ភាពខុសគ្នាទាំង៥រវាងវប្បធម៌អឺរ៉ុប និងវប្បធម៌អាស៊ីដែលអ្នកត្រូវដឹង!!!
ដូចមនុស្សគ្រប់គ្នាបានដឹងហើយ ប្រជាជនអឺរ៉ុបនិងប្រជាជនអាស៊ីគឺពិតជាខុសគ្នាដាច់។ វាមានភាពខុសគ្នាតាំងពី រូបរាងខាងក្រៅ អាហារ ទំនៀមទម្លាប់ ព្រមទាំងអត្តចរិតក្នុងការធ្វើការងារជាដើម។ ខាងក្រោមនេះ នឹងបង្ហាញពីចំណុចទាំង៥យ៉ាង ដែលខុសគ្នារវាង អឺរ៉ុប និងអាស៊ី៖
១) មតិយោបល់ អឺរ៉ុប៖ ភាគច្រើន ប្រជាជនអឺរ៉ុប ពួកគេចូលចិត្ត បញ្ចេញយោបល់ផ្ទាល់ខ្លួន ត្រង់ៗ ដោយមិនសូវជាលាក់លៀមអីប៉ុន្មានទេ។ នេះដោយសារតែពួកគេចង់ឲ្យអ្នកដទៃ ដឹងច្បាស់ថា ពួកគេគិតពីអ្វី។ ដោយពេលខ្លះមើលទៅ វាហាក់ដូចជាមិនសូវជាគួរសមបន្តិចក៏ដោយ។ អាស៊ី៖ ប្រជាជនអាស៊ី ភាគច្រើនចូលចិត្តការពិភាក្សាគ្នាណាស់ ដោយពួកគេអាចនិយាយពិភាក្សាគ្នា ក្រោមប្រធានបទណាមួយ លើសពីមួយម៉ោងក៏បានដែរ។ ភាគច្រើនពួកគេមិនសូវជាបង្ហាញ អាការៈច្រឡោតទៅលើនរណាម្នាក់ ដោយមិនបានគិតនោះទេ។
២) របៀបរស់នៅ អឺរ៉ុប៖ ពួកគេប្រាថ្នាចង់រស់នៅតែម្នាក់ឯងច្រើនជាង។ ពួកគេតែងតែជំរុញទឹកចិត្តខ្លួនឯងឲ្យដើរទៅមុខ ច្រើនជាងជំរុញទឹកចិត្តអ្នកដទៃ ។ និយាយរួមគឺ ស្រឡាញ់ខ្លួននិងគោរពខ្លួន ជាងអ្នកដទៃ ។ អាស៊ី៖ ពួកគេចូលចិត្តរស់នៅជុំគ្នាជាមួយក្រុមគ្រួសារ ហើយត្រូវការ ការថែរក្សាគ្នាទៅវិញទៅមកជាចាំបាច់។ មិនថាសមាជិកមួយណា ជោគជ័យឬបរាជ័យនោះទេ ពួកគេតែងតែចែករំលែកបទពិសោធន៍ដល់គ្នា ដើម្បីរៀនសូត្រ។
៣) ការងារ អឺរ៉ុប៖ ពួកគេមានចំណាប់អារម្មណ៍លើការប្រាស្រ័យទាក់ទងគ្នា ដើម្បីបង្កើនទំនាក់ទំនងរកស៊ីឲ្យកាន់តែស្អិតល្មួត និងឆាប់ជោគជ័យ។ អាស៊ី៖ ភាគច្រើន ពួកគេធ្វើល្អ និងរាក់ទាក់តែចំពោះអ្នកណាដែលបានផ្ដល់ការងារឲ្យគេតែប៉ុណ្ណោះ។
៤) អាហារ អឺរ៉ុប៖ ជាទូទៅប្រជាជនអឺរ៉ុប ពួកគេទទួលទានអាហារពេលព្រឹក ដែលត្រជាក់ល្មម ហើយបន្តិចតែប៉ុណ្ណោះ។ ពិសាទឹកដោះគោជូរ លាយជាមួយផ្លែឈើ នៅពេលព្រឹក គឺជាអាហារពេញនិយម មួយដែលធ្វើឲ្យសុខភាពពួកគេកាន់តែល្អ។ អាស៊ី៖ ប្រជាជនអាស៊ីកម្រនឹងពិសាអាហារណាដែលត្រជាក់ណាស់។ អាហារពេលព្រឹកគឺជាអាហារដែលសំខាន់ មិនអាចខ្វះបានទេ ហេតុនេះ អាហារពេលព្រឹករបស់ពួកគេគឺរៀងច្រើនជាងអាហាររបស់ពួកអឺរ៉ុបពិសា។
៥) ភាពទៀងទាត់ អឺរ៉ុប៖ ពួកគេផ្ដោតខ្លាំងណាស់ទៅលើភាពទៀងទាត់ក្នុងការធ្វើអ្វីមួយ។ ពេលវេលាគឺសំខាន់ណាស់សម្រាប់ពួកគេ ហេតុនេះ មនុស្សម្នាក់ៗ ត្រូវតែគោរពពេលវេលារបស់ខ្លួនឯងក៏ដូចជាអ្នកដទៃផងដែរ។ អាស៊ី៖ ប្រទេសមួយចំនួន គឺមិនសូវជាឲ្យតម្លៃលើពេលវេលាប៉ុន្មានទេ ព្រោះអី ពួកគេបានបង្កើតទម្លាប់យឺតពេលនេះសឹងតែស៊ាំទៅហើយ។ តែក៏នៅមានប្រទេសខ្លះ មានវិន័យតឹងរ៉ឹង ក្នុងការគ្រប់គ្រងពេលវេលានេះផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lexiophiles.com