រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ បើចង់ឲ្យផលិតផលជាតិរស់ កុំឆ្ងាញ់តែរសជាតិបរទេស!​



«សូមបន្តជួយគាំទ្រផលិតផលខ្មែរថែមទៀត ព្រោះបើចង់ឲ្យផលិតផលជាតិរស់ សូមកុំឆ្ងាញ់តែរសជាតិផលិតផលបរទេស!!!» នេះគឺជាសារអំពាវនាវរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទៅកាន់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងឱកាសបើកព្រឹត្តិការពិព័រណ៍ផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០១៧ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា នៅឯបរិវេណវាលបែកចាន ក្រុងបាត់ដំបង ទីរួមខេត្តបាត់ដំបង ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​ពាណិជ្ជកម្ម។ 

ស្រប​ពេល​​នឹង​ការ​អំពាវនាវ​​ឱ្យ​ជួយ​គាំទ្រ​​ផលិតផល​ខ្មែរ​ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសំណូមពរដល់ផលិតករ និងសហគ្រិនក្នុងស្រុក ត្រូវខិតខំប្រឹងប្រែងពង្រឹងគុណភាពផលិតផលរបស់ខ្លួន ស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិ ដើម្បីទាក់ទាញទំនុកចិត្ត និងការគាំទ្រកាន់តែច្រើនពីប្រជាជនខ្មែរ ក៏ដូចជាភ្ញៀវទេសចរបរទេសដែលចូលមកកំសាន្តនៅក្នុងប្រទេសកម្ពុជា។ ក្រោមកិច្ចសហការពីអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានការគាំទ្រពីក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា និងក្រុមហ៊ុនទូរស័ព្ទចល័តស្មាតម៉ូប៊ីល ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០១៧ នឹងត្រូវរៀបចំក្នុងរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃម្សិលមិញ​រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧៕​

X
5s