គឺ​មាន​បញ្ហា តែ​សំខាន់​ត្រង់​ថា តើ​បុគ្គលិក​ណា​ដែល​អាច​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​នឹង​មុខ។ ក្រុមហ៊ុន​មួយ​ គឺ​មាន​បញ្ហា​រាប់​រយ​ត្រូវ​តែ​ដោះស្រាយ ហើយ​បើ​បុគ្គលិក​ម្នាក់ៗ អាច​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​​មាន​នៅ​ចំពោះ​មុខ​បាន ការងារ​ក៏​កាន់​តែ​មាន​ប្រយោជន៍ ហើយ​ដើរ​ទៅ​មុខ​បាន​យ៉ាង​រលូន​ថែម​ទៀត។

៣) គិត​បាន​ជ្រៅជ្រះ​ និង​វែង​ឆ្ងាយ​៖ មនុស្ស​គ្រប់​គ្នា តែង​តែ​គិត​មុន​នឹង​ធ្វើ​អ្វី​មួយ តែ​ការ​គិត​នោះ​គឺ​មិន​មែន​គិត​ឲ្យ​តែ​រួច​រាល់​ទេ។ អ្នក​ត្រូវ​​វែក​ញែក​ថា ហេតុអ្វី​ទៅ​រួច ហេតុអ្វី​ទៅ​មិន​រួច តើ​គួរ​ធ្វើ​យ៉ាង​ណា​ល្អ ? តើ​គួរ​អនុវត្ត​នៅ​ពេល​ណា​? តើ​មាន​ឧបសគ្គ​នៅ​ខាង​មុខ​ដែរ​ឬ​អត់? តើ​គួរ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​បាត់បង់​ឱកាស? តើ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​រកស៊ី​អ្នក​ល្អ​ជាង​អ្នក​ដទៃ ?

៤) អាច​សម្រប​នឹង​ការ​ផ្លាស់​ប្ដូរ​បាន​លឿន​៖ មនុស្ស​បែប​នេះ​​គឺ​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​អាច​​បត់បែន​បាន​លឿន​។ វា​ជា​ជំនាញ​ទន់​មួយ​ដែល​មិន​សូវ​ជា​រក​បាន​ទេ។ មនុស្ស​ដែល​​អាច​សម្រប​នឹង​ការ​ផ្លាស់​ប្ដូរ​បាន​លឿន គឺ​ជា​មនុស្ស​ឆ្លាត​ យល់​កាលៈទេសៈ ហើយ​ឆាប់​រៀន​ទទួល​អ្វី​ដែល​ថ្មី​បាន​លឿន​ថែម​ទៀត៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s