របាយការណ៍Everjobs៖ វិស័យធនាគារ មានតម្រូវការការងារធំបំផុតក្នុងប្រទេសកម្ពុជា ឆ្នាំ២០១៦
វិស័យធនាគារក្នុងប្រទេសកម្ពុជា មានតម្រូវការការងារធំបំផុត សម្រាប់យុវជនកម្ពុជា ក្នុងចំណោមវិស័យការងារផ្សេងៗទៀត ក្នុងឆ្នាំ២០១៦។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនEverjobs ដែលបានបង្ហាញក្នុងសន្និសីទសារព័ត៌មានស្ដីពី«គំនិតឆ្នៃប្រឌិតនៅក្នុងទីផ្សារការងារកម្ពុជាឆ្នាំ២០១៥-២០១៦» កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា នៅភោជនីយដ្ឋានComme a la Maison ។
ក្នុងចំណោមវិស័យការងារជាច្រើនក្នុងប្រទេសកម្ពុជានោះ គឺ វិស័យធនាគារមានតម្រូវការទីផ្សារការងារខ្ពស់ជាងគេ ពោលគឺស្មើនឹង១១ភាគរយនៃចំនួនសរុប (របាយការណ៍ដែលបានស្រង់ពីក្រុមហ៊ុន Everjobs ទទួលបានលើគេហទំព័ររបស់ខ្លួន) ដែលបើកឱកាសយ៉ាងធំទូលាយសម្រាប់ អ្នកដែលស្វែងរកការងារធ្វើ។ ដោយឡែកវិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ច ក៏ជាទីផ្សារធំការងារធំទី២សម្រាប់ យុវជនកម្ពុជាផងដែរ។ កំណើនការងារខ្ពស់ក្នុងវិស័យនេះ ក៏ដោយសារតែគិតត្រឹមខែកក្កដាឆ្នាំ២០១៦ កម្ពុជាមានធនាគារឯកទេសថ្មីចំនួន៤ និង មីក្រូហិរញ្ញវត្ថុចំនួន១២បន្ថែមទៀត ដែលនេះជាមូលហេតុចម្បងមួយ ដែលនាំឲ្យទីផ្សារការងារក្នុងវិស័យនេះ មានលក្ខណៈធំទូលាយ។ នេះបើយោងតាមរបាយការណ៍របស់ ធនាគារជាតិកម្ពុជា ដែលបានដកស្រង់ដោយEverjobs។ បើតាមអ្នកនាង Marie Balandreau ប្រធានផ្នែកអភិវឌ្ឍអាជីវកម្ម បានឲ្យដឹងថា វិស័យនេះនឹងនៅតែនាំមុខគេនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ព្រោះថា បច្ចុប្បន្ននេះកម្ពុជាមានសេវាកម្មទូទាត់សេវាតាមអនឡាញ និង កម្មវិធីទូរស័ព្ទស្មាតហ្វូន។ សូមបញ្ជាក់ថា ក្រុមហ៊ុនEverjobs ជាក្រុមហ៊ុនមួយដែលផ្ដោតទៅលើទីផ្សារការងារនៅលើគេហទំព័រ ដែលកំពុងដំណើរការនៅក្នុងប្រទេសចំនួន៤ មានដូចជាប្រទេស មីយ៉ាន់ម៉ា ស្រីលង្កា បង់ក្លាដេស និង កម្ពុជា៕
ដោយ៖ រតនា វិចិត្រ