សូចនាករសំខាន់ៗចំនួន៥ដែលអាចវាស់ស្ទង់លើសពីអ្វីដែលGDPអាចធ្វើបាន​



ផលិតផល​ក្នុង​ស្រុក​សរុប ឬ GDP (Gross Domestic Produce) សំដៅ​ទៅលើ​តម្លៃ​សរុប​នៃ​ផលិតផល​និង​សេវាកម្ម​ដែល​ប្រទេស​មួយ​ផលិត​បាន​ក្នុង​មួយ​ឆ្នាំ។ ការ​គណនា​របៀប​នេះ​តែង​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ឧបករណ៍​មួយ​សម្រាប់​វាស់​ស្ទង់​អំពី​សម្ទុះ​នៃ​ភាព​រីកចម្រើន​របស់​ប្រទេស​នីមួយៗ​នៅ​ទូទាំង​ពិភពលោក ដោយ​ផ្អែក​ទៅលើ​លទ្ធផល​គណនា​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​នេះ ពួកគេ​នឹង​ដឹង​ថា​តើ​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​នេះ​កំពុង​ដើរ​ទៅ​មុខ ឬ​ដើរ​ថយក្រោយ។ ជា​ច្រើន​ទសវត្ស​មក​ហើយ​ដែល​ឧបករណ៍​មួយ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​សកលលោក យ៉ាងណាមិញ​ការ​ផ្លាស់ប្ដូរ​ឥត​ឈប់ឈរ​ក្នុង​មួយ​ពព្រិច​ភ្នែក​ដែល​ជា​លទ្ធផល​ពី​សកលភាវូបនីយកម្ម បច្ចេកវិទ្យា​ច្នៃប្រឌិត​ទំនើប​ដែល​កំពុង​តែ​លើក​តម្កើង​ពី​សក្ដានុពល​ដ៏​ឥត​មាន​ដែន​កំណត់​របស់​មនុស្សជាតិ និង​សម័យកាល​ដែល​យើង​កំពុង​រស់នៅ​ដែល​ត្រូវ​បាន​គេ​ហៅថា "បដិវត្ត​ឧស្សាហកម្ម​ទី៤" បាន​ជំរុញ​អ្វី​ដែល​ប្រធាន​សេដ្ឋកិច្ចវិទូ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដែល​ហៅ​កាត់​ថាWEF គឺ Jennifer Blanke ចោទ​ជា​សំណួរ​ទៅលើ​តួនាទី​របស់​GDP​ដូច្នេះ​ថា៖ "តើ​ការ​រីកចម្រើន​នេះ​មាន​សមភាព​ទេ តើ​វា​បង្ហាញ​ពី​ភាព​ពណ៌​បៃតង​របស់​ប្រទេស​នេះ​ទេ ម្យ៉ាងទៀត​តើ​វា​បាន​លើក​កម្ពស់​ជីវិត​របស់​មនុស្ស​ក្នុង​ប្រទេស​នេះ​ទេ ?" ។ ប្រធាន​សេដ្ឋកិច្ចវិទូ​ដដែល​រូប​នេះ​ថែម​ទាំង​បាន​ពញ្ញាក់​ស្មារតី​នូវ​អ្វី​ដែល​មនុស្ស​ភាគច្រើន​ដែល​ធ្លាប់​តែ​ពឹងផ្អែក​ទៅលើ​GDP​តែ​ម្យ៉ាង​មើល​រំលង ក្នុង​ការ​យក​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​ឆ្លុះ​បញ្ចាំង​ពី​គុណភាព​ជីវិត​របស់​មនុស្ស​នៅ​ក្នុង​ប្រទេស​មួយ​នោះ​បែប​នេះ​ថា៖ "GDPគ្រាន់តែ​អាច​ផ្ដល់​នូវ​រង្វាស់​មួយ​អំពី​ផលិតផល​និង​សេវាកម្ម​សរុប​ដែល​សេដ្ឋកិច្ច​មួយ​ផលិត​បាន​ក្នុង​រយៈពេល​កំណត់​ជាក់លាក់​មួយ​ប៉ុណ្ណោះ ដោយ​ពុំ​មាន​គោលដៅ​ឆ្លើយ​ទៅ​នឹង​អ្វី​ទៅ​ដែល​ត្រូវ​បាន​ផលិត ហើយ​ត្រូវ​បាន​ផលិត​ដោយ​របៀប​ណា ហើយ​នរណា​ជា​អ្នក​ផលិត​វា​នោះ​ទេ"។ និយាយ​ឲ្យ​ចំ​ទៅ​ភាព​រីកចម្រើន​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ មិនមែន​មានន័យ​ថា​មនុស្ស​ក្នុង​ប្រទេស​មួយ​នោះ​រស់នៅ​យ៉ាង​មាន​សេចក្ដី​សុខ ប្រាក់ខែ​ការងារ​ដែល​ពួកគេ​ទទួល​បាន​អាច​បំពេញ​តម្រូវការ​ចាំបាច់​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​និង​គ្រួសារ​បាន​យ៉ាង​មាន​តុល្យភាព មាន​សុខភាព​ល្អ រស់នៅ​ក្នុង​បរិស្ថាន​ដែល​មាន​ការ​បំពុល​កម្រិត​ទាប ឬ​ក៏​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ​មាន​ទាប​នោះ​ទេ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​កាល​ពី​ឆ្នាំ​មុន នៅ​ក្នុង​ការ​ប្រជុំ​ដែល​តែង​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​មួយ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដែល​ធ្វើ​ឡើង​ចំនួន​៣​ថ្ងៃ​ចាប់​ពី​២០​ដល់​២៣ នៅ​ខែ​មករា សេដ្ឋកិច្ចវិទូ​ជាច្រើន​នាក់​បាន​ពិគ្រោះ​ពិភាក្សា​គ្នា​លើកឡើង​ពី​ការ​កែ​សម្រួល​ឡើង​វិញ​នូវ​វិធី​ដែល​ពួកគេ​តែង​យក​GDP​ប្រើប្រាស់​ដើម្បី​វាស់​ស្ទង់​ពី​ភាព​រីកចម្រើន​របស់​ប្រទេស​មួយ និង​បាន​មើល​ឃើញ​សូចនាករ​ចំនួន​៥​កត្តា​ដែល​ជា​ការ​វាស់​ស្ទង់​ដ៏​ល្អ​ប្រសើរ​ជាង​GDP។ សូចនាករ​ទាំង​៥​នោះ​មាន៖ ១) ការងារ​ល្អ ២) គុណភាព​ជីវិត​ល្អ ៣) បរិស្ថាន ៤) សមភាព ៥) សុខភាព។ សេដ្ឋកិច្ចវិទូ​ឈ្នះ​ពាន​រង្វាន់​ណូបែល​មួយ​រូប លោក Joseph Stiglitz ក៏​បាន​លើកឡើង​ក្នុង​ការ​ប្រជុំ​នេះ​ផង​ដែរ​ថា៖ "អ្វី​ដែល​យើង​វាស់​ស្ទង់ ប្រាប់​យើង​ពី​អ្វី​ដែល​យើង​ធ្វើ។ ហើយ​បើ​យើង​វាស់​ស្ទង់​អ្វី​ដែល​មិន​ត្រឹមត្រូវ​ហើយ នោះ​យើង​មុខ​ជា​ធ្វើ​ខុស​មិន​ខាន។"ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ weforum
X
5s